ក្រចេះ៖ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ នៅភូមិចុងកោះ ឃុំកោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ មានពិធីលែងល្មេច ឬកន្ធាយក្បាលកង្កែប ចូលទៅក្នុងទន្លេមេគង្គវិញ។ ក្នុងពិធីនេះ មានការចូលរួមពីសំណាក់មន្ត្រីរដ្ឋបាលជលផលក្រចេះ ប្រធានមជ្ឈមណ្ឌលអភិរក្សអណ្តើក និងកន្ធាយមេគង្គ នរគបាល ក្រុមប្រឹក្សាឃុំ/សង្កាត់ ព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សពីអនុវិទ្យាល័យកោះទ្រង់ផងដែរ។
លោក ប្រាន់ ស៊ីណាល់ អ្នកគ្រប់គ្រងមជ្ឈមណ្ឌលអភិរក្សអណ្តើក និងកន្ធាយមេគង្គ ដែលមានទីតាំងក្នុងវត្តព្រះវិហារធំសសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ បានរៀបរាប់ពីប្រវត្តិល្មេច ឬកន្ធាយក្បាលកង្កែបមួយក្បាលនេះ ដែលត្រូវបានម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងក្រុងក្រចេះ យកមកប្រគល់ឲ្យមជ្ឈមណ្ឌល កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីលែងចូលទៅក្នុងទន្លេវិញ។
ល្មេច ឬកន្ធាយក្បាលកង្កែប។ រូបភាព៖ ថាច់ ផាន់ណារ៉ា
«ខ្ញុំបានទទួលលេ្មចមួយក្បាលនេះ ពីលោក ឡាយ ហ៊ូត ម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងក្រុងក្រចេះ ដែលគាត់បានទិញពីអ្នកនេសាទម្នាក់។ តាមទម្លាប់ធម្មតា អ្នកនេសាទតែងតែយកត្រីមកលក់ឲ្យគាត់ ដើម្បីធ្វើម្ហូបក្នុងភោជនីយដ្ឋាន។ តែម្តងនេះ គេយកល្មេចមួយក្បាលនេះ មកលក់ដែរ។ ដោយមានចិត្តអាណិតចំពោះសត្វដែលមានអាយុវែងនេះ គាត់ក៏សម្រេចចិត្តទិញយកក្នុងតម្លៃ ៤០,០០០ (បួនម៉ឺនរៀល) ក្នុងមួយគីឡូក្រាម។ ដូច្នេះ កាត់ត្រូវចំណាយប្រាក់ជាងរយដុល្លាដើម្បីទិញល្មេចមួយក្បាល ដែលមានទម្ងន់សរុប ១៧ គីឡូក្រាម និងមានអាយុប្រហែលជាង ១៥ឆ្នាំ នេះ»។
«ថ្ងៃនេះ យើងមកទីនេះ ដើម្បីធ្វើពិធីលែងវាចូលទៅក្នុងទន្លេមេគង្គវិញ។ នេះក៏ដោយសារទឹកចិត្តដ៏ប្រពៃ របស់ លោក ឡាយ ហ៊ូ ចំពោះប្រភេទសត្វរងគ្រោះជិតផុតពូជមួយនេះ ដើម្បីចូលរួមអភិរក្ស។ កន្លងមក មជ្ឈមណ្ឌលអភិរក្សអណ្តើក និងកន្ធាយមេគង្គ តែងតែធ្វើការផ្សព្វផ្សាយដល់ប្រជាជន ឲ្យមានការចូលរួមអភិរក្ស។ ជាទម្លាប់ រាល់ពេលមានការយកសត្វអណ្តើក ឬកន្ធាយមកប្រគល់ដល់មជ្ឈមណ្ឌលពីសំណាក់ប្រជាពលរដ្ឋ យើងតែងតែនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ ជូនសេចក្តីសុខដល់ពួកគាត់។ ពេលយកសត្វទាំងនោះទៅលែងក្នុងទន្លេមេគង្គវិញ យើងក៏និមន្តព្រះសង្ឃសូត្រុំមន្តប្រោះព្រំដូចគ្នាដែរ មុននឹងលែងវា ដោយមានការចូលរួមជាសាក្សីពីសំណាក់មន្ត្រីនានា ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប្រាន់ ស៊ីណាល់។
លោកប្រាន់ ស៊ីណាល់ (រូបពាក់អាវខ្មៅដៃខ្លី) និងមន្ត្រីជលផល ព្រមទាំងអាជ្ញាធរដែនដី ក្នុងពិធីលែងល្មេច ឬកន្ធាយក្បាលកង្កែប។ រូបភាព៖ ថាច់ ផាន់ណារ៉ា
ល្មេច ឬកន្ធាយក្បាលកង្កែប មានឈ្មោះវិទ្យាសាស្ត្រ (Pelochelys cantorii) ឈ្មោះជាភាសាអង់គ្លេស Asian Giant Softshell Turtle ដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN Red List ជាប្រភេទកំពុងរងគ្រោះជិតផុតពូជ។ ល្មេច ឬកន្ធាយក្បាលកង្កែប គេឃើញវាមាននៅក្នុងប្រទេស បង់ក្លាដេស កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលិពិន ថៃ និងវៀតណាម និងរស់នៅតាមបណ្តោយឆ្នេរនៃអាស៊ីខាងត្បូង និងអាស៊ីភាគខាងកើត ពីភាគនិរតីនៃប្រទេសឥណ្ឌា ទៅភាគអាគ្នេយ៍នៃប្រទេសចិន និងរួមទាំងប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី រហូតដល់កោះស៊ូម៉ាត្រា និងកោះបរណេអូផងដែរ។
ល្មេច ឬកន្ធាយក្បាលកង្កែប គឺជាសត្វទឹកពពួកអដ្ឋិចម្មជាតិមួយប្រភេទ ដែលមានសន្ដានដូចអណ្ដើក។ អ្នកស្រុកខ្លះហៅសត្វប្រភេទនេះថា ល្មិច។ ល្មេច វាមានស្នូកទន់ ជាល្មូនយក្សទឹកសាបមួយប្រភេទដែលមានទំហំធំ នៅលើពិភពលោក ហើយរស់រានមានជីវិតនៅក្នុងទន្លេ មេគង្គ។
ល្មេចអាចធំលូតលាស់ដល់ ២០០សង់ទីម៉ែត្រ និងទម្ងន់អតិបរមា ៥០គីឡូក្រាម។ វាចំណាយពេលស្ទើរ ៩៥ភាគរយ ពួននៅក្រោមខ្សាច់ក្នុងទឹក នេះបើយោងតាមការរៀបរាប់របស់លោកប្រាន់ ស៊ីណាល់។