កីឡាអន្តរជាតិ
អន្តរជាតិ
សាកសពកីឡាករបាល់ទាត់ Sala នឹងដឹកទៅស្រុកកំណើតនៅអាហ្សង់ទីន
× សាកសពរបស់កីឡាករបាល់ទាត់ Emiliano Sala ដែលស្រង់ចេញពីបាតសមុទ្រនឹងត្រូវយកទៅកាន់ប្រទេសអាហ្សង់ទីនវិញនៅចុងសប្តាហ៍នេះ។ នេះបើតាមការអះអាងរបស់លោក Julio Muller អភិបាលក្រុង Progreso ប្រាប់ទីភ្នាក់ងារព័ត៌មាន APF នៅថ្ងៃទី១២ ខែកុម្ភៈ។
ភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស (AAIB) របស់អង់គ្លេស បានរកឃើញសាកសពរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ២៨នេះនៅក្រោមបាតសមុទ្រ ក្នុងបំណែកយន្តហោះ ដែលបានដឹករូបគេ រួមជាមួយពីឡុតម្នាក់ទៀតឈ្មោះ David Ibbotson កាលពីសប្តាហ៍មុន។
យន្តហោះធុនតូចម៉ាក Piper Malibu ដែលដឹក Sala ពីក្រុង Nantes ឆ្ពោះទៅ Cardiff បានបាត់ការទាក់ទងកាលពីថ្ងៃទី២១ ខែមករា។ Sala ទើបតែបញ្ចប់ការផ្ទេរពី Nantes នៃក្របខណ្ឌ Ligue 1 ដោយក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេនៅ Cardiff City នៃក្របខណ្ឌ Premier League ក្នុងតម្លៃប្រមាណ១៩លានដុល្លារអាមេរិក។
លោកអភិបាលក្រុង Muller លើកឡើងថាសាកសព Sala នឹងមកដល់ក្រុង Progreso ជាទីកំណើតរបស់គេនៅពេលល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ហើយសាកសពនោះ នឹងត្រូវដឹកទៅកាន់កន្លែងហាត់ប្រាណក្បែរទីស្នាក់ការកណ្តាលក្លិបយុវជនរបស់គេ។ ម្តាយ និងបងប្អូនប្រុសស្រីរបស់ Sala នៅទីនោះរួចស្រេចដើម្បីរង់ចាំទទួលសាកសព៕
Tag:
បាល់ទាត់
Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com