អន្តរជាតិ
ឱកាស​ចូលឆ្នាំ​ចិន ប្រធានាធិបតី​តៃវ៉ាន់​ជូនពរ​ឲ្យ​ប្រជាជន​ចិន​ទាំងអស់​ស្គាល់​ប្រជាធិបតេយ្យ​
04, Feb 2019 , 2:30 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (រូបភាពពីវេបសាយការិយាល័យប្រធានាធិបតីសាធារណរដ្ឋចិន)
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (រូបភាពពីវេបសាយការិយាល័យប្រធានាធិបតីសាធារណរដ្ឋចិន)
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បាន​ផ្ញើ​សារ​អបអរ​ចូលឆ្នាំថ្មី​របស់​ជនជាតិ​ចិន​។ ប៉ុន្តែ​សារ​របស់​លោកស្រី Tsai បាន​បង្កប់​អត្ថន័យ​ឌឺដង​ឲ្យ​ក្រុង​ប៉េកាំង​ជុំវិញ​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវបាន​គោរព​ប្រតិ​ប​ត្ត​ខ្ជាប់ខ្ជួន​នៅលើ​ដែន​កោះ​តៃវ៉ាន់​។ ក្នុង​សារ​ដែល​បង្ហោះ​លើ​វេ​ប​សាយ​របស់ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai បាន​ជូនពរ​ឲ្យ​ប្រជាជន​ចិន​ទាំងអស់​អាច​រីករាយ​នឹង​ប្រជាធិបតេយ្យ​ដូចជា​ជនជាតិ​ចិន​នៅ​តៃវ៉ាន់​ដែរ​។​

 
«​នៅ​តៃវ៉ាន់ យើង​អាច​រក្សា​ប្រពៃណី​វប្បធម៌​របស់​យើង ស្របពេល​គ្នា​នេះ យើង​ក៏​រីករាយ​ការប្រើប្រាស់​សេរីភាព និង​ប្រជាធិបតេយ្យ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ក្នុង​វីដេអូ​បង្ហោះ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ មួយ​ថ្ងៃមុន​បុណ្យចូលឆ្នាំ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ​។ សារ​ឆ្នាំ​ថ្មី​របស់​លោកស្រី Tsai ហាក់​មាន​អត្ថន័យ​ផ្លែផ្កា​ដាក់​ចិនដីគោក​ដែល​កំពុងតែ​ស្ថិតក្រោម​ការដឹកនាំ​តាមបែប​កុម្មុយនីស្ត​។​
 
​ក្នុង​វីដេអូ​ដដែល​នោះ លោកស្រី Tsai ចាត់ទុក​ការអនុវត្ត​សិទ្ធិសេរីភាព និង​ការប្រតិបត្តិ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់ ជាការ​ប្រសិទ្ធិ​ពរ​មួយ និង​ជាត​ម្លៃ​ដែល​ជនជាតិ​តៃវ៉ាន់​ទាំងអស់​ប្រកាន់ខ្ជាប់​ជានិច្ច​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិនប្រជាមានិត ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ​ផ្លែផ្កា​ថា អ្នក​ដែល​រស់នៅក្នុង​សង្គម​ខ្វះ​ប្រជាធិបតេយ្យ នឹង​មិនអាច​យល់បាន​ពី​ការប្ដេជ្ញាចិត្ត​នេះឡើយ​។ ប៉ុន្តែ​លោកស្រី​សង្ឃឹមថា ជនជាតិ​ទាំងអស់​នឹង​ស្គាល់​ការ​ប្រសិទ្ធិ​ពរ​នេះ​។​
 
​ឆ្លៀតឱកាស​នោះ មេដឹកនាំ​ចិន​រូបនេះ​ក៏​ជូនពរ​បី​ប្រការ​ដល់​ជន​ជាតិចិន​ទាំងអស់ រីករាយ​នឹង​ប្រជាធិបតេយ្យ សេរីភាព និង​វិបុលភាព​បន្តទៀត​។ ការ​ជូនពរ​របស់លោក​ស្រី Tsai មិនទាន់មាន​ការឆ្លើយ​តប​វិញ​ពី​សំណាក់​ក្រុង​ប៉េកាំង​នៅឡើយ​ទេ​។ ដោយឡែក​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ មិនបាន​និយាយ​អ្វី​ច្រើន​ឡើយ​ពី​តៃវ៉ាន់ ក្រៅតែពី​ការជូន​ពរ​ឲ្យ​ជនជាតិ​ចិន​ទាំងអស់​ប៉ុណ្ណោះ​។ 
 
​ដូច​ដឹង​ស្រាប់ ចិន និង​តៃវ៉ាន់​ដែល​បែក​គ្នា​ជា​ពីរ​តាំងពី​ឆ្នាំ​១៩៤៩ មក​នោះ មាន​ចំណុច​ខុសគ្នា​ជាច្រើន​ជាពិសេស​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​តែម្ដង​។ ចិនដីគោក កំពុង​ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត ដែល​រឹតត្បិត​សិទ្ធិ​នយោបាយ និង​មិនមាន​ការបោះឆ្នោត​ជាទូទៅ​ឡើយ ដែល​វា​ខុសគ្នា​ទាំងស្រុង​នឹង​ការវិវត្ត​នៅ​កោះ​តៃវ៉ាន់ ដែលមាន​ការគោរព​សិទ្ធិមនុស្ស​ទូលាយ និង​មានការ​បោះឆ្នោត​យ៉ាង​ទៀងទាត់​ដើម្បី​ជ្រើសរើស​មេដឹកនាំ និង​តំណាងរាស្ត្រ​ផង​។ 
 
​តាំងពីដើម​មក ក្រុង​ប៉េកាំង​តែង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​មិនអាច​ផ្ដាច់​បានឡើយ ហើយ​ជំទាស់​ដាច់ខាត​ការប្រកាស​ឯករាជ្យ​រប​ស់កោះ​នេះ​។ កាលពី​ខែមករា​កន្លងមក លោក ស៊ី ក៏​ព្រមាន​រួចហើយ​ថា ប៉េកាំង​មិន​បោះបង់​ការប្រើប្រាស់​យោធា​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​ឡើយ តែ​ចិន​ចង់បាន​បង្រួបបង្រួម​តាមផ្លូវ​សន្តិភាព​ជាង​។ ប៉ុន្តែ​តៃវ៉ាន់​គ្មាន​បំណង​ចូលរួម​ដំណើរ​ជីវិត​ជាមួយ​ចិន​ឡើយ ព្រោះ​ភាគី​ទាំងពីរ​មាន​ចំណុច​ខុសគ្នា​ខ្លាំងពេក​៕ 
 

Tag:
 ចិន​
  តៃវ៉ាន់​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com