ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន​៖ ខ្មែរ​នៅ​អឺរ៉ុប​រង​ផលប៉ះពាល់​ដោយសារ​ការយកពន្ធ​អង្ករ​កម្ពុជា
14, Feb 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​បិទ​សន្និបាត​ការងារ​របស់​ក្រសួងមហាផ្ទៃ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា បញ្ហា​សហភាព​អឺរ៉ុប​កំណត់​ថ្លៃ​យកពន្ធ​អង្ករ​កម្ពុជា គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arms) លើ​កម្ពុជា​ឡើយ​។​


 
​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ សម្ដេច ហ៊ុន សែន បាន​ពន្យល់ថា បញ្ហា​ពន្ធ​អង្ករ​នេះ គឺ​វា​កើតចេញពី​ការប្រកួតប្រជែង​ទីផ្សារ​អង្ករ​របស់​កម្ពុជា ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ និង​អ៊ីតាលី​ប៉ុណ្ណោះ​។ ដោយសារតែ​បញ្ហា​នេះហើយ​ទើប​ធ្វើ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ទាំងពីរ ដែល​ប្រកួតប្រជែង​ទីផ្សារ​អង្ករ​ចាញ់​កម្ពុជា តែងតែ​រក​វិធី​ឲ្យ​សហភាព​អឺរ៉ុប​គិត​ពន្ធ​អង្ករ​ពី​កម្ពុជា​បែបនេះ​។​
 
​ទោះ​ជាមាន​បញ្ហា​នេះ​ក្តី ក៏​សម្ដេច ហ៊ុន សែន នៅតែ​ហ៊ាន​អះអាងថា ការយកពន្ធ​នេះ វា​មិន​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា និង​ជីវភាព​កសិករ​ក្នុងស្រុក​ឡើយ ពោលគឺ​អ្នក​ដែល​រង​ផលប៉ះពាល់​នោះ គឺជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អឺរ៉ុប និង​ពលរដ្ឋ​ដែល​គាំទ្រ​រសជាតិ​អង្ករ​របស់​កម្ពុជា​ប៉ុណ្ណោះ​។​
 
​ងាក​មក​និយាយ​ពី​ការនាំចេញ​វិញ នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា កម្ពុជា​នៅតែ​អាចមាន​លទ្ធភាព​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ក្នុង​កម្រិត​បរិមាណ​ធម្ម​តា​ដដែល ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​សំខាន់​គឺ​អាជ្ញាធរ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ដោះស្រាយ​ថ្លៃដើម ក្នុងការ​ចំណាយ​លើ​ការផលិត ដើម្បី​ជួយ​សម្រួល​ដល់​លទ្ធភាព​នាំ​អង្ករ​ចូល​ទីផ្សារ​អឺរ៉ុប​។​
 
​កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ជាង​៥៩,៦​ម៉ឺន​តោន តែប៉ុណ្ណោះ នៅ​ខែមករា ឆ្នាំ​២០១៩ នេះ​។ តួលេខ​នាំចេញ​នេះ បាន​ធា្ល​ក់​ចុះ​៥​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​គ្នា កាល​ឆ្នាំ​២០១៨ មាន​ជាង​៦២,២​ម៉ឺន​តោន​។  នេះ​បើតាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​របស់​ក្រុមការងារ​ផ្នែក​ស្រូវ​-​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​(SOWS-REF)​។​
 
​សូម​រម្លឹកថា សហភាព​អឺរ៉ុប​ចាប់ផ្តើម​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ តទៅ​។  ឆ្នាំ​ទីមួយ​តម្លៃ​ពន្ធ​ចំនួន​១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​អង្ករ​១​តោន​, តម្លៃ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​អង្ករ​១​តោន នៅ​ឆ្នាំ​ទី​ពីរ  និង​ចុះមក​ត្រឹម​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​អង្ករ​១​តោន នៅ​ឆ្នាំ​ទី​បី​៕

Tag:
 សម្តេច ហ៊ុន សែន​
  អង្ករ​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com