អត្ថបទ៖ Matias Andres
នៅ ស្រីពៅ ដែលជាជើងឯកខ្សែក្រវាត់គុនខ្មែរពិភពលោក នឹងឡើងសង្វៀនប្រកួតក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS របស់ស្ថាប័នប្រដាល់អន្តរជាតិ ONE Championship នាទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈនេះ។
ស្រីពៅ ត្រូវតទល់ជាមួយកីឡាការិនី Rika “Tiny Doll" Ishige ក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម។
Rika ជាតារាប្រដាល់ដ៏ល្បីល្បាញម្នាក់ ប៉ុន្តែយ៉ាងណា ស្រីពៅ បានហ្វឹតហាត់គ្រប់គ្រាន់សម្រាប់ជំនួននេះ ហើយនាងសង្ឃឹមថានាងអាចផ្តល់ចំណីចក្ខុគួរឲ្យភ្ញាក់ផ្អើលមួយដល់ទស្សនិកជនចំពោះការបង្ហាញខ្លួនក្នុងទ្រុងដំបូងបង្អស់របស់នាងលើកនេះ។
ស្រីពៅ បានចាកចេញពីកម្ពុជា នារសៀលថ្ងៃទី១២ ខែកម្ភៈ ដើម្បីឆ្ពោះទៅក្រុងបាងកក។ ថ្វីបើទៅប្រកួតលើកនេះមិនចំទិវានៃក្តីស្រលាញ់១៤កុម្ភៈក្តី តែនាងមានបំណងផ្ញើរក្តីស្រលាញ់ដល់មនុស្សសំខាន់នៅឯទឹកដីកំណើតផងដែរ។
«ខ្ញុំអត់មានសង្សាអីហ្នឹងគេផង អ៊ីចឹងធ្វើធម្មតាៗ ដូចអត់មានអីគគ្រឹកគគ្រេងអស្ចារ្យទេ ប៉ុន្តែនិយាយរួម គឺគួរផ្តល់ក្តីស្រលាញ់ឲ្យម៉ាក់ប៉ាឲ្យច្រើនៗវិញល្អជាង»។
ប្រសិនបើនាងអាចនៅកម្ពុជាចំថ្ងៃនេះវិញ ស្រីពៅ ប្រាប់ថានាងនឹងយកថ្ងៃ១៤កុម្ភៈ ទៅចំណាយជាមួយមិត្តភក្តិជិតស្និទ្ធ ដែលជាតារាប្រដាល់របស់ ONE Championship មួយរូបគឺ វី ស្រីខួច។ «រាល់ឆ្នាំខ្ញុំធ្វើតែជាមួយស្រីខួច ហើយជាមួយបងស្រីខ្ញុំម្នាក់ទៀត យើងអត់មានធ្វើអ្វីច្រើនទេ គ្រាន់តែញាំអាហារជុំគ្នាដូចជាស៊ុប សាច់អាំងជាដើម។
តារាប្រដាល់ទើបរះថ្មីរូបនេះ ត្រូវប្រឈមមុខនឹងការប្រកួតដ៏តឹងតែងនៅថ្ងៃសៅរ៍នេះដែរ ដ្បិតប៉ះចំជើងខ្លាំង Rika ដែលជានិមិត្តរូបម្នាក់ប្រចាំប្រទេសថៃ។
ទោះនាងមិនអាចនៅស្រុកខ្មែរអំឡុងទិវានៃក្តីស្រលាញ់នេះមែន ប៉ុន្តែស្រីពៅ មានគម្រោងធំពេលត្រលប់ពីសង្វៀន ONE មកមាតុភូមិវិញ។ «អាឡូវអត់គិតអីទេ សុំតែមកវិញដោយជោគជ័យទៅគឺបានហើយ»។
បើស្រីពៅ ចូលក្នុងទ្រុងផ្តួលគូប្រកួតនាង Rika បានមែននោះ ទូទាំងពិភពលោកនឹងចាប់ផ្តើមស្គាល់ឈ្មោះនាងគ្រប់ទីកន្លែង ហើយជាការពិតណាស់ នាងក៏ដឹងច្បាស់ថាទិវានៃក្តីស្រលាញ់នេះនឹងផ្លាស់ប្តូរជីវិតនាងយ៉ាងណាទៅថ្ងៃមុខ៕