អន្តរជាតិ
អាមេរិក​និង​ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឯកភាពគ្នា​បង្កើន​សម្ពាធ​លើ​លោក ម៉ា​ឌុយ​រ៉ូ
26, Feb 2019 , 8:39 pm        
រូបភាព
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ និងអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នាជំនួបក្រុមប្រទេសលីម៉ានៅកូឡុំប៊ី (រូបភាព AFP)
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ និងអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នាជំនួបក្រុមប្រទេសលីម៉ានៅកូឡុំប៊ី (រូបភាព AFP)
​សហរដ្ឋអាមេរិក និង​ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​ឯកភាពគ្នា​លើ​យុទ្ធសាស្ត្រ​ដើម្បី​ដាក់​សម្ពាធ​កាន់តែខ្លាំង​ថែមទៀត​លើ​របប​ដឹកនាំ​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ ការឯកភាព​គ្នា​នេះ ធ្វើឡើង​នា​ជំនួប​ទល់មុខ​រវាង​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន និង​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន ហ័ន ក្វៃ​ដូ នៅឯ​កូ​ឡុំ​ប៊ី​។ លោក ផេ​ន ក៏​ពាំនាំ​ការគាំទ្រ​ឥត​ងាករេ​របស់លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​លោក ក្វៃ​ដូ ដែរ​។​

 
​ការប្រឹងប្រែង​របស់​អា​មេ​រិ​ក និង​ក្រុមប្រឆាំង​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នៅតែ​មិនទាន់​អាចធ្វើ​អ្វី​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​ដដែល​។ ក្រុម​ប្រទេស​តំបន់​អាមេរិក​ឡាទីន​ដែល​មិន​ទទួលស្គាល់​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ បាន​ជួបជុំគ្នា​នៅ​រដ្ឋធានី​បូ​ហ្គោ​តា​របស់​កូ​ឡុំ​ប៊ី ដើម្បី​រក​ផ្លូវ​ស្ដារ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​សម្បូរ​ប្រេង​នេះ​ឡើងវិញ​។​
 
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន និង​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ដែលមាន​វត្តមាន​ក្នុងជំនួប​ថ្ងៃទី​២៥ ខែកុម្ភៈ ក៏បាន​ជួប​តទល់​គ្នា​ដើម្បី​ជជែក​ពី​ផែន​ការដែល​ត្រូវធ្វើ​ក្នុងការ​បណ្ដេញ​លោក ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ផេ​ន ក៏​បញ្ជាក់​ជាថ្មី​ពី​ជំហរ​របស់​អាមេរិក​ដែល​រក្សា​រាល់​ជំហរ​ទាំងអស់​ដាក់​លើ​តុ​រាប់ទាំង​ការប្រើប្រាស់​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ផង​។ ជាងនេះទៅទៀត លោក ត្រាំ ក៏​គាំទ្រ​លោក ក្វៃ​ដូ មួយរយ​ភាគរយ​ដែរ​។​
 
​ជំនួប​នៅ​កូ​ឡុំ​ប៊ី ធ្វើឡើង​បន្ទាប់ពី​មនុស្ស​បួន​នាក់​បាន​ស្លាប់ និង​ជាច្រើន​រយ​នាក់​ទៀត​រងរបួស​ក្នុងការ​ប៉ះទង្គិច​រវាង​ក្រុមគាំទ្រ​លោក ក្វៃ​ដូ និង​កម្លាំង​សន្តិសុខ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ព្រំដែន​រវាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​ប្រេ​ស៊ី​ល​និង​កូ​ឡុំ​ប៊ី​។ ការប៉ះទង្គិច​កើតឡើង ស្របពេល​ដែល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បិទ​ព្រំដែន​ដើម្បី​រាំងខ្ទប់​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​របស់​អាមេរិក​សម្រាប់​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ស្រេកឃ្លាន​ខ្លាំង​។ លោក ក្វៃ​ដូ ជា​អ្នកស្នើសុំ​ជំនួយ​នេះ​ពី​អាមេរិក​។​
 
​ក្រុម​ប្រទេស​លី​ម៉ា​វិញ ក៏​អះអាងថា ខ្លួន​នឹង​ស្នើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌកម្ម​អន្តរជាតិ​ប្រកាស​ដាក់​សកម្មភាព​រាំង​ផ្លូវ​ជំនួយ​មនុស្សធម៌​នេះ និង​ទង្វើ​ហិង្សា​របស់រ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ លើ​ជនជាតិ​ឯង ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ លោក ក្វៃ​ដូ ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​តាំងពី​ថ្ងៃទី​២៣ ខែមករា​មក ព្រមាន​ថា លោក ម៉ា​ឌុយ​រ៉ូ ជាការ​គំរាមកំហែង​សម្រាប់​ប្រទេស​តំបន់​អាមេរិក​ទាំងអស់​។​
 
​ប្រធានាធិបតី​កូ​ឡុំ​ប៊ី Ivan Duque វិញ បាន​អំពាវនាវ​ឲ្យ​ដាក់​សម្ពាធ​ដែល​ខ្លាំង​ជាង​មុន​លើ​មេដឹកនាំ​សង្គមនិយម​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ យ៉ាងណាមិញ ក្រុម​ប្រទេស​លី​ម៉ា ទាត់ចោល​បំណង​ប្រើប្រាស់​យោធា​ដើម្បី​គ្រាន់តែ​ការផ្លាស់ប្ដូរ​តាមបែប​ប្រជាធិបតេយ្យ​ឡើយ​។ ខណៈ​វិបត្តិ​នយោបាយ​កាន់តែ​អូសបន្លាយ​នោះ ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡ​ឯណោះ ក៏​រងគ្រោះ​កាន់តែខ្លាំង​ពិសេស​កង្វះ​ស្បៀងអាហារ ខណៈដែល​ជំនួយ​មនុស្សធម៌​នៅជាប់​គាំង​ត្រឹម​ព្រំដែន​នោះ​៕ 
 

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ម៉ៃ ផេ​ន​
  ហ័ន ក្វៃ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com