ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​វៀតណាម ឯក​ភាពមិន​យកពន្ធ​លើ​ទំនិញ​នាំចេញ​-​ចូល​
14, Feb 2019 , 10:12 am        
រូបភាព
​កម្ពុជា និង​វៀតណាម បាន​ឯកភាព​មិន​យកពន្ធ​លើ​ការនាំ​ទំនិញ​ចេញ និង​ចូល រវាង​ប្រទេស​ទាំងពីរ​។ ភាគី​វៀតណាម​ក៏បាន​ចុះ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់ ៣,០០០​តោន​ពី​កម្ពុជា រយៈពេល​២​ឆ្នាំ​ដែរ​។

 
​ក្រៅពី​ការឯកភាព​គ្នា​នេះ ភាគី​ទាំងពីរ​គ្រោង​ចុះហត្ថលេខា ស្តីពី​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​នៅតាម​បន្ទាត់​ព្រំដែន នៅក្នុងពេល​ឆាប់ៗ​ខាងមុខ ។​
 
«​ភាគី​វៀតណាម បាន​ឯកភាព​ផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា ០% (​សូន្យ​ភាគរយ​) សម្រាប់​ទំនិញ​កម្ពុជា​ចំនួន ៣២​បន្ទាត់​ពន្ធគយ រួមជាមួយ​កូតា​នាំចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន និង​សន្លឹក​ថ្នាំជក់ ៣,០០០​តោន នៅក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ ។ ភាគី​កម្ពុជា​បានផ្តល់​ភាពអនុគ្រោះ​ពន្ធ​អត្រា ០% (​សូន្យ​ភាគរយ​) ដូចគ្នា ដល់​ទំនិញ​វៀតណាម​ចំនួន ២៦​បន្ទាត់​ពន្ធគយ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​ស្រង់​សម្តី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ដូ វឹក​ហឹ​ង (Do Quoc Hung) ប្រតិភូ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម កាលពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។ 
 
​កន្លងមក​រដ្ឋាភិបាល​វៀតណាម ក៏បានផ្តល់​ជំនួយឥតសំណង សម្រាប់​សាងសង់​ផ្សារ​ដា​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។ ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​វិនិយោគ​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន ២០៦​គម្រោង ក្នុង​ទំហំ​ម​ទឹកប្រាក់​ប្រមាណ ៣,២​ប៊ី​លាន​ដុល្លារ ដូច្នេះ​វៀតណាម​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ធំ​ទី​៥ របស់​កម្ពុជា​។ ខណៈ​ក្រុមហ៊ុន​របស់​កម្ពុជា បាន​វិនិយោគ​ត្រឹមតែ ១៨​គម្រោង នៅក្នុង​ប្រទេស​វៀតណាម ដែល​តម្លៃ​ជា​ទឹកប្រាក់ ៥៨,១​លាន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​គួររម្លឹកថា ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេចបាន​ទឹកប្រាក់ ៣,៨​ប៊ី​លាន​ដុល្លារ គឺ​បាន​កើនឡើង ២៩% ធៀប​នឹង​ឆ្នាំ​២០១៦៕

Tag:
 ប៉ាន សូរ​ស័ក្តិ​
  ពាណិជ្ជកម្ម​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com