អន្តរជាតិ
វៀតណាម ត្រៀមអស់ហើយដើម្បីទទួលលោក ត្រាំ និងលោក គីម រូបភាព AFP
× រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី២៥ ខែកុម្ភៈ បានប្រកាសថា ខ្លួនត្រៀមរួចស្រេចអស់ហើយក្នុងការរៀបចំជំនួបប្រធានាធិបតីអាមេរិក និងមេដឹកនាំកំពូលកូរ៉េខាងជើង ទោះជាមានពេលខ្លីក៏ដោយ។ អនុរដ្ឋមន្ត្រីការបរទេសវៀណាម Le Hoai Trung អះអាងថា ក្នុងនាមជាម្ចាស់ផ្ទះ វៀតណាមប្ដេជ្ញាធ្វើឲ្យជំនួបលើកនេះទទួលបានជោគជ័យ ប៉ុន្តែលទ្ធផលយ៉ាងណា គឺអាស្រ័យលើការចរចារវាងអាមេរិក និងកូរ៉េខាងជើងប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៥ ខែកុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Le Hoai Trung និយាយ ការរៀបចំទាំងអស់បានចប់សព្វគ្រប់ហើយ។ វៀតណាមដែលត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានរៀបចំមួយកំប្លេរតែម្ដងទាំងការងារសន្តិសុខ ទីតាំងជំនួប និងកន្លែងស្នាក់នៅសម្រាប់ប្រតិភូប្រទេសទាំងពីរ។ ប៉ុន្តែមន្ត្រីរូបនេះលើកឡើងថា វាមិនមែនជាងាយស្រួលសម្រាប់វៀតណាមឡើយ។
ពីមជ្ឈមណ្ឌលព័ត៌មានសម្រាប់ជំនួបមេដឹកនាំអាមេរិក-កូរ៉េខាងជើង មន្ត្រីក្រសួងការបរទេសវៀតណាមរូបនេះបញ្ជាក់ថា វៀតណាមមានពេលខ្លីក្នុងការរៀបចំជំនួបនេះ។ វៀតណាមត្រូវបានជូនដំណឹងជាផ្លូវការនៅថ្ងៃទី៦ ខែកុម្ភៈពីការសម្រេចចិត្តឲ្យធ្វើជាម្ចាស់ផ្ទះ ហើយពីរថ្ងៃបន្ទាប់ ក៏ទទួលបានព័ត៌មានបន្ថែមថា រដ្ឋធានីហាណូយ ជាទីតាំងរៀបចំនួបនេះ។ លោក Le បន្ថែមថា វៀតណាមទទួលបានព័ត៌មានលម្អិតផ្សេងៗនៅត្រឹមកណ្ដាលខែកុម្ភៈប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។
កាលពីជំនួបលើកទី១ នៅសិង្ហបុរីនោះ បុរីរដ្ឋមួយនេះមានពេលវេលាច្រើនដើម្បីរៀបចំឲ្យស្រេចបាច់កិច្ចការចាំបាច់បម្រើដល់ការជួបចរចារវាងលោក ត្រាំ និងលោក គីម ។ ទោះមានពេលខ្លីមែន អនុរដ្ឋមន្ត្រីការបរទេសវៀតណាមខាងលើសង្កត់ធ្ងន់ថា អាជ្ញាធរ និងប្រជាជនវៀតណាម នឹងព្យាយាមឲ្យអស់លទ្ធភាពដើម្បីភាពជោគជ័យនៃជំនួបនេះ ហើយវាក៏ជាកិត្តិយស និងជាឱកាសសម្រាប់វៀណាមបង្ហាញពិភពលោកពីអ្វីដែលបានធ្វើកន្លងមក។
លោក គីម ជុងអ៊ុន ដែលចាកចេញពីរដ្ឋធានីព្យុងយ៉ាងតាំងពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ នឹងទៅដល់ទឹកដីវៀតណាមនៅថ្ងៃទី២៦ ខែកុម្ភៈ។ ត្រឹមថ្ងៃទី២៥ ខែកុម្ភៈនេះ រថភ្លើងដឹកប្រមុខដឹកនាំកូរ៉េខាងជើង កំពុងស្ថិតក្នុងទឹកដីចិននៅឡើយ ក្នុងដំណើរទៅកាន់វៀតណាម។ ទៅដល់ស្ថានីយ៍រថភ្លើង Dong Dang របស់វៀតណាមជាប់ព្រំដែនចិន លោក គីម នឹងបន្តដំណើរតាមរថយន្តឆ្ពោះទៅកាន់រដ្ឋធានីហាណូយតែម្ដង។
ចំណែកលោក ត្រាំ វិញ នឹងទៅដល់វៀតណាមនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ មុនជំនួបជាមួយលោក គីម មួយថ្ងៃ។ ដូចដំណើរទស្សនកិច្ចនៅបរទេសរាល់ដង ប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរតាមយន្តហោះពិសេស Air Force One ។ រដ្ឋាភិបាលវៀតណាមប្រកាសថា លោក ត្រាំ នឹងស្នាក់នៅហាណូចំនួនពីរយប់ ដោយគ្រោងជួបថ្នាក់ដឹកនាំវៀតណាមសំខាន់ៗផងដែរ មុននឹងជួបតទល់ជាមួយលោក គីម នៅពីរថ្ងៃបន្ទាប់៕
Tag:
វៀតណាម
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com