អន្តរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ាទាត់ចោលការចោទប្រកាន់ថា កងទ័ពធ្វើទុក្ខម្នេញជនជាតិរ៉ូហ៊ីងយ៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា (រូបភាព AFP)
× ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី១៥ ខែកុម្ភៈ បានទាត់ចោលការចោទប្រកាន់របស់អន្តរជាតិដែលថា កងទ័ពធ្វើទុក្ខបុកម្នេញជនមូស្លីមភាគតិចរ៉ូហ៊ីងយ៉ា។ មេទ័ពមីយ៉ាន់ម៉ាដ៏មានឥទ្ធិពលចាត់ទុកការចោទប្រកាន់នេះ ជាការមើលងាយមុខមាត់ប្រទេសរបស់លោក ហើយក៏បានដាក់ការសង្ស័យលើរបាយការណ៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលផ្សាយដោយអង្គការសហប្រជាជាតិ ក៏ដូចជាគោលដៅពិតប្រាកដនៃបញ្ហារ៉ាំរ៉ៃមួយនេះ។
ក្នុងកិច្ចសម្ភាសដ៏លម្អិតជាមួយកាសែតជប៉ុន Asahi Shimbun អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា មីន អ៊ុងឡាំង នៅតែមិនទទួលយកការចោទប្រកាន់ទាំងឡាយលើកងទ័ពមីយ៉ាន់ម៉ាជុំវិញប្រតិបត្តិការហិង្សានៅឯរដ្ឋ Rakhine ដែលអនុវត្តតាំងពីឆ្នាំ២០១៧ មក។ ឧត្តមសេនីយ៍មីយ៉ាន់ម៉ារូបនេះក៏មិនជឿថា ជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង៧សែននាក់រត់ភៀសខ្លួនទៅបង់ក្លាដែសដូចមានក្នុងរបាយកាណ៍របស់អង្គការសហប្រជាជាតិដែរ។
យោធាមីយ៉ាន់ម៉ា ដែលមិនស្ថិតក្រោមបង្គាប់រដ្ឋាភិបាលស៊ីវិលនោះ បានបើកយុទ្ធនាការបោសសម្អាតជនជ្រុលនិយមនៅរដ្ឋ Rakhine បន្ទាប់ពីការវាយប្រហារលើប៉ុស្តិ៍យោធានៅក្បែរព្រំដែនបង់ក្លាដែស។ សោកនាដកម្មបានកើតឡើងនៅក្នុងរដ្ឋភាគខាងជើងមួយនេះ។ កាលពីឆ្នាំ២០១៨ ក្រុមស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិរកឃើញថា កងទ័ពមីយ៉ាន់ម៉ាប្រព្រឹត្តទង្វើមិនគប្បីជាច្រើនលើជនជាតិរ៉ូហ៊ីងយ៉ា ហើយក៏ស្នើឲ្យមានការកាត់ទោសមេទ័ពកំពូលជាច្រើនរាប់ទាំងលោក មីន អ៊ុងឡាំង ផង។
យ៉ាងណាមិញ ប្រមុខកងទ័ពមីយ៉ាន់ម៉ាប្រាប់កាសែតជប៉ុនក្នុងកិច្ចសម្ភាសផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈថា ការរិះគន់ដោយគ្មានភស្តុតាងជាក់លាក់ ធ្វើឲ្យប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់មីយ៉ាន់ម៉ា។ ទន្ទឹមនឹងការទាត់ចោលការចោទប្រកាន់ទាំងឡាយ លោក មីន អ៊ុងឡាំង ក៏បានលើកជាសំណួរពាក់ព័ន្ធនឹងបំណងពិតប្រាកដនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងទៅទៀត ដោយលោកបានអះអាងថា ជនភៀសខ្លួនទាំងនោះនិយាយតាមការប្រាប់របស់អ្នកផ្សេង។
«វាជារឿងទៅរួចដែលមូលហេតុនៅពីក្រោយការរត់ទៅបង់ក្លាដែស គឺដូចជាការទៅរស់នៅជាមួយសាច់ញាតិ ឬការភៀសខ្លួនទៅប្រទេសទីបីដូច្នោះដែរ។ ពួកគេទាំងអស់និយាយដូចគ្នា ហើយខ្ញុំជឿថា មានអ្នកប្រាប់ឲ្យពួកគេនិយាយបែបនោះ។» នេះជាលើកឡើងរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលរងការរិះគន់ខ្លាំងចំពោះទង្វើរបស់យោធាមីយ៉ាន់ម៉ា។
កាលពីខែកញ្ញាកន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានបោះឆ្នោតបង្កើតយន្តការឯករាជ្យសម្រាប់មីយ៉ាន់ម៉ា សំដៅប្រមូល និងការពារភស្តុតាងដើម្បីទុកប្រើប្រាស់ក្នុងសវនាការណាមួយនៅថ្ងៃអនាគត។ ត្រង់ចំណុចនេះ មេទ័ពកំពូលមីយ៉ាន់ម៉ាប្រកាសហើយថា តុលាការព្រហ្មទណ្ឌអន្តរជាតិគ្មានយុត្តាធិការលើមីយ៉ាន់ម៉ា ហើយប្រទេសលោកក៏មិនទទួលយកការណែនាំណាដែលប៉ះពាល់អធិបតេយ្យខ្លួនដែរ៕
Tag:
មីយ៉ាន់ម៉ា
មីន អ៊ុងឡាំង
រ៉ូហ៊ីងយ៉ាង
© រក្សាសិទ្ធិដោយ thmeythmey.com