ជាតិ
វីដេអូ
អ្នកភូមិបង្កោងធ្វើពិធីចាប់ត្រីរួមគ្នាត្រៀមថ្ងៃឡើងមាឃ
× សៀមរាប៖ ដូចសព្វដង រាល់ថ្ងៃ១កើត ខែមាឃ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងរៀបចំពិធីចុះចាប់ត្រីរួមគ្នា ត្រៀមដើម្បីធ្វើនំបញ្ចុកចូលរួមពិធីឡើងមាឃ ឬឡើងអ្នកតា នៅថ្ងៃ៣កើត។ ពិធីបុណ្យចាប់ត្រីនៅឆ្នាំនេះចំថ្ងៃទី៥ កុម្ភៈ មានអ្នកភូមិចូលរួមច្រើន ដោយមានឧបករណ៍ចាប់ត្រីរៀងៗខ្លួន។
មេភូមិបង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានេះ គឺជាទំនៀមតជាប់ពីដូនតាមក ហើយលោកក៏មិនដឹងថា ចាប់ផ្តើមតាំងពីពេលណាមកដែរ។ តែអ្វីដែលសំខាន់នោះ គឺពិធីនេះនៅបន្តរស់ដល់សព្វថ្ងៃ ដែលវាបង្ហាញពីសាមគ្គីភាពរបស់អ្នកភូមិផង។
ទាក់ទងនឹងពិធីនេះដែរ លោកមេភូមិបង្កោងពន្យល់ថា៖«រាល់ថ្ងៃ១កើត ខែមាឃ គឺធ្វើពិធីចាប់ត្រីរួមនៅក្នុងបឹងអភិរក្សមួយឈ្មោះ «បឹង» ដល់ថ្ងៃ២កើត គេចាប់ផ្តើមរៀបចំស្លនំបញ្ចុកតាមផ្ទះរៀងៗខ្លួន ហើយថ្ងៃ៣កើត ខែមាឃ អ្នកភូមិយកនំទាំងនោះម្នាក់បន្ដិចៗទៅធ្វើពិធីធំ គឺឡើងមាឃ ឬឡើងអ្នកតា រួមគ្នានៅសាលាឆទាន បំណងសុំសេចក្ដីសុខសប្បាយនៅក្នុងភូមិ»។
យ៉ាងណា លោកមេភូមិនៃឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រូបនេះ បានបញ្ជាក់ថា ថ្ងៃខែអាចលឿន ឬឆាប់ អាស្រ័យតាមកម្ពស់ទឹកក្នុងបឹង តែពិធីនេះត្រូវធ្វើនៅក្នុងខែមាឃ ដែលជាទំនៀមទម្លាប់ពីដូនតាមក។
សម្រាប់ពិធីចាប់ត្រីនៅឆ្នាំនេះ ដែលចាប់ផ្តើមតាំងពីព្រឹកព្រលឹមថ្ងៃទី៥ កុម្ភៈ អ្នកភូមិហាក់សប្បាយរីករាយ ដ្បិតថាចាប់ត្រីបានច្រើនជាងឆ្នាំទៅ។ មានឧបករណ៍នេសាទបុរាណតែប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យចុះចាប់ត្រីក្នុងពិធីនេះ គឺមានសំណាញ់ ឈ្នាង និងអង្រុត៕
© រក្សាសិទ្ធិដោយ thmeythmey.com