អត្ថបទពាណិជ្ជកម្ម
លោក ត្រាំ អុីវតឹក សរសើរ​ក្រុមហ៊ុន Huawei សម្រាប់​ការប្តេជ្ញាចិត្ត​រយៈពេល​២០​ឆ្នាំ ក្នុង​វិស័យ ICT នៅ​កម្ពុជា
28, Feb 2019 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​គណៈប្រតិភូ​បានធ្វើ​ទស្សនកិច្ច​ស្តង់​ក្រុមហ៊ុន Huawei ក្នុងឱកាស​នៃ​ការចូលរួម​កម្មវិធី​សមាជ​ទូរ​សព្ទ​ពិភពលោក GSMA MWC (Mobile World Congress) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ពីថ្ងៃ​ទី ២៥ រហូតដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្តង់​ពិ​ព័រ​ណ៌​របស់​ក្រុមហ៊ុន Huawei លោក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដោយ លោក Du Yeqing អនុប្រធាន​ផ្នែក​បច្ចេកវិទ្យា 5G នៃ​ក្រុមហ៊ុន Huawei និង លោក David Li នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​។ នៅក្នុង​កិច្ច​ជំនួប​នោះ លោក Du Yeqing បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា អំពី​លទ្ធផល​ការងារ​នៃ​ក្រុមហ៊ុន Huawei ក្នុង​ឆ្នាំ​២០១៨ នៅលើ​ឆាក​អន្តរជាតិ និង​ប្រទេស​កម្ពុជា ក៏ដូចជា​ពី​ភា​ក្សា​អំពី​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា 5G នាពេល​អនាគត​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Huawei ជឿជាក់ថា​ឆ្នាំ ២០១៩ គឺជា​ឆ្នាំ​ដំបូង​នៃ​បច្ចេកវិទ្យា 5G សម្រាប់​ប្រទេស​កម្ពុជា ដែល​នឹង​អាចជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរឡើង​។ ក្រៅពីនោះ ភាគី​ទាំងពីរ ក៏បាន​ចែករំលែក​គំនិត យោបល់ ស្តីពី​ផែនការ​នៃ​ក្រសួង ក្នុងការ​អនុម័ត​គោលនយោបាយ និង​ច្បាប់​ពាក់ព័ន្ធ សម្រាប់​កែលម្អ​បរិយាកាស​ធុរកិច្ច​ទីផ្សារ​ទូរគមនាគមន៍ ដើម្បី​ជម្រុញ​ឱ្យ​ប្រតិបត្តិ​ករ វិនិយោគ​បន្ថែម និង​ទប់ស្កាត់​ការប្រកួតប្រជែង ដែលមាន​លក្ខណៈ​អវិជ្ជមាន​។​


 
​លោក Du Yeqing បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​កសាង​បណ្ដាញ​ត​ភ្ជាប់​ទូទាំងប្រទេស ពោលគឺ​កម្ពុជា​ឆ្លាត​វៃ (Intelligent Cambodia) ហើយ​តាមរយៈ​បេសកកម្ម​មួយ​នេះ ក្រុមហ៊ុន Huawei មាន​សេចក្តី​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ជាមួយនឹង​ជំនាញ​នៃ​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មានវិទ្យា​(ICT) និង​ភាពរឹងមាំ​នៃ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន »​។​
 
​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏មាន​ប្រសាសន៍​កោតសរសើ​ដល់​ក្រុមហ៊ុន Huawei ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​រយៈកាល​កន្លងទៅ ហើយ​លោក​រដ្ឋមន្ត្រី ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ខួប​២០​ឆ្នាំ នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​។ លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ក្នុង​ការផ្តល់សេវា​ផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ ICT និង​ឧបករណ៍​អេឡិចត្រូនិក​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ជា​ដៃគូ​ដ៏​ជឿជាក់​សម្រាប់​កម្ពុជា និង​ទីផ្សារ ICT ។ ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ក្រុមហ៊ុន Huawei បានរៀបចំ​ផែនការ​ស្តីអំពី​បច្ចេកវិទ្យា​ទំនាក់ទំនង​ទូរគមនាគមន៍ 2G, 3G ទៅ 4G ហើយ​ឥឡូវនេះ បាន​ត្រៀមខ្លួន​សម្រាប់ 5G ហើយក៏​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ទទួលខុសត្រូវ​សង្គម នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​»​។​


 
​លោក​រដ្ឋមន្ត្រី ជឿជាក់ថា​ក្រុមហ៊ុន Huawei អាច​ចូលរួមចំណែក​កាន់តែ​ច្រើស​ម្រា​ប់​ការផ្លាស់ប្តូរ​ឌីជីថល​កម្ពុជា និង​ជួយ​ប្រទេស​កម្ពុជា ឱ្យ​ឆ្ពោះទៅរក​ឧស្សាហកម្ម​ជំនា​ន់ទី  ៤​នៅ​ថ្ងៃ​អនាគត​។​
 
​សូមបញ្ជាក់ថា សមាជ​ទូរ​សព្ទ​ពិភពលោក MWC 2019 គឺជា​ព្រឹត្តិការណ៍​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក ដែល​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​បច្ចេកវិទ្យា​ឈានមុខ​គេ ពី​ក្រុមហ៊ុន​ឈានមុខ​ជាង 2400 ក្រុមហ៊ុន​។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​កម្មវិធី​សន្និសីទ​កំពូល ដោយ​ប្រមូលផ្តុំ​ដោយ​ទស្សនវិទូ និង​អ្នកជំនាញ​ជាច្រើន ដើម្បី​ស្វែងយល់​ពី​ប្រធានបទ​ថ្មីៗ ដែលមាន​ឥទ្ធិពល​បំផុត​សម្រាប់​ឧស្សាហកម្ម​បច្ចេកវិទ្យា​។ នេះ​ក៏​ជា​ឱកាស​ក្នុងការ​ស្វែងយល់ ពី​កម្មវិធី​ដែល​ដឹកនាំ​ដោយ​ដៃគូ​រាប់ពាន់ ដូចជា​សិក្ខាសាលា GSMA និង​កិច្ចប្រជុំ​កំពូល​ជាច្រើន​ទៀត​។ នៅក្នុង​កម្មវិធី​នេះ អ្នក​អាច​ស្វែងយល់​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​អ្នក​ចង់ដឹង​អំពី​ឧស្សាហកម្ម​នាពេល​បច្ចុប្បន្ន និង​អាច​លើសពីនេះ​ទៀត ។  MWC 2019 សន្យាថា​ពង្រីក​បណ្តាញ​ទំនាក់ទំនង និង​ជួយ​អ្នក​ឱ្យសម្រេចបាន នូវ​គោលដៅ​របស់​អ្នក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com