លោក ឆាយ ជាអ្នកទិញលក់ដីជាច្រើនឆ្នាំមកហើយ។ មិនត្រឹមតែមានមុខរបរផ្នែកអចលនទ្រព្យនោះទេ លោកបាននាំចូលផលិតផលប្រើប្រាស់ និងរថយន្ត ចូលក្នុងទីផ្សារកម្ពុជាទៀតផង។ មុខជំនួញរបស់លោកច្រើនណាស់ សូម្បីតែហាងកាហ្វេ ក៏លោកមានដែរ។
គេមើលមកលោក ឆាយ ជាអ្នកមានធនធានច្រើនមួយរូប និងមានជោគជ័យលើអាជីវកម្មរបស់ខ្លួន។ តែទោះយ៉ាងណាលោក ឆាយ គឺជាម្ចាស់អាជីវកម្ម អ្នកជំនួញ ឬអ្នករកស៊ីមួយរូប ដូចតែអ្នកជំនួញដទៃទៀតដែរ ព្រោះអ្វីដែលលោកកំពុងធ្វើនេះ គ្រាន់តែស្វែងរកផលចំណេញ តាមរយៈការដណ្ដើមទីផ្សារមួយចំណែកណាប៉ុណ្ណោះ គ្មានប្លែកអ្វីផង។ ខាងលើនេះគ្រាន់តែជាឧទាហរណ៍មួយដែលគេអាចយល់ថាលោក ឆាយ គឺជាអ្នករកស៊ីម្នាក់ ដូចតែអ្នកផ្សេងដទៃទៀតអ៊ីចឹងដែរ។
ចុះសហគ្រិន ឬសហគ្រិនភាព ខុសពីអ្នករកស៊ី ដូចម្ដេច?
បើតាមវេចនានុក្រមខ្មែរ សហគ្រិន គឺជាម្ចាស់សហគ្រាស។ វេចនានុក្រមអង់គ្លេស៖ សហគ្រិន (Entrepreneur) គឺជាម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុន ឬអ្នកស្វែងរកផលចំណេញដោយការបើកអាជីវកម្មជាដើម។ ក្នុងវេចនានុក្រម មិនមានការពន្យល់ពាក្យសហគ្រិននេះ ឲ្យដាច់ចេញពីអ្នករកស៊ីនោះទេ។
ប៉ុន្តែពាក្យសហគ្រិន ឬសហគ្រិនភាព មកទល់បច្ចុប្បន្ននេះ ត្រូវបានគេព្យាយាមញែកឲ្យដាច់ចេញពីម្ចាស់អាជីវកម្ម អ្នករកស៊ី ឬអ្នកជំនួញ។ មានសៀវភៅជាច្រើន សាស្ត្រាចារ្យ និងអ្នកដែលជាសហគ្រិនស្រាប់នៅជុំវិញពិភពលោក បានព្យាយាមពន្យល់ពាក្យសហគ្រិននេះ ដែលធ្វើឲ្យឃើញខុសពីអ្នករកស៊ីធម្មតា។
សហគ្រិន គឺជាអ្នកនាំគំនិតថ្មីមួយ និងធ្វើវាឲ្យចេញជាផលិតផលជាក់ស្ដែង។ ភាសាអង់គ្លេសគេច្រើននិយាយថា bring new idea ។ ត្រង់ចំណុចនេះហើយដែលចំណងជើងនៃអត្ថបទនេះសរសេរថា សហគ្រិន គឺ«បង្កើត»។
ដូចនេះ ចំណុចសំខាន់នៃភាពខុសគ្នារវាងសហគ្រិន និងអ្នករកស៊ី គឺសហគ្រិនជាអ្នកនាំគំនិតដែលមានភាពពិសេសផ្ទាល់ខ្លួន ហើយចាប់ផ្ដើមពីអាជីវកម្មបង្កើតថ្មី (startup)។ ដោយឡែកអ្នករកស៊ី គឺបង្កើតអាជីវកម្ម តាមលំនាំចាស់ គំនិតចាស់។
សហគ្រិនជាច្រើនបាននាំគំនិតថ្មីរបស់ខ្លួន ហើយបង្កើតទៅជាផលិតផល ឬអ្វីមួយដែលមនុស្សផងគ្នាបានប្រើប្រាស់មកទល់សព្វថ្ងៃ។ ឧទាហរណ៍ Facebook, ផ្សារទំនិញតាមអនឡាញរបស់ Alibaba, Amazon សេវាកម្មហៅតាក់ស៊ីជិះតាមអ៊ែបរបស់ Grab ឬ Uber ទូរសព្ទស្មាតហ្វូនរបស់ Apple ជាដើម។ របស់ទាំងអស់នេះ មិនដូចផលិតផលធម្មតាដាក់លក់លើទីផ្សារនោះទេ។ អ្វីទាំងអស់នេះបានផ្លាស់ប្ដូរ ឬមានឥន្ធិពលដល់ការរស់នៅរបស់មនុស្ស កាន់តែទំនើប កាន់តែងាយស្រួល។ គេអាចសម្គាល់ថា ពេលផលិតផលទាំងនោះកើតឡើង ទើបគេឃើញថានោះពិតជាតម្រូវការមែន ឬនិយាយថា«ផលិតផលនោះបង្កើតទីផ្សារ»។ នោះហើយការបង្កើតថ្មី។ បើលក់គ្រឿងសំណង់វិញ គឺមានទីផ្សារស្រាប់ មនុស្សកំពុងត្រូវការគ្រឿងសំណង់ ហើយគេក៏ផលិត នាំចូល ដាក់លក់ក្នុងទីផ្សារ។
តែខាងលើនេះជាឧទាហរណ៍ផលិតផលធំៗ។ សហគ្រិន មិនបាច់តែធ្វើរឿងធំៗដូចនេះទេ ធ្វើផលិតផលតូចៗ ឬបង្កើតម៉ូឌែលអាជីវកម្ម ដែលតូចជាងនេះ មានឥទ្ធិពលដល់មនុស្សតិចជាងនេះក៏បានដែរ។
ក្រុមហ៊ុន Amru Rice របស់លោក សុង សារ៉ន មិនដូចក្រុមហ៊ុនប្រមូលទិញស្រូវពីកសិករផ្សេងទៀតនោះទេ។ Amru ចុះកិច្ចសន្យាកសិកម្មជាមួយកសិករ ដោយក្រុមហ៊ុនសហការផ្ដល់បច្ចេកទេស ប្រភពធនធានផ្សេងៗ និងធានាទិញស្រូវពីកសិករវិញ។ នេះជាម៉ូឌែលអាជីវកម្មមួយ ដែលបង្កើតតម្លៃបន្ថែមរបស់វា មិនដូចសកម្មភាពប្រមូលទិញស្រូវធម្មតាឡើយ។ ម្យ៉ាងទៀត Amru ឲ្យកសិករផលិតស្រូវសរីរាង្គ ដែលស្រូវ និងផលិតផលផ្សេងដែលធ្វើជាសរីរាង្គ គឺជាភាពខ្លាំងរបស់កម្ពុជា ពោលគឺវាមានទីផ្សារដាច់ដោយឡែក មិនត្រូវបានវាយប្រហារដោយផលិតផលប្រទេសដទៃនោះទេ។ លោក សុង សារ៉ន គឺជាសហគ្រិនខ្មែរមួយរូប។
មិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាសហគ្រិននោះទេ។ លោក ហៃ លីអ៊ាង ដែលជាសហគ្រិនមួយរូបបានមើលឃើញ ភាពច្នៃប្រឌិត មានគំនិតឯករាជ្យ ចក្ខុវិស័យ ភាពអត់ធ្មត់ ជំនក់ចិត្ត ចេះដឹកនាំក្រុម យល់ពីទីផ្សារ ជាគុណសម្បត្តិរបស់សហគ្រិន។ លោក ហៃ លីអ៊ាង គឺជាស្ថាបនិកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនផលិតផលកសិកម្ម Confirel ។
ងាកមកស្វែងយល់ពីអ្នករស៊ីបន្តិចវិញ។ គេអាចយល់បានយ៉ាងងាយថា អ្នករកស៊ី គឺយកផលចំណេញដាក់មុខ ដាក់ទុនដើម្បីបង្កើតលុយ។ ពួកគេជាអ្នកចាប់ឱកាសទីផ្សារ ដើម្បីផលចំណេញ។ ទោះអ្នកខ្លះពោលថា មិនចង់ទៅដណ្ដើមទីផ្សារអ្នកណា ប៉ុន្តែដើម្បីកាក់កបក្នុងអាជីវកម្មរបស់ខ្លួន ពិតណាស់ថាពួកគេត្រូវប្រកួតប្រជែង និងដណ្ដើមយកចំណែកទីផ្សារក្នុងកម្រិតណាមួយ។ ពួកគេទាំងនោះ មិនចាត់ទុកជាសហគ្រិននោះទេ ព្រោះគ្រាន់តែជាការធ្វើអាជីវកម្មធម្មតា មិនមែនបង្កើតអ្វីថ្មី។
គេក៏អាចនិយាយថា សហគ្រិនក៏ជាអ្នកធ្វើអាជីវកម្មដែរ ព្រោះបានបង្កើតផលចំណូលដូចអ្នករកស៊ីផ្សេងៗដែរ។ តែការធ្វើអាជីវកម្មនេះគឺមានម៉ូឌែលផ្ទាល់ខ្លួន មានភាពពិសេសដាច់ដោយឡែក។ មនុស្សធ្លាប់តែហៅតាក់ស៊ីជិះផ្ទាល់មាត់ ឬតេទូរសព្ទ តែបច្ចុប្បន្នគេអាចហៅតាម APP ស្មាតហ្វូន។ គេអាចទូទាត់ថ្លៃទំនិញនៅផ្សារទំនើប តាមទូរសព្វដៃ។ គេអាចផ្ញើលុយទៅសាច់ញាតិតាមរយៈ Wing ដោយមិនបាច់កាន់លុយនោះទៅផ្ទាល់ ។ ទាំងនេះសុទ្ធតែជាម៉ូឌែលអាជីវកម្ម និងបានកែប្រែរបៀបរបបរស់នៅរបស់មនុស្ស។ មានន័យថាសហគ្រិនធ្វើអាជីវកម្ម ដែលមានភាពខុសប្លែកពីគេ ខុសប្លែកពីទម្រង់អាជីវកម្មដែលមានស្រាប់។ ទោះធ្វើក្នុងផលិតផល ឬសេវាកម្មដែលមានស្រាប់ តែក្នុងរបៀបផ្សេងគ្នា មានភាពងាយ និងល្អប្លែកជាងមុន។ បើធ្វើដូចតែមុន អាជីវកម្មថ្មីនេះគ្មានតម្លៃទេ។ អាជីវកម្មរបស់សហគ្រិន គឺមានតម្លៃរបស់វា។
សហគ្រិនជាអ្នក«បង្កើត»ទីផ្សារថ្មី។ ឯអ្នករកស៊ី គឺផ្អែកលើទីផ្សារដែលមានស្រាប់ ហើយទទួលបានផលតាមសមត្ថភាព តាមឱកាស ដើមទុនរបស់គេរៀងៗខ្លួន។ និយាយឲ្យចំអ្នករកស៊ី គឺ«ដណ្ដើម»ចំណែកទីផ្សារ៕