ជាតិ
សុខភាព
ក្រសួងសុខាភិបាល កំពុង​សិក្សា​បង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​បន្ថែមទៀត​
26, Feb 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល កំពុង​សិក្សា​ពី​ទីតាំង​បង្កើត​កន្លែង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​បន្ថែមទៀត​។ បច្ចុប្បន្ន​កន្លែង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​របស់​រដ្ឋ​និង​សហការ​ជាមួយ​ឯកជន មាន​ចំនួន​បី​កន្លែង គឺ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ របស់​ក្រសួងសុខាភិបាល និង​នៅ​ខេត្តបាត់ដំបង ដែល​សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។

 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក លី សូ​វ៉ាន់  បាន​និយាយ ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​រៀបចំ​កន្លែង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត ឲ្យ​កាន់តែ​ទូលំទូលាយ​ទៀត សម្រាប់​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក លី សូ​វ៉ាន់ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ ក្រសួង​កំពុង​សិក្សា​ទីតាំង​មួយចំនួន​ដែល​អាចមាន​អ្នក​ចិញ្ចឹមសត្វ​ច្រើន ឬ​កន្លែង​ដែល​ប្រឈម​នឹង​ជំងឺ​នេះ​ច្រើន ឬក៏​ជា​កន្លែង​ដែល​អាច​ងាយស្រួល​ដល់​ការ​ទៅ​ទទួល​សេវាកម្ម​។ យើង​មិនទាន់​អាច​បញ្ជាក់​ពី​ទីតាំង​បានទេ​នៅពេលនេះ ព្រោះ​យើង​កំពុងតែ​សិក្សា​ពី​ទីតាំង​»​។​
 
​បច្ចុប្បន្ន​កន្លែង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​មាន​៣​ទីតាំង គឺ​នៅ​រាជធានី​ភ្នំពេញ​២​កន្លែង និង​នៅ​ខេត្តបាត់ដំបង​១​កន្លែង​។ ចំណែក​នៅ​ខេត្តកំពង់ចាម នឹង​ពង្រីក​មណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មួយកន្លែង​ទៀត ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្នុងពេល​ឆាប់ៗ​នេះ​។ រីឯ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹងដាក់​ចេញ​នៅពេល​ក្រោយ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​
 
​នៅក្នុង​ទិវា​ប្រារព្វ​ទីក្រុង​ស្អាត លើក​ទី​៧ នៅ​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល ពង្រាយ​ថ្នាំ​វ៉ាក់សាំង​នៅតាម​មន្ទីរពេទ្យ​នៅ​រាជធានី ខេត្ត ឬ​តាម​គ្លីនិក​ឯកជន​ដើម្បី​ទុក​សម្រាប់​ផ្តល់​សេវា​វ៉ាក់សាំង ដល់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បាន​ទៅសុំ​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បន្ទាប់ពី​មាន​ករណី​ស្លាប់​កុមារី​ម្នាក់​។ តែ​យ៉ាងណា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ទៅ​ពលរដ្ឋ​ទាំងអស់​កុំ​ឲ្យ​មានការ​តក់ស្លុត ជាពិសេស​អ្នក​ដែល​មិន​ត្រូវបាន​ឆ្កែ ឬ​សត្វ​ផ្សេង​ខាំ​។ សម្រាប់​សម្ដេច ហ៊ុន សែន ការតក់ស្លុត​របស់​ព​ល​រដ្ឋ​ជុំវិញ​ជំងឺ​ឆ្កែឆ្កួត​នេះ គឺជា​ការព្រួយបារម្ភ​ជ្រុល ដែល​នាំ​ឲ្យ​ចលាចល និង​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​ទៀតផង​៕
 

Tag:
 ក្រសួងសុខាភិបាល​
  ប៉ាស្ទ័រ​
  ជំងឺ​ឆ្កែឆ្កួត
© រក្សាសិទ្ធិដោយ thmeythmey.com