ជាតិ
នយោបាយជាតិ
កម្ពុជា-ចិន ធ្វើសមយុទ្ធដល់ទៅ២៨ថ្ងៃ ដើម្បីពង្រឹងកិច្ចសហការផ្នែកកងទ័ព រូបពីក្រសួងការពារជាតិ
× កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ប្រើពេលដល់ទៅ២៨ថ្ងៃឯណោះ ក្នុងការធ្វើសមយុទ្ធ ដែលហៅថា «លំហាត់នាគមាសឆ្នាំ២០១៩»។ សមយុទ្ធនេះ បានចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ សរសេរលើទំព័រហ្វេសប៊ុកថា «លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩» ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន និងដើម្បីផ្លាស់ប្តូរបទពិសោធធ្វើលំហាត់រួមគ្នាលើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្របតាមកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ លោក សរសេរទៀតថា លំហាត់នេះ ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហររបស់រដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តនយោបាយការពារជាតិរវាងប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយគ្នាលើគ្រប់វិស័យនិងគ្រប់ជ្រុងជ្រោយ។
រូបពីក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍រូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ពីថ្ងៃ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ គឺជាការចាប់ផ្តើមហ្វឹកហាត់សមជាមុន នៅក្នុងផ្ទៃក្នុងរបស់កងទ័ពកម្ពុជាប៉ុណ្ណោះ ដោយមិនទាន់មានការចូលរួមពីកងទ័ពចិនទេ។ លោក បន្តថា ពិធីបើក «លំហាត់នាគមាសឆ្នាំ២០១៩» ផ្លូវការជាមួយកងទ័ពចិន នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ហើយពិធីបិទនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក បញ្ជាក់ថា៖«បើគិតទៅតែពីរសប្តាហ៍ទេ។ ហើយយើងធ្វើនេះ អត់ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងអីទេ គឺជាការពង្រឹងសមត្ថភាពរបស់កងទ័ពយើង និងជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពចិន ដូចដែលយើងធ្វើរាល់ដងអ៊ីចឹង»។
រូបពីក្រសួងការពារជាតិ
ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺននេះ កងទ័ពចិន មាន២៥២នាក់ និងកងទ័ពកម្ពុជា មាន២៥៤២នាក់ ដោយក្នុងនោះមាន កម្លាំងធ្វើលំហាត់៣៨២នាក់ កម្លាំងបម្រើការក្នុងលំហាត់៤៤៨នាក់ កម្លាំងចូលរួមក្នុងពិធីបើក-បិទ១៦៨៥នាក់។ លោក បន្ថែមថា ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
លោក បញ្ជាក់ថា អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមាន រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាចក្រ អាវុធគាំទ្រពីលើអាកាស ជាដើម។ នេះគឺជាលំហាត់នាគមាសលើកទីបីហើយរវាងកងទ័ពប្រទេសទាំងពីរ។ សមយុទ្ធនេះ ចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០១៦មក តែឆ្នាំ២០១៧ ពុំបានធ្វើនោះទេ៕
Tag:
ឈុំ សុជាត
ក្រសួងការពារជាតិ
កម្ពុជា
ចិន
កងទ័ព
សមយុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com