អន្តរជាតិ
បណ្តឹង​ព្រោងព្រាត​នៅ​តុលាការ​ប្រឆាំង​ប្រធានាធិបតី ត្រាំ ក្រោយ​ប្រកាស​ភាពអាសន្ន​ជាតិ​ដើម្បី​សង់​ជញ្ជាំង​ព្រំដែន​
16, Feb 2019 , 12:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ភាពអាសន្ន​ជាតិ​តាម​ការគ្រោងទុក​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែកុម្ភៈ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការសង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។ ប៉ុន្តែ​សកម្មភាព​របស់លោក​ត្រូវបាន​គេ​ចាត់ទុកជា​រឿង​រំលោភ​អំណាច​ប៉ះពាល់​ដល់​តុល្យភាព​នៃ​អំណាចនីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ និង​ត្រូវ​ប្រឈម​នឹង​ការ​តតាំង​ផ្លូវច្បាប់​នៅ​តុលាការ​ពី​ភាគី​ជាច្រើន​ផងដែរ​។
​អ្នកជំនាញ​ច្បាប់​ជាច្រើន​នាក់​ចាប់ផ្តើម​ជជែក​ដេញ​ដោយ​គ្នា និង​ឯកភាពគ្នា​ថា វា​ជា​រឿង​មិន​សាម​ញ្ញា​ឡើយ​ដែល​ប្រធានាធិបតី​ប្រើប្រាស់​អំណាច​ប្រកាស​ភាពអាសន្ន​ដើម្បី​ជម្នះ​លើស​ភា​ដែល​មិន​ព្រម​អនុម័ត​កញ្ចប់​ហិរញ្ញវត្ថុ​តាម​ការទាមទារ​របស់​ខ្លួន​។ វា​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​តុល្យភាព​អំណាច​ក្នុង​ប្រព័ន្ធ​ដឹកនាំ​អាមេរិក​ដែរ​។​
 
​លោក ត្រាំ ប្រើប្រាស់​មាត្រា​ចែង​ក្នុង​ច្បាប់​ស្តីពី​ភាពអាសន្ន​ជាតិ​ឆ្នាំ ១៩៧៦ ដើម្បី​ឆ្លើយតប​នឹង​សភា​ដែល​មិន​ផ្តល់​ថវិកា ៥,៧ ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ការពារ​សន្តិសុខ​ប្រឆាំងនឹង​ចលនា​ជនអន្តោប្រវេសន៍​ខុសច្បាប់​។ សេត​វិមាន​បាន​អះអាងថា ក្រោម​ច្បាប់​នេះ ខ្លួន​មានអំណាច​ពេញលេញ​ក្នុងការ​ទាញយក​ថវិកា ៦,៦​ពាន់​លាន​ដុល្លារ​ពី​ប្រភព​ហិរញ្ញវត្ថុ​ដទៃទៀត​ដែលមាន​ជាពិសេស​ពី​ថវិកា​ផ្គត់ផ្គង់​ក្រសួងការពារជាតិ​។​
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​ទាំងនេះ​ក៏បាន​ចោទ​ជា​សំណួរ​ផងដែរ​ថា តើ​ការចាត់ទុក​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជា​រឿង​អាសន្ន​ជាតិ និង​ទាញយក​កញ្ចប់​ហិរញ្ញវត្ថុ​ពី​ក្រសួងការពារជាតិ​មកប្រើប្រាស់​នោះ​ត្រឹមត្រូវ​តាមច្បាប់​ឬក៏​អត់​ឡើយ​។ ច្បាប់​នេះ​ត្រូវបាន​ប្រើប្រាស់​កន្លងមក​ដូចជា​ក្នុងស្ថានភាព​អាសន្ន​ធ្ងន់ធ្ងរ​មានការ​វាយប្រហារ​ថ្ងៃ ១១ ខែកញ្ញា និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ផ្តាសាយ​ជ្រូក​ឆ្នាំ ២០០៩​ដែរ​។ ដូច្នេះ លោក ត្រាំ នឹងត្រូវ​ប្រឈម​កា​រត​តាំង​និង​ចោទប្រកាន់​ច្រើន​បន្ទាប់ពី​ប្រកាស​ភាពអាសន្ន​ជាតិ​នេះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​អាមេរិក (American University) លោក Jennifer Daskal បាន​លើកឡើងថា ច្បាប់​ស្តីពី​ភាពអាសន្ន​ជាតិ​មិនដែល​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងស្ថានភាព​ដូច​លោក ត្រាំ កំពុង​ធ្វើ​នេះឡើយ ដោយសារ​គេ​បារម្ភ​ពី​ផលប៉ះពាល់​ដែល​អាច​កើតឡើង​នៅពេល​ខាងមុខ​នោះ​។​
 
 គ្រាន់តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ភាពអាសន្ន​ជាតិ រដ្ឋបាល​របស់លោករ​ង​ការស៊ើបអង្កេត​ពី​គណៈកម្មាធិការ​យុត្តិធម៌​សភា រួមទាំង​រង​បណ្ដឹង​ជាច្រើន​ពីរ​ដ្ឋ​ញូវយ៉ក​, កាលីហ្វ័រ​នីញ៉ា និង​សហភាព​សិទ្ធិសេរីភាព​ស៊ីវិល​អាមេរិក​ផង​។  
 
​ជុំវិញ​ការប្រកាស​ភាពអាសន្ន​នេះដែរ អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Gavin Newsome បាន​ទិតៀន​លោក ត្រាំ ដូច្នេះ​៖«​ប្រធានាធិបតី ត្រាំ កំពុង​បង្កើត​វិបត្តិ និង​កំពុង​ប្រកាស​ភាពអាសន្ន​ជាតិ​ដែល​លោក​បង្កើតឡើង​ដើម្បី​ក្តោប​ក្តាប់​អំណាច និង​បំផ្លិចបំផ្លាញ​រដ្ឋធម្មនុញ្ញ​។ កាលីហ្វ័រ​នីញ៉ា​នឹង​ជួប​អ្នក​នៅឯ​តុលាការ​»។​
 
​យ៉ាងណា​ក៏ដោយចុះ លោក ត្រាំ បានបង្ហាញ​សុទិដ្ឋិនិយម​ថា បណ្តឹង​ប្រឆាំង​ចំណាត់ការ​របស់លោក​នឹងមិន​ជោគជ័យ​ទេ​នៅ​តុលាការ​កំពូល ហើយ​លោក​នឹង​នៅតែមាន​អំ​ណាប​ន្ត​អនុវត្ត​គោលនយោបាយ​ក្រោម​ច្បាប់​ស្តីពី​ភាពអាសន្ន​ជាតិ​ដដែល​។​
 
​ក្រៅពី​តំណាង​រដ្ឋ សមាជិក​បក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់ថា លោក ត្រាំ កំពុងដណ្តើម​អំណាច   ផ្តាច់មុខ​របស់​សភា​ដោយ​បំពាន​រដ្ឋធម្មនុញ្ញ​។ អ្នក​រិះគន់​ខ្លះ​បាន​វាយតម្លៃ​ផងដែរ​ចំពោះ​អនាគត​ខាងមុខ​នៅពេលដែល​អាមេរិក​មាន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​វិញ​ម្តង​។ ប្រធានាធិបតី​ថ្មី​ក៏​ប្រហែលជា​នឹង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ដូចគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ដូចជា​ការគ្រប់គ្រង​អាវុធ និង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផងដែរ​៕
 
 

Tag:
 ភាពអាសន្ន​ជាតិ​
  អាមេរិក​
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com