អន្តរជាតិ
ឡាវ​-​វៀតណាម ឯកភាពគ្នា​ពង្រឹង «​ទំនាក់ទំនង​ពិសេស​ទ្វេភាគី​» ឲ្យ​ដល់​កម្រិត​ខ្ពស់​
25, Feb 2019 , 9:19 pm        
រូបភាព
ប្រធានរដ្ឋឡាវ និងសមភាគីវៀតណាម ត្រួតពលកងទ័ព (រូបភាព VNA)
ប្រធានរដ្ឋឡាវ និងសមភាគីវៀតណាម ត្រួតពលកងទ័ព (រូបភាព VNA)
​ឡាវ និង​វៀតណាម នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បាន​ឯកភាពគ្នា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ ការឯកភាព​គ្នា​នេះ ធ្វើឡើង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម ង្វៀន ភូ​ជុង នៅ​រដ្ឋធានី​វៀងចន្ទន៍ ដែលជា​ទស្សនកិច្ច​លើកដំបូង​នៅ​បរទេស​តាំង​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​រដ្ឋ​កាលពី​ឆ្នាំ​២០១៨ មក​។ កិច្ចព្រមព្រៀង​ចំនួន​៩ ត្រូវបាន​ចុះហត្ថលេខា​លើ​វិស័យ​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ អគ្គីសនី និង​ថាមពល​។

 
​លោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រធានាធិបតី​ផង​នោះ បាន​ទៅដល់​រដ្ឋធានី​វៀងចន្ទន៍​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ដើម្បី​ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​។ ទស្សនកិច្ច​នេះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់លោក ប៊ុន​ញ៉ា​ង វ​រា​ជិត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធានាធិបតី​ឡាវ​។ 
 
​នា​ជំនួប​នៅឯ​វិមាន​ប្រធានាធិបតី លោក ប៊ុន​ញ៉ា​ង បានបង្ហាញ​ការស្វាគមន៍​ដែល​លោក ង្វៀន ភូ​ជុង ជ្រើសរើស​ឡាវ​ជា​ប្រទេស​ទីមួយ​ដើម្បី​ធ្វើ​ទស្សនកិច្ច​ក្រោយ​ក្លាយជា​ប្រធានាធិបតី​វៀតណាម​។ មេដឹកនាំ​ឡាវ​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម​ភាគី​វៀតណាម ជាការ​រួមចំណែក​សំខាន់​ក្នុងការ​ជំរុញ​មិត្ត សាមគ្គីភាព​ពិសេស និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ឡាវ Vientiane Times ។​
 
​មេដឹកនាំ​ឡាវ និង​វៀតណាម ក៏បាន​ជជែក​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​នៅពេល​ខាងមុខ សំដៅ​ជំរុញ និង​អភិវឌ្ឍ​ទំនាក់ទំនង​ពិសេស​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឡើងដល់​ចំណុច​ខ្ពស់​ទៀត​។ ក្នុង​សេចក្ដីប្រកាស​រួម ប្រទេស​អ្នកជិតខាង​ទាំងពីរ​នេះ ក៏​ឯកភាពគ្នា​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌ ការពារជាតិ អប់រំ និង​ការទប់ស្កាត់​ជំនួញ​ឆ្លងដែន​ខុសច្បាប់​ផង​។​
 
​ក្រោយ​ជំនួប​ចរចា​ទ្វេភាគី មេដឹកនាំ​ទាំងពីរ​ក៏​ធ្វើជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៩ ដែល​ផ្ដោតលើ​វិស័យ​ហិរញ្ញវត្ថុ ការសាងសង់​ផ្លូវ​រថភ្លើង Vientiane-Vung Ang គម្រោង​អភិវឌ្ឍ​អគ្គីសនី និង​រ៉ែ​ជាដើម​។ លោក ង្វៀន ភូ​ជុង ក៏បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត និង​ប្រធានសភា ផានី យ៉ា​ធូ​ទូ និង​ទៅពិនិត្យ​សំណង់​អាគារ​រដ្ឋសភា​ឡាវ​តម្លៃ​១០០​លាន​ដុល្លារ​ដែលជា​ជំនួយ​របស់​វៀតណាម​។​
 
​នា​ជំនួប​ដាច់ដោយឡែក​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី ថង​លួ​ន និង​លោកស្រី​ប្រធានសភា ផានី សុទ្ធតែ​បាន​អរគុណ​ការផ្ដល់​ជំនួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​ឡាវ​ពី​សំណាក់​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម​៕
 

Tag:
 ឡាវ​
  វៀតណាម​
  ង្វៀន ភូ​ជុង​
© រក្សាសិទ្ធិដោយ thmeythmey.com