អន្តរជាតិ
លោក ត្រាំ ថា លោក ម៉ា​ឌុយ​រ៉ូ បង្កើត​កំហុស​អាក្រក់ ព្រោះ​ហ៊ាន​ទប់ស្កាត់​ជំនួយ​អាមេរិក​
15, Feb 2019 , 8:39 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​ព្រមាន​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​បិទ​ព្រំដែន​មិន​ទទួលយក​ជំនួយ​របស់​អាមេរិក​ស​ម្រា​ប់​ប្រជាជន​ដែល​កំពុង​អត់ឃ្លាន​។ ជាមួយនឹង​ការបង្ហាញ​អារម្មណ៍​សោកសៅ​នឹង​សា្ថ​ន​ភាព​កាន់តែ​យ៉ាប់យ៉ឺន​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក ត្រាំ ចាត់ទុក​ចំណាត់ការ​របស់លោក ម៉ា​ឌុយ​រ៉ូ ជា​កំហុស​ធំ​មួយ​។ ប្រធានាធិបតី​អា​មេ​រិ​ក៏​គំរាម​ជាថ្មី​ថា អាមេរិក​នៅតែ​អាច​ប្រើប្រាស់​ជម្រើស​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា​។​

 
​មកទល់ពេលនេះ ជំនួយ​របស់​អាមេរិក​នៅ​ទើរ​ត្រឹម​ទឹកដី​កូ​ឡុំ​ប៊ី បន្ទាប់ពី​រដ្ឋាភិបាល​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បិទផ្លូវ​មិន​ទទួល​ជំនួយ​នេះ​។ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ក្រុង​កា​រ៉ា​កាស់ រង​ការរិះគន់​ខ្លាំង​ព្រោះ​ជំនួយ​ទាំងនោះ មាន​គោលដៅ​សម្រាប់​សង្គ្រោះ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែលមាន​ជីវភាព​កាន់តែ​អាក្រក់​ដោយសារ​វិបត្តិ​ក្នុងស្រុក​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទាមទារ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ បើកផ្លូវ​ជាបន្ទាន់​។​
 
​នៅ​ដើមខែ​កុម្ភៈ លោក ម៉ា​ឌុយ​រ៉ូ បាន​បញ្ជា​ឲ្យ​បញ្ជា​ឲ្យ​ក្រុម​កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បិទ​មិន​ឲ្យ​មាន​ការនាំ​ជំនួយ​មនុស្សធម៌​ចូល​ទឹកដី​របស់ខ្លួន​ឡើយ​។ ប្រធានាធិបតី​រូបនេះ​ចាត់ទុកថា ជំនួយ​អាមេរិក ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ឈ្លានពាន​ទឹកដី​ខ្លួន​។ ទាហាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រើប្រាស់​រថយន្ត​ធំៗ  និង​កុង​ទី​ន័​រ​ជាច្រើន​ដើម្បី​បិទ​ស្ពាន Tienditas ដែល​ភ្ជាប់​ពី​ក្រុង Cucuta របស់​កូ​ឡុំ​ប៊ី មកកាន់​ក្រុង Urena វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
 
​លោក​ប្រធានាធិបតី ត្រាំ ចាត់ទុក​សកម្មភាពរ​ប​ស់លោក ម៉ា​ឌុយ​រ៉ូ ជាការ​បង្កើត​កំហុស​ដ៏​អាក្រក់ ព្រោះ​ហ៊ាន​បិទផ្លូវ​ដឹកជញ្ជូន​ជំនួយ​។ ប្រាប់​អ្នកសារព័ត៌មាន​អំឡុង​ជំនួប​ជាមួយ​សម​ភាគី​កូ​ឡុំ​ប៊ី Ivan Duque លោក ត្រាំ និយាយថា អាមេរិក​គ្រាន់តែ​ចង់​បញ្ជូន​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​អត់ឃ្លាន​។ 
 
​មេដឹកនាំ​អាមេរិក​រូបនេះ ក៏​បង្ហាញ​អារម្មណ៍​លំបាក​ចិត្ត​ចំពោះ​ស្ថានការណ៍​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​វិបត្តិ​សង្គម​ដើរទៅ​រក​ស្ថានភាព​កាន់តែ​អាក្រក់ ហើយ​អ្នកនយោបាយ​នៅតែ​មិនទាន់​អា​ចរក​ដំណោះស្រាយ​បាន​ដដែល​។ ទោះជា​យ៉ាងណាមិញ ជម្រើស​យោធា​នៅតែ​ស្ថិតក្នុង​ការពិចារណា​ដ​ដែល​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ បញ្ជាក់ថា ចាំ​មើលទៅ​! លោក​ឆ្លើយ​ដូចនេះ​ទៅនឹង​សំណួរ​ថា អាមេរិក​នឹង​ពង្រាយ​កងទ័ព​រាប់ពាន់​នាក់​ឬ​យ៉ាងណា​។​
 
​ទទួល ឬ​មិន​ទទួល​ជា​បញ្ហា​ធំ​សម្រាប់​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ។ វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​កំពុង​កើតឡើង​ហើយ​ប្រជាជន​ខ្វះ​ស្បៀង និង​ថ្នាំសង្កូវ​ដូច​បច្ចុប្បន្ន​ទៅទៀត ដែល​នេះ​ធ្វើ​ឲ្យ​ការទទួល​ជំនួយ​មនុស្សធម៌​ជា​រឿង​ចាំបាច់​។ ប៉ុន្តែ​វា​នឹង​ជួយ​ដល់​ប្រជាប្រិយភាព​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ដែល​កំពុង​រក​វិធី​ទម្លាក់​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ស្រាប់​។ បើសិន​ហ៊ាន​បិទ​មិន​ឲ្យ​ជំនួយ​មនុស្សធម៌​ចូល​វិញ ចលនា​ប្រជាជន​តវ៉ា​នឹង​កើនឡើង​កាន់តែខ្លាំង​ឡើងៗ​តាម​ដងផ្លូវ​ចៀស​មិន​រួច​៕
 

Tag:
 ​អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ដូ​ណា​ល់ ត្រាំ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com