បុគ្គលិកមានការលំបាករបស់បុគ្គលិក អ្នកដឹកនាំមានការលំបាករបស់អ្នកដឹកនាំ ហើយម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនមានការលំបាករបស់គាត់ដែរ។
- ការលំបាករបស់បុគ្គលិក
ពេលអ្នកគ្រាន់តែជាបុគ្គលិកសាមញ្ញម្នាក់ អ្នកអាចមានអារម្មណ៍ថាពិបាកណាស់ ពីព្រោះថ្នាក់លើ ប្រើអ្នកគ្រប់ពេលវេលា។ ម្យ៉ាងទៀត យោបល់របស់អ្នកក្នុងក្រុមហ៊ុន មិនសូវជាត្រូវបានគេយកចិត្តទុកដាក់ស្តាប់ ឬឱ្យតម្លៃនោះទេ។ និយាយជារួមធ្វើជាបុគ្គលិកគេ អ្នកប្រឈមនឹងគំនៀបផ្លូវអារម្មណ៍។
- ការលំបាករបស់អ្នកដឹកនាំ
ពេលអ្នក ក្លាយជាអ្នកដឹកនាំអាជីវកម្មក្រុមហ៊ុនវិញម្តង (មិនមែនជាថៅកែទេ) អ្នកត្រូវប្រឈមបញ្ហាមួយចំនួនដែរ៖
ទី១- ត្រូវជួយបង្កើតប្រាក់ចំណូលក្នុងអាជីវកម្មក្រុមហ៊ុនជាមួយម្ចាស់ក្រុមហ៊ុន
ទី២- ត្រូវជួយដោះស្រាយបញ្ហាមួយចំនួនជាមួយថៅកែ
ទី៣- ត្រូវជួយដោះស្រាយបញ្ហាដែលបុគ្គលិកជួបប្រទះក្នុងការបំពេញការងារ និង
ទី៤- ត្រូវសម្របសម្រួលចំពោះភាពខុសគ្នារវាងបុគ្គលិក និងថៅកែ
ក្នុងនាមជាអ្នកដឹកនាំ អ្នកអាចលំបាកក្នុងការប្រកាន់ជំហរមួយដាច់ណាត់ណាស់ ពីព្រោះអ្នកត្រូវធ្វើការសម្របសម្រួលឱ្យថៅកែសប្បាយចិត្តផង និងត្រូវសម្របសម្រួលឱ្យបុគ្គលិកក្រោមបង្គាប់សប្បាយចិត្តផង ហើយមានពេលខ្លះទាំងសងខាង អាចសម្របសម្រួលគ្នាបាន អាចសប្បាយចិត្តជាមួយគ្នាបាន។ ប៉ុន្តែមានពេលខ្លះ កាលទេសៈខ្លះ ឬស្ថានការណ៍ខ្លះ អ្នកទាំងពីរ មិនអាចសម្របសម្រួលជាមួយគ្នាបានទេ ហើយស្ថានការណ៍បែបនេះហើយដែលលំបាកបំផុតក្នុងនាមជាអ្នកដឹកនាំ ទោះបីជាយើងដឹងហើយថា ភាគច្រើនរវាងបុគ្គលិក និងថៅកែ អ្នកដឹកនាំនឹងជ្រើសរើសយកថៅកែហើយ។ បុគ្គលិក អាចរក ឬរើសថ្មីបាន ប៉ុន្តែថៅកែ មិនអាចដូរបានទេ មានតែថៅកែដូរអ្នកដឹកនាំវិញទេ។ ធ្វើជាអ្នកដឹកនាំគេ គឺពិតជាលំបាកមែន មានសម្ពាធពីលើ មានសម្ពាធពីក្រោម មានសម្ពាធពីឆ្វេង មានសម្ពាធពីស្តាំ គ្រប់ទិសទាំងអស់។ ដូច្នេះហើយ ធ្វើជាអ្នកដឹកនាំគេ មិនស្រួលនោះទេ ហើយពុំមានមនុស្សច្រើននាក់ទេដែលអាចទប់ទល់ចំពោះការលំបាក និងសម្ពាធទាំងអស់នេះបាន។
- ការលំបាករបស់ថៅកែ
ពេលអ្នកក្លាយជាថៅកែគេវិញ បញ្ហារឹតតែស្មុគស្មាញថែមទៀត លើសពីការលំបាកក្នុងការធ្វើជាបុគ្គលិក និងអ្នកដឹកនាំគេទៅទៀត។
ទី១- ត្រូវដោះស្រាយគ្រប់បញ្ហាទាំងអស់របស់បុគ្គលិក និងអ្នកគ្រប់គ្រង
ទី២- ត្រូវគិតគ្រប់ពេលវេលាធ្វើយ៉ាងដូចម្តេចដើម្បីឱ្យក្រុមហ៊ុនអាចដំណើរការបានល្អ និងជោគជ័យ
ទី៣- ត្រូវខ្វល់ខ្វាយ និងគិតគូរគ្រប់ពេលវេលាទាំងអស់ ថាតើត្រូវរកប្រាក់ចំណូលយ៉ាងដូចម្តេច ឬពីណាដើម្បីបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗទៀតឱ្យបុគ្គលិកជារៀងរាល់ខែ សម្រាប់ចំណាយ និងសម្រាប់ពង្រីកអាជីវកម្ម ឬក្រុមហ៊ុនថែមទៀត។
ដូចដែលយើងទាំងអស់គ្នា បានដឹងយ៉ាងច្បាស់ហើយថា៖
- មានមនុស្សច្រើននាក់ណាស់ដែលធ្វើជាបុគ្គលិកគេ
- មានមនុស្សតិចនាក់ណាស់ដែលអាចធ្វើជាអ្នកគ្រប់គ្រងគេបាន
- ប៉ុន្តែ ពុំមានមនុស្សច្រើនាក់ទេដែលអាចធ្វើជាថៅកែគេបាននោះ
ជាឧទាហរណ៍ក្នុងក្រុមហ៊ុនមួយមានមនុស្សចំនួន ១០០ នាក់៖
- មានតែមនុស្ស ១ ឬ ២ នាក់ទេដែលធ្វើជាថៅកែ ឬម្ចាស់ក្រុមហ៊ុន
- មានតែមនុស្សចំនួន ៤ ឬ ៥ នាក់ទេដែលធ្វើជាអ្នកគ្រប់គ្រង
- ដូច្នេះ មនុស្សជាង ៩០ នាក់ផ្សេងទៀត គឺជាបុគ្គលិក
ការដែលអាចធ្វើជាថៅកែ ឬម្ចាស់ក្រុមហ៊ុនមួយបាន អ្នកខ្លះថាវាជាសំណាង។ សម្រាប់យើងខ្ញុំវិញ មិនគិតថាជាសំណាងទេ ប៉ុន្តែវាជាសមត្ថភាព ហើយ “ជាសមត្ថភាពពិសេស និងពិតប្រាកដទៀតផង” ទើបអាចធ្វើការងារនេះបានជោគជ័យល្អ និងយូរអង្វែងបាន។ ប្រសិនបើថៅកែ ឬម្ចាស់ក្រុមហ៊ុន គ្មានសមត្ថភាពខ្លាំងពូកែទេនោះ អាជីវកម្ម ឬក្រុមហ៊ុនមួយនេះ មិនអាចរីកចម្រើន និងឈរជើងនៅលើទីផ្សារប្រកួតប្រជែងគ្នាយ៉ាងខ្លាំងសម្បើមដែលអ្នកខ្លះនិយាយថា “វាជាការប្រកួតស៊ីសាច់ហុតឈាមគ្នា” បានយូរអង្វែងនោះទេ។
(ប្រសិនបើលោកអ្នកមានបំណងចង់ជាវសៀវភៅនេះ សូមអញ្ជើញទាក់ទងអ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧។)