អន្តរជាតិ
សិង្ហ​បុរី​បង្កើន​កញ្ចប់​លុយ​ការពារជាតិ​ជិត ១៧​ពាន់​លាន​ដុល្លារ​ដើម្បី​ធានា​សន្តិសុខ​ជាតិ​
20, Feb 2019 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សិង្ហ​បុរី​កំណត់​ថវិកា​ប្រមាណ ១៦,៧ ពាន់​លាន​ដុល្លារ ឬ​ស្មើ​៣០​ភាគរយ​នៃ​កញ្ចប់​ថវិកាជាតិ​សរុប សម្រាប់​វិស័យ​សំខាន់​ចំនួន​បី រួមមាន ការពារជាតិ​, សន្តិសុខ និង​ការទូត​សម្រាប់​ឆ្នាំ​២០១៩​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក ហេង ស្វី​គៀត (Heng Swee Keat) ថ្លែង​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​កញ្ចប់​ថវិកាជាតិ​ដើម​សប្តាហ៍​នេះ​។​

 
​ក្នុង​ថវិកា​សរុប​ប្រមាណ ១៦,៧​ពាន់​លាន​ដុល្លារ សិង្ហ​បុរី​គ្រោង​ចំណាយ​១១,៤​ពាន់​លាន​ដុល្លារ​លើ​វិស័យ​ការពារជាតិ ខណៈ​ការចំណាយ​លើ​សន្តិសុខ​មាន​ទំហំ ៤,៩​ពាន់​លាន​ដុល្លារ និង​កិច្ចការបរទេស​ក្នុង​ទំហំ​ទឹកប្រាក់ ៣៦៨​លាន​ដុល្លារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia​។​
 
​ថ្លែង​នៅក្នុង​សភា​សិង្ហ​បុរី លោក ហេង ស្វី​គៀត និយាយថា​៖«​ការចំណាយ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ ដោយ​មិនអាច​ខ្វះ​បានឡើយ​។ យើង​នឹង​វិនិយោគ​បន្ថែមទៀត ប្រសិនបើ​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​សិ​ង្ហ​បុរី និង​សុខមាលភាព​របស់​ប្រជាជន​សិង្ហ​បុរី​»​។ 
 
​ដើម្បី​ទប់ទល់​នឹង​កំណើន​នៃ​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​ដែល​មិន​ច្បាស់លាស់ សិង្ហ​បុរី​ចាំបាច់​ត្រូវតែ​ពង្រឹង​វិស័យ​ការពារជាតិ​និង​សន្តិសុខ​ឲ្យ​ខាងតែបាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហេង ស្វី​គៀត ដោយ​បន្ថែមទៀតថា ក្រសួងការបរទេស​សិ​ង្ហ​បុរី​បន្ត​កសាង​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង និង​មហាអំណាច​ពិភពលោក ព្រមទាំង​លើកកម្ពស់​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​ផ្អែកលើ​ច្បាប់ និង​វិធានការ​អន្តរជាតិ​។​
 
​ទន្ទឹមនឹង​គ្នា​នេះដែរ កងកម្លាំងប្រដាប់អាវុធ​សិង្ហ​បុរី​នៅ​ជួយ​គាំទ្រ​លើ​កិច្ចប្រឹងប្រែង​ផ្នែក​ការទូត​របស់​ប្រទេស​ជានិច្ច ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​ធានាថា ការចរចា​ណាមួយ​នឹងត្រូវ​ធ្វើឡើង​ដោយ​ច្បាស់លាស់​បំផុត​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ស្វី​គៀត ដោយ​សង្កត់ធ្ងន់ថា ប្រសិនបើ​កិច្ច​ការទូត​បរាជ័យ​នោះ សិង្ហ​បុរី​ត្រូវតែ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការពារ​ខ្លួនឯង និង​ផលប្រយោជន៍​ជាតិ​។​
 
​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក ស្វី​គៀត នេះ គឺធ្វើឡើង​ខណៈដែល​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​កំពុង​ពិភាក្សា​ពី​បញ្ហា​ទ្វេរ​ភាគី​មួយចំនួន រួមមាន ជម្លោះ​ជុំវិញ​បញ្ហា​ព្រំ​ដែនទឹក​, ការគ្រប់គ្រង​ផ្លូវអាកាស​និង​តម្លៃ​ទឹកជា​ដើម​៕
 

Tag:
 សិង្ហ​បុរី​
  កញ្ចប់​ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com