ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​ទេ​ថា “​ការ​មាន​សត្វ​ចិញ្ចឹម​” ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​នេះ​ចំពោះ​សុខភាព​
07, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​តាមពិតទៅ​ក្រោយពី​ការប្រើប្រាស់​ថ្នាំ​មាន​វិធី​ច្រើន​ទៀត​ណាស់ដែ​លអាច​ព្យាបាល​រក្សាសុខ​ភាពល្អប្រសើ​របា​ន​? របប​អាហារ​សុខភាព​ល្អ​, ការធ្វើ​លំ​ហាត់ប្រាណ និង​គ្មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺជា​មធ្យោបាយ​មួយចំនួន​ដែល​អ្នក​អាចធ្វើ​ទៅបាន​ដោយ​ងាយ​ដើម្បី​រក្សា​សុខភាព​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ​។ ទោះជា​យ៉ាងណា អ្នក​មិនគួរ​ផ្ដោត​សំខាន់​តែ​ទៅលើ​សុខភាព​ផ្លូវកាយ​ឡើយ ក៏​ព្រោះ​សុខភាព​ផ្លូវចិត្ត​ក៏​សំខាន់​ខ្លាំង​ដូចគ្នា​។ ហើយ​ពេលខ្លះ​សុខភាព​ផ្លូវចិត្ត​ពិបាក​នឹង​មើលថែ​ជាង​សុខភាព​ផ្លូវកាយ​របស់​អ្នក​ទៀតផង​! ប្រសិនបើ​អ្នកមាន​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អប្រសើរ នោះ​ទើប​មានន័យថា​អ្នកមាន​សុខ​ភាពល្អ​ពេញលេញ​។ ការ​មាន​សត្វ​ចិញ្ចឹម គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ជួយ​អ្នក​ឱ្យសម្រេចបាន​នូវ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អប្រសើរ​។ ហើយ​មិន​ថា​អ្នក​ចិញ្ចឹម​ឆ្កែ​, ឆ្មា​, ទន្សាយ ឬ​សូម្បីតែ​កណ្ដុរ​ក៏ដោយ ការធ្វើសកម្មភាព​សង្គម​ជាមួយ​សត្វ​ចិញ្ចឹម​អាច​ផ្ដល់ឱ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ស្មាន​មិន​ដល់​។


ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​សត្វ​ចិញ្ចឹម​ល្អ​សម្រាប់​អ្នក ៖
 
១. សត្វ​ចិញ្ចឹម​ជួយ​លើក​អារម្មណ៍​ល្អប្រសើរ​
 
​ការ​ឱប​ឆ្មា​, ការ​អង្អែល​ឆ្កែ ឬ​សូម្បីតែ​ការមើល​ត្រី​របស់​អ្នក​ហែល​ទៅវិញទៅមក​ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍ និង​ស្ត្រេ​សបាន​ផងដែរ​។ កម្រិត​នៃ​អ័រម៉ូន cortisol ឬ​អ័រម៉ូន​ស្ត្រេ​សត្រូវ​បាន​កាត់បន្ថយ ហើយ​កម្រិត​អ័រម៉ូន serotonin ឬ​អ័រម៉ូន​ធ្វើឱ្យ​អារម្មណ៍​រីករាយ​កើនឡើង​គួរឱ្យកត់សម្គាល់​នៅពេល​អ្នក​លំហែ​អារម្មណ៍ ឬ​លេង​ជាមួយ​សត្វ​ចិញ្ចឹម​។​
 
២. ការ​បណ្ដើរ​សត្វ​ចិញ្ចឹម​តម្រូវឱ្យមាន​សកម្មភាព​រាងកាយ​
 
​សត្វ​ឆ្កែ ក៏​ដូចនឹង​មនុស្ស​ដែរ គឺ​ត្រូវ​ការធ្វើសកម្មភាព​រាង​កាយ និង​មាន​កាយសម្បទា​រឹងមាំ​។ ដូច្នេះហើយ​ទើប​ម្ចាស់​សុនខ​មួយចំនួន រួមបញ្ចូល​ការ​បណ្ដើរ​សត្វ​ចិញ្ចឹម​របស់ខ្លួន​នេះ​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​។ មិន​ត្រឹមតែ​ឆ្កែ​ទេ​ដែល​បានធ្វើ​លំ​ហាត់ប្រាណ​ដោយ​ចេញ​ដើរ​នៅ​ខាងក្រៅ អ្នក​ដែលជា​ម្ចាស់​ក៏​ដូចគ្នា​។ ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ដើរ​ជាប្រចាំ​យ៉ាងហោចណាស់​ត្រឹម ១៥០ នាទី​ក្នុង​មួយ​សប្តាហ៍ គឺ​អាចជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ​។ ការ​បណ្ដើរ​សត្វ​ចិញ្ចឹម​ក៏​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់ និង​ស្រូបយក​នូវ​វីតាមីន D បាន​ច្រើន​ផងដែរ​។​
 
៣. សត្វ​ចិញ្ចឹម​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​
 
​ការ​មាន​សត្វ​ចិញ្ចឹម​ពិតជា​អាចជួយ​រក្សា​សម្ពាធ​ឈាម​បាន​គួរឱ្យភ្ញាក់ផ្អើល​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា នៅក្នុង​ក្រុម​មួយ​នៃ​គូ​ស្វាមីភរិយា​ចំនួន ២៤០ គូ អ្នក​ដែលមាន​សត្វ​ចិញ្ចឹម គឺមាន​សម្ពាធ​ឈាម និង​អាត្រា​នៃ​ចង្វាក់បេះដូង​ទាប​ជាង​អ្នក​ដែល​គ្មាន​សត្វ​ចិញ្ចឹម​។ នោះ​ក៏​ព្រោះតែ​សត្វ​ចិញ្ចឹម​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ទោះជា​យ៉ាងណា របប​អាហារ​សុខភាព​ល្អ និង​ការធ្វើ​លំ​ហាត​ប្រាណ​ទៀងទាត់​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម​ត្រឹមត្រូវ​។​
 
៤. ការរស់នៅ​ជាមួយ​សត្វ​ចិញ្ចឹម​អាច​កាត់បន្ថយ​អាកា​រៈអា​ឡែក​ស៊ី​
 
​ភស្តុតាង​វេជ្ជសាស្ត្រ​បាន​បង្ហាញថា ការ​នៅ​ជុំវិញ ឬ​ជិត​សត្វ​ចិញ្ចឹម​អាចជួយ​ទប់ស្កាត់​ក្មេងៗ​ពី​ការវិវត្ត​ទៅជា​អា​ឡែក​ស៊ី និង​ជំងឺហឺត​។ នោះ​ក៏​ព្រោះតែ​ការ​នៅ​ជិត ឬ​ប៉ះពាល់​សត្វ​ចិញ្ចឹម​អាចជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​ក្មេង​មាន​ភាពស៊ាំ ឬ​កាន់តែ​រឹងមាំ​ឡើង​។ ប្រសិនបើ​គ្មាន​ការប៉ះពាល់​ទេនោះ ក្មេង​នឹង​ធំ​ឡើង​ដោយ​មិនមាន​ការការពារ ឬ​ភាពស៊ាំ​នឹង​កត្តា​ផ្សេងៗ​នៃ​ប្រតិកម្ម​អា​ឡែក​ស៊ី ក៏ដូចជា​ជំងឺហឺត​ឡើយ​។​
 
៥. ការថែទាំ​សត្វ​ចិញ្ចឹម​បង្រៀន​ពី​ទំនួល​ខុសត្រូវ​
 
​ចំពោះ​កុមារ និង​មនុស្សពេញវ័យ ការទទួលខុសត្រូវ គឺ​ចាំបាច់​ត្រូវតែ​រៀន ហើយ​មិនមាន​វិធី​ល្អ ហើយ​ងាយ​អ្វី​ផ្សេង​ជាង​ការ​ចិញ្ចឹមសត្វ ឬ​មាន​សត្វ​ចិញ្ចឹម​ឡើយ​។ ក៏​ដូចនឹង​មនុស្ស​ដែរ សត្វ​ចិញ្ចឹម​ត្រូវការ​ការថែទាំ​យកចិត្តទុកដាក់​។ ពួកវា​ត្រូវការ​អាហារ​, ការ​ងូតទឹក​, ជម្រក និង​ការទំនាក់ទំនង​។ ការរៀន​ថែរក្សា​សត្វ​ចិញ្ចឹម​របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ និង​រីករាយ ក៏​អាចជួយ​បង្រៀន​អ្នក​អំពី​ការ​មាន​ទំនួល​ខុសត្រូវ​ផងដែរ គឺ​មិន​ត្រឹមតែ​យកចិត្តទុកដាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវបំពេញ​ភារកិច្ច​មួយចំនួន​ផ្សេងទៀត​។​
 
៦. សត្វ​ចិញ្ចឹម​ជួយ​ទប់ទល់​ជំងឺ​ធ្លាក់​ទឹកចិត្ត​
 
​ប្រសិនបើ​អ្នកមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​មិន​ចង់​ជួបប្រទះ​ជំងឺ​នេះ សត្វ​ច​ញ្ចឹ​ម​អាចជួយ​បាន​។ សត្វ​ចិញ្ចឹម​អាច​ផ្ដល់ឱ្យ​អ្នក​នូវ​ក្ដី​ស្រឡាញ់​ឥត​លក្ខខណ្ឌ ហើយ​វា​តែង​ស្ដាប់​អ្នក​គ្រប់ពេល​មិន​ថា​យូរ​ប៉ុណ្ណា​ឡើយ​។ ការចិញ្ចឹម​សត្វ​ក៏មាន​ប្រសិទ្ធិភាព​ព្យាបាល​ដែល​អាចជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​ភាព​ស្ងប់​ក្នុង​អារម្មណ៍​ផងដែរ​។ សត្វ​ចិញ្ចឹម​ក៏​អាច​ទប់ស្កាត់​អារម្មណ៍​អស់សង្ឃឹម និង​ភាពភ័យខ្លាច​ក្នុងការ​ឆ្លងកាត់​ថ្ងៃមួយ​ផ្សេងទៀត​។ តាមបែប​វិទ្យាសាស្ត្រ សត្វ​ចិញ្ចឹម អាច​លើក​កំពស់​ភាព​រីករាយ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយ​បង្កើន​អ័រម៉ូន neurotransmitters, dopamine និង​serotonin៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com