ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៥ នៅអាស៊ាន លើ​ការលើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច និង​ច្បាប់​
28, Feb 2019 , 9:51 am        
រូបភាព
រូបតំណាង៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះជួបកម្មកររោងចក្រ ហើយថតរូបអនុស្សាវរីយ៍ជាមួយកម្មការិនី នាពេលកន្លងមក
រូបតំណាង៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះជួបកម្មកររោងចក្រ ហើយថតរូបអនុស្សាវរីយ៍ជាមួយកម្មការិនី នាពេលកន្លងមក
​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ក្នុងការ​លើ​កម្ពស់​សិទ្ធិ​ស្ត្រី​លើ​វិស័យ​ធុរកិច្ច និង​ច្បាប់ ដោយ​ទទួលបាន​ពិន្ទុសរុប​ចំនួន ៧៥ លើ​សូចនាករ​ចំនួន ៨ នៃ​ការវាស់វែង​លើ​ការលើកកម្ពស់​ស្ត្រី​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ កុម្ភៈ​។

 
​របាយការណ៍​ខាងលើ​បង្ហាញថា​កម្ពុជា​ទទួលបាន​ពិន្ទុ​១០០ លើ​សូចនាករ​ចំនួន​បី ក្នុងនោះ​មានការ​ផ្ដល់ឱកាស​ដល់​ស្ត្រី​ក្នុងការ​មានការ​ងារ​, ការផ្ដល់​ឱកាស​ក្នុង​ការធ្វើ​ជំនួញ​, និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​។ ប៉ុន្តែ​កម្ពុជា​ក៏​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ផងដែរ ពាក់ព័ន្ធ​នឹង​ការរៀប​អាពាហ៍ពិពាហ៍​(​ស្ត្រី​ត្រូវបាន​រិត​ត្បិត​សិទ្ធិ​ក្រោយ​រៀបការ​រួច​) ទទួលបាន​ការវាយតម្លៃ​ពិន្ទុ ៨០, ការទទួលបាន​ប្រាក់ខែ​ខ្ពស់ (​ស្ត្រី​នៅ​ទទួលបាន​ប្រាក់ខែ​ទាប​ជាង​បុរស​) មាន​ពិន្ទុ ៧៥, ប្រាក់​សោធន​និវត្តន៍​មាន​ពិន្ទុ ២៥ និង​ការ​គាំពារ​ស្រី្ត​មានកូន ទទួលបាន​ពិន្ទុ ២០​។ 
 
​ក្នុង​តំបន់​អាស៊ាន ប្រទេស​ឡាវ​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ ៨៨​ពិន្ទុ​, សិង្ហ​បុរី​ទទួលបាន ៨៣​ពិន្ទុ​, វៀតណាម ទទួលបាន​៨២​ពិន្ទុ​, ហ្វីលីពីន ទទួលបាន​៨១​ពិន្ទុ​, ថៃ​ទទួលបាន​៧៥​ពិន្ទុ​, ឥណ្ឌូណេស៊ី ទទួលបាន ៦៤ ,​មី​យ៉ាន់​ម៉ា​ទទួលបាន ៥៦ ,​ព្រុយ​ណេ ទទួលបាន ៥៣ និង​ម៉ាឡេស៊ី ទទួលបាន ៥០​ពិន្ទុ ខណៈ​ជប៉ុន មាន​៧៩​ពិន្ទុ និង​ចិន មាន​៧៦​ពិន្ទុ ។​
 
​ប្រធានស្តីទី​នៃ​ធនាគារពិភពលោក អ្នកស្រី Kristalina Georgieva បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ប្រសិនបើ​ស្ត្រី​មានឱកាស​ក្នុង​ការបង្ហាញ​សក្តានុពល​ពេញ​បរិបូរ​របស់​ពួកគេ​នោះ ពិភពលោក​នឹងមាន​យុត្តិធម៌ និង​វិបុលភាព​ពេញលេញ​។ 
 
​អ្នកស្រី​បាន​និយាយថា​៖«​ការផ្លាស់ប្តូរ​ពិតជា​មាន ប៉ុន្តែ​ក្នុង​ល្បឿន​យឺត​នៅឡើយ ខណៈ​ស្ត្រី ២,៧ ពាន់​លាន​នៅតែ​ត្រូវបាន​រារាំង​មិន​ឲ្យ​មាន​ជម្រើស​ការងារ​ដូច​បុរស​។ អ្វីដែល​សំខាន់បំផុត​នៅពេលនេះ​ត្រូវ​ដកចេញ​នៅ​ឧបសគ្គ​ទាំងនោះ​ចេញពី​ស្ត្រី ហើយ​របាយការណ៍​នេះ​យើង​ចង់បង្ហាញ​ពី​ការ​កំណែទម្រង់​ក្នុងការ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​»​។​
 
​ប្រទេស​អភិវឌ្ឍន៍​ចំនួន​៦​ប៉ុណ្ណោះ ដែល​ទទួលបាន​ពិន្ទុ ១០០​ពេញ លើ​ការផ្ដល់​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី មានដូចជា ប្រទេស​បែលហ្ស៊ិក​, ដា​ណឺ​ម៉ាក​, បារាំង​, សាធារណរដ្ឋ​ឡា​ត​វី​យ៉ា​, លុច​សំបួរ និង​ប្រទេស​ស៊ុយអែត​។ ក្នុង​របាយការណ៍​ក៏បាន​កត់សម្គាល់ថា កម្ពុជា​ទទួលបាន​ពិន្ទុ​ល្អ​ត្រង់ចំនុច​នៃ​ការផ្ដល់​សិទ្ធិ​ឲ្យ​ស្ត្រី​ក្នុងការ​គ្រប់គ្រង​ទ្រ​ព​សម្បត្តិ ខណៈ​ចំណុច​នឹងមាន​កំណែទម្រង់​យឺត​នៅ​ប្រទេស​ដ៏​ទៃ​ក្នុង​ពិភពលោក​។

ដ្បិត​មិនទាន់​បានឃើញ​របាយការណ៍​នេះ​ក្តី តែ​កញ្ញា សេង រាសី នាយិកា​អង្គការ​សីល​ការ បាន​ទទួលស្គាល់ថា ស្ថានភាព​ទូទៅ​របស់​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពល្អប្រសើ​ច្រើន ក្នុង​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ​វា​ក៏​នៅមាន​ចំណុច​ខ្វះខាត​ខ្លះ​ដែរ​។ ត្រង់ចំណុច​នេះ​កញ្ញា រាសី បា​នស​ង្គ​ត់​ធ្ងន់​ថា​ការចូលរួម​របស់​ស្រី សម្រាប់​ការផ្ដល់​យោបល់​និង​សម្រេចចិត្ត​មាន​តិច​នៅឡើយ ដោយសារ​កត្តា​សង្គម​ដែល​បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការចូលរួម​នេះ ។ ដូច្នេះ​កញ្ញា​ជំរុញ​ឲ្យ​រាជ​រដ្ឋ​ភិ​បាល បន្ត​លើកកម្ពស់​ស្ត្រី​ក្នុង​កម្រិត​ថ្នាក់​សម្រេចចិត្ត​បន្ថែមទៀត​។ 
 
​នាយិកា​អង្គការ​សីល​ការ​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្ត្រី​មានការ​ចូលរួម​ច្រើន​នូវ​គ្រប់​គ​ម្រិ​ត និង​គ្រប់​អាជីព​ដែរ ខណៈ​ពីមុន​មិនមាន​ច្រើន​ទេ​។ បើ​និយាយ​ពី​ការចូល​រួមមាន​ច្រើន​ប៉ុន្តែ​សំនួរ​សួរថា​តើ​ស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ថ្នាក់​ស​ម្រេ​ចិត្ត​ឬ​នៅ​? តើ​ស្ត្រី​បាន​ឈរ​ក្នុង​ថ្នាក់​ស​ម្រេ​ចិត្ត​ស្មើនឹង​បុរស​ឬ​នៅ​?»​។ 
 
​កន្លងមក​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ច្បាប់ និង​គោលនយោបាយ​ស្តីពី​អំពើហិង្សា​លើ​ស្ត្រី ហើយក៏​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងច្រើន ដើម្បី​ធ្វើ​ឲ្យ​ការផ្ដល់សេវា​សម្រាប់​ស្ត្រី និង​ក្មេងស្រី​ដែល​ប្រឈម​នឹង​អំពើហិង្សា កាន់តែ​ល្អប្រសើរ​ជាង​មុន ដូចជា គំនិត​ផ្តួចផ្តើម​ប្រយុទ្ធ​នឹង​ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែងធ្វើការ និង​ក្នុង​សហគមន៍​ជាដើម​។ ប្រទេស​កម្ពុជា​ក៏បាន​អនុវត្ត​សកម្មភាព​សំខាន់ៗ​ជា​ជំហានៗ ក្នុងការ​រៀបចំ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​របស់​ស្ត្រី នៅ​កន្លែងធ្វើការ​។ ច្បាប់​នេះ​ចែងថា បុរស និង​ស្ត្រី ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​ស្មើគ្នា សម្រាប់​ការងារ​ដែលមាន​តម្លៃ​ស្មើគ្នា ហើយ​ការរើសអើង​ភេទ​ក្នុង​ការជួល​បុគ្គលិក គឺជា​អំពើ​ខុសច្បាប់​។ សិទ្ធិ​សម្រាកលំហែ​មាតុភាព និង​សិទ្ធិ​បំបៅកូន ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នេះ​ផងដែរ​។ រាជ​រដ្ឋ​ភិ​បាល​ក៏​កំពុង​ជម្រុញ​គោលនយោបាយ​ថ្មីៗ សម្រាប់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ស្ត្រី ដើម្បី​បង្កើន​ជំនាញ​ដល់​ស្ត្រី​ក្នុងការ​ប្រ​គួ​ត​ប្រជែង​ទីផ្សារការងារ​ផងដែរ​៕
 
 
 
 

Tag:
 ​កម្ពុជា​
  សិទ្ធិ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com