កម្មវិធីប្រកួតប្រជែងទេពកោសល្យលំដាប់ពិភពលោក America’s Got Talent បានរៀបចំព្រឹត្តិការណ៍ The Champions ជាលើកដំបូង ដោយអនុញ្ញាតឲ្យម្ចាស់ពាន និងអ្នកជោគជ័យនានាក្នុងកម្មវិធី Got Talent ទូទាំងពិភពលោក ប្រកួតប្រជែងគ្នា។ បច្ចុប្បន្ន បេក្ខជន១២នាក់/ក្រុមកំពុងត្រៀមប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅថ្ងៃទី១១ ខែកុម្ភៈ ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈ។
សម្រាប់រដូវកាលដំបូងដែលរៀបចំដោយទូរទស្សន៍ NBC របស់អាមេរិក បេក្ខជនចំនួន៥០រូប/ក្រុម បានចូលរួមប្រកួតប្រជែង ដែលអ្នកទាំងនោះសុទ្ធតែម្ចាស់ពាន និងអ្នកដែលជោគជ័យក្នុងកម្មវិធី Got Talent ពីអង់គ្លេស អាមេរិក បែលហ្ស៊ិក ស្លូវ៉ាគី ដាណឺម៉ាក អូស្ត្រាលី បារាំង អេស្ប៉ាញ ហូឡង់ អ៊ីតាលី អាហ្វ្រិកខាងត្បូង អ៊ុយក្រែន អាល្លឺម៉ង់ និងរុស្ស៊ី។
ការប្រកួតបានប្រព្រឹត្តទៅរយៈពេល៥សប្តាហ៍ ដោយសប្តាហ៍នីមួយៗ មានបេក្ខជនមួយរូប ទទួលបានប៊ូតុងមាសពីគណៈកម្មការ និងពិធីករ និងមួយរូបទៀតបានមកពីការបោះឆ្នោត។ ក្រៅពីបេក្ខជន១០រូប/ក្រុម ដែលជាប់នៅសប្តាហ៍នីមួយ គណៈកម្មការផ្តល់សិទ្ធិដែលបេក្ខជន២រូប (Wild Card) សម្រាប់វគ្គផ្តាច់ព្រ័ត្រ។
សប្តាហ៍ទីមួយ៖
-តារាចម្រៀងអង់គ្លេស Susan Boyle លេខ២ Britain’s Got Talent ឆ្នាំ២០០៩ (ប៊ូតុងមាសពី Mel B)
-តារាកំប្លែងអាមេរិក Preacher Lawson បេក្ខជនវគ្គផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ២០១៧ (សំឡេងគាំទ្រច្រើនជាងគេ)
សប្តាហ៍ទីពីរ៖
-ក្រុម Deadly Games (ចោលកាំបិត), បេក្ខជនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ២០១៦ (ប៊ូតុងមាសពី Heidi Klum)
-តារាចម្រៀងអូប៉េរ៉ាអេស្ប៉ាញ Cristina Ramos ម្ចាស់ពាន Spain’s Got Talent ឆ្នាំ២០១៦ (សំឡេងគាំទ្រច្រើនជាងគេ)
-តារាសំដែងជាមួយតុក្កតាអាមេរិក Darci Lynne Farmer ម្ចាស់ពាន America’s Got Talent ឆ្នាំ២០១៧ (Wild Card ពីចៅក្រម)
សប្តាហ៍ទីបី៖
-តារាចម្រៀងវ័យក្មេងអាមេរិក Angelica Hale លេខ២ America’s Got Talent ឆ្នាំ២០១៧ (ប៊ូតុងមាសពី Howie Mandel)
-តារាចម្រៀងអូប៉េរ៉ា Paul Potts ម្ចាស់ពាន Britain’s Got Talent ឆ្នាំ២០០៧ (សំឡេងគាំទ្រច្រើនជាងគេ)
-អ្នកសំដែងសៀកអាមេរិក Jon Dorenbos លេខបី America’s Got Talent ឆ្នាំ២០១៦ (Wild Card ពីចៅក្រម)
សប្តាហ៍ទីបួន៖
-តារាចម្រៀងនីហ្សេរីយ៉ា-អាមេរិក Kechi Okwuchi បេក្ខជនវគ្គផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ២០១៧ (ប៊ូតុងមាសពី Simon Cowell)
-តារាចម្រៀងអាមេរិក Brian Justin Crum បេក្ខជនវគ្គផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ២០១៦ (សំឡេងគាំទ្រច្រើនជាងគេ)
សប្តាហ៍ទី៥៖
-អ្នកសិល្បៈផ្នែកគំនូរខ្សាច់អ៊ុយក្រែន Kseniya Simonova ម្ចាស់ពាន Ukraine’s Got Talent ឆ្នាំ២០០៩ (ប៊ូតុងមាសពី Terry Crews)
-អ្នកសំដែងសៀកកាណាដា-អាមេរិក Shin Lim ម្ចាស់ពាន America’s Got Talent ឆ្នាំ២០១៨ (សំឡេងគាំទ្រច្រើនជាងគេ)៕