អន្តរជាតិ
UN៖ កូរ៉េខាងជើងលាក់អាវុធនៅព្រលានយន្តហោះ ហើយទណ្ឌកម្មគ្មានប្រសិទ្ធភាពឡើយ មីស៊ីលបាលីស្ទិកកូរ៉េខាងជើង (រូបភាព AP)
× អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនៅតែមានសកម្មភាពដដែល។ របាយការណ៍នេះទម្លាយថា របបដឹកនាំក្រុងព្យុងយ៉ាងប្រើប្រាស់ព្រលានយន្តហោះដើម្បីស្តុកអាវុធរបស់ខ្លួន ហើយនៅតែអាចធ្វើសកម្មភាពពាណិជ្ជកម្មបំពានដំណោះស្រាយរបស់អង្គការសហប្រជាជាតិដដែល។ លើសពីនោះ កូរ៉េខាងជើងក៏បន្តលួចផ្គត់ផ្គង់អាវុធទៅបរទេសដូចគ្នា។
ប្រៀបដូចជាដុំថ្មធ្លាក់កណ្ដាលផ្លូវ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយដែលបង្ហាញពីការរំលោភបំពានដំណោះស្រាយអង្គការសហប្រជាជាតិពីសំណាក់កូរ៉េខាងជើង ខណៈដែលជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើងកាន់តែជិតដល់។ របាយការណ៍ដែលផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ដោយទីភ្នាក់ងារព័ត៌មាន AFP ហាក់ដូចជាបញ្ច្រាស់នឹងការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា ដំណើរការនៅឧបទ្វីបកូរ៉េទៅមុខល្អ។
ក្នុងរបាយការណ៍ដែលផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនៅតែដូចដើម ឯទណ្ឌកម្មវិញគ្មានប្រសិទ្ធភាព ហើយកូរ៉េខាងជើងនៅតែអាចដឹកជញ្ជូនប្រេងដោយខុសច្បាប់ លក់ធ្យូងដែលហាមឃាត់ និងបំពានបម្រាមលក់អាវុធទៅទៀត។ បន្ថែមពីលើនោះ កូរ៉េខាងជើងបានប្រើប្រាស់ទីតាំងស៊ីវិលរាប់ទាំងព្រលានយន្តហោះដើម្បីស្តុកមីស៊ីលបាលីស្ទិកសំដៅការពារពីការវាយប្រហារណាមួយ។
សូមបញ្ជាក់ថា កូរ៉េខាងជើងរងទណ្ឌកម្មចុងក្រោយនៅឆ្នាំ២០១៧ បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលជាបន្តបន្ទាប់ ហើយមានអាមេរិកជាអ្នកដឹកមុខក្នុងការអនុវត្តទណ្ឌកម្មនេះ។ ប៉ុន្តែកូរ៉េខាងជើងនៅតែអាចដឹកជញ្ជូនប្រេង ឥន្ធនៈ និងធ្យូងបានដដែល ទោះជាអង្គការសហប្រជាជាតិហាមឃាត់សកម្មភាពទាំងនេះដើម្បីផ្ដាច់ចំណូលរបស់របបដឹកនាំក្រុងព្យុងយ៉ាង។ នេះក៏ព្រោះកូរ៉េខាងជើងប្រើប្រាស់ធនធានទាំងនេះក្នុងកម្មវិធីនុយក្លេអ៊ែរជាជាងជួយប្រជាជន។
«សកម្មភាពល្មើសទាំងនេះ ធ្វើឲ្យដំណោះស្រាយដាក់ទណ្ឌកម្មចុងក្រោយគ្មានប្រសិទ្ធភាពតាមរយៈការបំពានបម្រាមនាំចូលប្រេង និងការនាំចេញធ្យូងថ្មដែលដាក់ឲ្យអនុវត្តក្នុងឆ្នាំ២០១៧។» នេះបើតាមរបាយការណ៍ដដែល ដែលបានបញ្ជាក់ទៀតថា កូរ៉េខាងជើងក៏ធ្វើសកម្មភាពល្មើសនឹងបម្រាមជួញដូរអាវុធ និងបានប៉ុនប៉ងនាំអាវុធទៅកាន់ស៊ីរី លីប៊ី ស៊ូដង់ និងយេម៉ែនផង។
ក្រៅពីនេះ អ្នកជំនាញរបស់អង្គការពិភពលោកនេះក៏រកឃើញចន្លោះប្រហោងក្នុងការអនុវត្តទណ្ឌកម្មផ្នែហិរញ្ញវត្ថុលើកូរ៉េខាងជើងផង។ ពោល គឺស្ថាប័នហិរញ្ញកូរ៉េខាងជើងនៅតែអាចធ្វើសកម្មភាពនៅប្រទេសចំនួន៥យ៉ាងតិច ដែលវាផ្ទុយពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ ស្ថានទូតកូរ៉េខាងជើងនៅបរទេស ក្លាយជាបណ្ដាញជួយឲ្យរបបក្រុងព្យុងយ៉ាងគេចផុតពីទណ្ឌកម្មតាមរយៈការគ្រប់គ្រងគណនីធនាគារនៅប្រទេសជាច្រើន។
របាយការណ៍ UN គឺស្របគ្នានឹងលទ្ធផលវាយតម្លៃរបស់ចារកម្មអាមេរិកដែលលើកឡើងថា កូរ៉េខាងជើងទំនងជាមិនបោះបង់កម្មវិធីផលិតអាវុធរបស់ខ្លួនទាំងស្រុងឡើយ តែអាចត្រឹមស្នើកាត់បន្ថយសកម្មភាពខ្លះដើម្បីទទួលបានការលើកលែងទណ្ឌកម្មប៉ុណ្ណោះ។ ជាការពិត កូរ៉េខាងជើងពិតជាបានធ្វើសកម្មភាពខ្លះមែនក្នុងដំណើរការរំសាយនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែទន្ទឹមគ្នានោះ ក៏ទាមទារឲ្យអាមេរិកផ្ដល់រង្វាន់លើកទឹកចិត្តវិញ៕
Tag:
UN
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com