ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ខាត​ចំណូល​៣២​លាន​ដុល្លារ តែ​វិស័យ​ឯកជន​ចំណេញ​៤៣​លាន​ដុល្លារ ពី​ការបំបាត់​កាំកុងត្រូល​ច្រក​អន្តរជាតិ​…
06, Feb 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ខាត​ចំណូល​ជាង​៣០​លាន​ដុល្លារ​អាមេរិក ពី​ការបញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ពី​មាត់ច្រក​អន្តរជាតិ ច្រកព្រំដែន​គោក អាកាសយានដ្ឋាន និង​កំពង់ផែ​។ ប៉ុន្តែ​វិស័យ​ឯកជន​នឹង​ទទួលផល​ចំណេញ​ជាង​៤០​លាន​ដុល្លារ ពី​ការលុបបំបាត់​កាំកុងត្រូល​ទៅវិញ​។​


 
​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា រដ្ឋាភិបាល បានសម្រេច​ដាក់ចេញ​វិធានការ​ជាក់ស្ដែង​មួយចំនួន ក្នុងទិសដៅ​អនុគ្រោះ និង​សម្រួល​ដល់​ការវិនិយោគ​របស់​វិស័យ​ឯកជន​។ ក្នុងនោះ​រួមមាន​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​ចាប់ពី​ឆ្នាំ​២០១៩ សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​, លុបចោល​ការចេញ​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ប្រភពដើម (Certificate Of Origin «CO») សម្រាប់​ប្រទេស​មិនមាន​តម្រូវការ​, ការបញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​នៅតាម​មាត់ច្រក​, ការលុបចោល​អង្គភាព​កាំសាប​។ ជាពិសេស​ការដោះស្រាយ​នូវ​កង្វល់​របស់​វិស័យ​ឯកជន​ទៅលើ «​ចំណាយ​ក្រៅផ្លូវការ​ក្រោម​ការគ្រប់គ្រង​របស់​គ​យ​» ព្រមទាំង​រៀបចំ​ប្រព័ន្ធ​អន​ឡាញ (Online) សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (VAT) របស់​អគ្គនាយកដ្ឋាន​ពន្ធ ក្នុង​គោលដៅ​គ្រប់គ្រង​ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម​ជាដើម​។​
 
​ងាក​មក​និយាយ​ពី​រឿង​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ពី​មាត់ច្រក​អន្តរជាតិ ច្រកព្រំដែន​គោក អាកាសយានដ្ឋាន និង​កំពង់ផែ​វិញ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា រដ្ឋាភិបាល​បាន​ខាតបង់​ចំណូល​ប្រមាណ​៣២​លាន​ដុល្លារ​អាមេរិក ខណៈ​វិស័យ​ឯកជន ជា​អ្នកទទួលបាន​ផលប្រយោជន៍​ពី​ការបញ្ចប់​តួនាទី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​តាម​ច្រកព្រំដែន ដែល​អាច​ចំណេញ​ជា​ទឹកប្រាក់​៤៣​លាន​ដុល្លារ​អាមេរិក​។​
 
​ចំណែក​លុបចោល​ការចេញ​វិញ្ញាបណ្ណបត្រ​បញ្ជាក់​ប្រភពដើម (Certificate Of Origin «CO») សម្រាប់​ប្រទេស​មិនមាន​តម្រូវការ​នេះ ក៏​ផ្ដល់​ផលប្រយោជន៍​ដល់​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង ដែល​នឹង​ទទួលបាន​ផលចំណេញ​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក​។ បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋាភិបាល ក៏បាន​ជួយ​សម្រួល​ដល់​ការនាំចេញ​-​ចូល របស់​ធុរជន​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នេះដែរ ដោយ​ក្នុងនោះ​ថ្លៃ​ស្កែ​ន​កុងតឺន័រ​ទាំង​នាំចេញ​-​ចូល ត្រូវ​បញ្ចុះ​ដូច​ការនាំចេញ​អង្ក​រដែរ គឺ​តម្លៃ​១០​ដុល្លារ​សម្រាប់​កុងតឺន័រ​២០​ហ្វិ​ត និង​តម្លៃ​១៦​ដុល្លារ សម្រាប់​កុងតឺន័រ​៤០​ហ្វិ​ត ហើយ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៩ ខាងមុខ​។​
 
​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការលុបបំបាត់​នូវ​ចំណាយ​នេះ វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង នឹង​ចំណេញ​ជា​ទឹកប្រាក់​ប្រមាណ​៨០​លាន​ដុល្លារ​អាមេរិក និង​ចំណេញ​ពី​ការ​កាត់​ន្ថ​យ​ថ្លៃ​ស្គែ​ន​កុងតឺន័រ​ប្រមាណ​៣,២ លាន​ដុល្លារ​អាមេរិក​»​។​
 
​ក្រៅពី​ដោះស្រាយ​បញ្ហា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​អះអាង​បន្ថែមថា រដ្ឋាភិបាល​កំពុង​ត្រៀម​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​ជាច្រើន​ផ្នែក​ទៀត ដែល​ផ្តោតលើ​ការពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ​នាំចេញ និង​នាំចូល​ពី​ក្រុមហ៊ុន​កប៉ាល់​ធំៗ (Terminal Handling Fee) , កាត់បន្ថយ​ថ្លៃ​សេវា នង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​របស់​កំពង់ផែ​ធំ​ទាំងពីរ គឺ​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​។ ជាពិសេស​រៀបចំ​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​(SMEs Bank) ព្រមទាំង​ពិភាក្សា​ឡើងវិញ​នូវ​ការលុបចោល​ថ្ងៃ​ឈប់សម្រាក ដែល​មិនចាំបាច់​ឲ្យ​បានជា​អតិបរមា និង​លុបចោល​ការលើក​ថ្ងៃ​ឈប់សម្រាក​នៅក្នុង​វិស័យ​ឯកជន​ជាដើម​៕

Tag:
 អូន ព័ន្ធមុនីរ័ត្ន​
  កាំកុងត្រូល​​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com