អន្តរជាតិ
ប្រធានាធិបតីអ៊ីរ៉ាក់ថា លោក ត្រាំ មិនបានសុំការអនុញ្ញាតដាក់ទ័ពដើម្បីតាមដានអ៊ីរ៉ង់ឡើយ ប្រធានាធិបតីអ៊ីរ៉ាក់ Barhem Salih (រូបភាព AFP)
× ប្រធានាធិបតអ៊ីរ៉ាក់ Barham Salih នៅថ្ងៃទី៤ ខែមករា បានរិះគន់ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់ពង្រាយយោធាអាមេរិកដើម្បីតាមដានអ៊ីរ៉ង់។ លោក Salih ប្រាប់ឲ្យអាមេរិករក្សាគោលបំណងដើមរបស់ខ្លួនដដែល គឺប្រើប្រាស់ទឹកដីអ៊ីរ៉ាក់ក្នុងយុទ្ធនាការប្រឆាំងភេរវកម្ម មិនមែនប្រឆាំងអ៊ីរ៉ង់ឡើយ។ មិនមែនតែអ៊ីរ៉ង់ឡើយ លោក ត្រាំ ក៏ចង់យកទ័ពអាមេរិកនៅអ៊ីរ៉ាក់ដើម្បីដោះស្រាយបញ្ហានៅស៊ីរីដែរ។
ដកទ័ពពីស៊ីរី និងសង្គ្រាមនៅអាហ្វហ្គានីស្ថាន តែបន្តតាំងទ័ពនៅអ៊ីរ៉ាក់ដើម្បីឃ្លាំងមើលអ៊ីរ៉ង់។ នេះជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ ការប្រកាសដាក់កងទ័ពនៅអ៊ីរ៉ាក់ក្នុងគោលដៅតាមដានអ៊ីរ៉ង់ ធ្វើឲ្យប្រធានាធិបតីអ៊ីរ៉ាក់ Barham Salih មានប្រតិកម្មយ៉ាងខ្លាំងនឹងជំហររបស់សមភាគីអាមេរិករបស់ខ្លួន។
តាមពិតទៅ លោក ត្រាំ សម្រេចចិត្តដកទ័ពពីជម្លោះនៅស៊ីរី និងវិបត្តិរ៉ាំរ៉ៃនៅអាហ្វហ្គានីស្ថាន ដើម្បីសន្សំលុយ។ ពេលនេះ អាមេរិកកំពុងចរចាស្វែងរកសន្តិភាពជាមួយក្រុមតាលីបង់ដើម្បីឈានទៅការបញ្ចប់សង្គ្រាម១៧ឆ្នាំ។ នៅស៊ីរីវិញ ដំណើរការដកទ័ពថ្មើរជើងចំនួន២ពាន់នាក់ ត្រូវបានពន្យារពេលបន្តិច ដោយប្រធានាធិបតីអាមេរិកលើកហេតុផលថា ការពារអ៊ីស្រាអែលសិន ខណៈពីដំបូងលោក ត្រាំ ចង់ដកទ័ពភ្លាមៗតែម្ដង។
ដោយសារការដកទ័ពពីស៊ីរីនេះ ទើបលោក ត្រាំ ចង់រក្សាយោធាអាមេរិកនៅទឹកដីអ៊ីរ៉ាក់ទៀត។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS ដែលផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ លោក ត្រាំ លើកឡើងថា អាមេរិកចំណាយលុយច្រើនធ្វើបន្ទាយនៅអ៊ីរ៉ាក់ ដូចនេះអាមេរិកអាចរក្សាទុកសិនដើម្បីតាមដានអ៊ីរ៉ង់ ដែលជាបញ្ហាពិតប្រាកដ។ យ៉ាងណាមិញ លោក Salih ប្រាប់ឲ្យអាមេរិកកុំដាក់បន្ទុកលើគេឯងដោយសារតែបញ្ហាផ្ទាល់ខ្លួន។
ថ្លែងក្នុងវេទិកាមួយនៅថ្ងៃទី៤ ខែកុម្ភៈក្នុងរដ្ឋធានីបាក់ដាដ លោក Salih បញ្ជាក់ថា អាមេរិកជាមហាអំណាច តែកុំមកអនុវត្តនយោបាយរបស់ខ្លួននៅទឹកដីអ៊ីរ៉ាក់។ យុទ្ធសាស្ត្ររបស់អាមេរិកបែបនេះ ធ្វើឲ្យអ៊ីរ៉ាក់ជួបបញ្ហាលំបាក ព្រោះទាំងអាមេរិក ទាំងអ៊ីរ៉ង់សុទ្ធតែជាសម្ព័ន្ធមិត្តធំៗរបស់ខ្លួនដូចគ្នា។ ត្រង់ចំណុចនេះ ប្រធានាធិបតីអ៊ីរ៉ាក់អះអាងថា វាជាគោលការណ៍ដើមរបស់អ៊ីរ៉ាក់ក្នុងការមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ និងប្រទេសជិតខាងផ្សេងទៀត។
គោលដៅឃ្លាំមើលអ៊ីរ៉ង់របស់លោក ត្រាំ កើតឡើងដោយសារតែលោកសង្ស័យថា អ៊ីរ៉ង់អាចលួចផលិតអាវុធនុយក្លេអ៊ែរ ឬធ្វើសកម្មភាពអ្វីផ្សេង។ ដូចនេះការតាំងទ័ពនៅអ៊ីរ៉ាក់ ជារឿងសំខាន់មួយ។ ប៉ុន្តែមេដឹកនាំអ៊ីរ៉ាក់ចង់ឲ្យអាមេរិកប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ គឺអាមេរិកមានបេសកកម្មកម្ទេចចោលកម្លាំងជ្រុលនិយម៕
Tag:
អ៊ីរ៉ាក់
អាមេរិក
ដូណាល់ ត្រាំ
Barham Salih
© រក្សាសិទ្ធិដោយ thmeythmey.com