អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ស្វែងយល់​៥​ចំណុច​នេះ​សិន បើ​ចង់​វិនិយោគ​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​
01, Mar 2019 , 5:19 pm        
រូបភាព
ដោយ:
​ទីផ្សារ​អចលនទ្រព្យ​កំពុងតែ​រីកចម្រើន​ខ្លាំង និង​មាន​ការចាប់​អា​ម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក និង​វិនិយោគិន​ពី​ក្រៅ​ស្រុក​។ វិស័យ​អចលនទ្រព្យ ក៏បាន​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​ជាច្រើន ឲ្យ​ប្រឡូក​ចូលក្នុង​វិស័យ​នេះដែរ ហើយ​ចំណោម​នេះ មាន​អ្នកខ្លះ​ក៏​ជោគជ័យ ហើយ​ខ្លះទៀត ក៏​បរាជ័យ ក្នុង​រយៈពេល​ដ៏​ខ្លី​។
 
​បរាជ័យ​ត្រូវបាន​ចាត់ទុកជា​បទពិសោធ​ន៍​។ ចំណែក​ជោគជ័យ ក្នុង​វិស័យ​អចលនទ្រព្យ បាន​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​ចាប់​អា​ម្មណ៍​បំផុត​។ ប៉ុន្តែ​សួរថា តើ​ភាពជោគជ័យ​កើតឡើង​ដោយសារ​កត្តា​អ្វីខ្លះ​?
 
​វា​មាន​កត្តា​ច្រើន​ជុំវិញ​សំណួរ​នេះ ហើយ​ខាងក្រោម​នេះ ជា​គំនិត​គួរ​ពិចារណា​៥​យ៉ាង ដែល​វិនិយោគិន​ថ្មីៗ ត្រូវតែ​ស្វែងយល់ មុននឹង​ឈាន​ជើង​ចូលក្នុង​វិស័យ​មួយ​នេះ​។​
 
១. ចក្ខុវិស័យ​
​អ្នក​ត្រូវតែមាន «​ចក្ខុវិស័យ​» ច្បាស់លាស់ សម្រាប់​អនាគត​នៃ​គម្រោង​វិនិយោគ​របស់​អ្នក​។ នៅពេល​មាន​ចក្ខុវិស័យ​ត្រឹមត្រូវ អ្នកនឹង​ដើរទៅ​តាម​ផែនការ​អនាគត​ដ៏​វែងឆ្ងាយ​។ មាន​ចក្ខុវិស័យ​ទើប​ធ្វើ​ឲ្យ​អ្នកដើរ​ទៅមុខ​ដោយ​មិន​វង្វេងផ្លូវ ហើយ​នេះ​ក៏​ជា​អ្វីដែល​អាចដឹកនាំ​ក្រុមការងារ​ទាំងអស់ ឲ្យ​គិត និង​ចូលរួម​កិច្ចការ​ក្នុងទិសដៅ​តែមួយ​។
២. ភាពស្របច្បាប់​
​គ្មាន​គម្រោង​ជោគជ័យ​ណាមួយ ដែល​អាច​ជ្រក​ក្រោម​ស្លាក​នៃ​គម្រោង​ក្រៅ​ផ្លូវច្បាប់​បានឡើយ​។ នៅពេល​អ្នក​ចាប់ផ្តើម​វិនិយោគ អ្នក​ត្រូវតែ​ដាក់​ស្នើ​រាល់​តម្រូវការ​ផ្លូវការ​ផ្នែក​ច្បាប់ ឲ្យ​បាន​ត្រឹមត្រូវ​។ ត្រូវ​ចងចាំ​ថា​ចំណុចខ្លាំង​មួយ​របស់​គម្រោង​អចលនទ្រព្យ គឺ​ការគាំទ្រ​ដោយ​ច្បាប់​។​
 
៣. ភាព​ចន្លោះប្រហោង​នៃ​ច្បាប់​
​ច្បាប់​គឺជា​ព្រំដែន​ដែល​តម្រង់ទិស និង​ប្រាប់ថា​អ្វីដែល​អ្នក​អាច​ធ្វើបាន និង​អ្វី​មិនអាច​ធ្វើបាន​ដែល​នេះ​មានន័យថា អ្នក​អាចធ្វើ​អ្វី​ក៏បាន​ឲ្យ​តែ​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​។ ប៉ុន្តែ​ភាព​ចន្លោះ​នៃ​ច្បាប់ គឺជា​ឱកាស​ដ៏​ល្អឥតខ្ចោះ ដែល​អ្នកវិនិយោគ​ត្រូវតែ​រក​ឲ្យ​ឃើញ នៅពេល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​។​
 
​តាម​ជាក់ស្តែង ជាទូទៅ​ច្បាប់​ក្នុងការ​គ្រប់គ្រង​វិស័យ​អចល​ទ្រព្យ​កម្ពុជា នៅមាន​ភាព​ធូរ​លុង​នៅឡើយ​។ គេ​មើលឃើញថា​ច្បាប់​មួយចំនួន ត្រូវបង្កើត​ឡើង​ថ្មីៗ ដើម្បី​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ដីធ្លី គ្រប់គ្រង​ភ្នាក់ងារ ឬ​ការសាងសង់​ជាដើម ដែល​កំពុង​កើនឡើង​ដ៏​ឆាប់រហ័ស​ក្នុងពេល​បច្ចុប្បន្ន​។ ទោះយ៉ាងណា គេ​មើលឃើញថា​ដើម្បី​ធានា​ដល់​និរន្តរភាព​រយៈពេល​វែង នៃ​វិស័យ​ទាំងមូល​កម្ពុជា ត្រូវការ​បទបញ្ញត្តិ​ជាច្រើន​ទៀត​។  
 
៤. ដឹង​ពី​ទំនោរ​នៃ​ទីផ្សារ​
​ទំនោរ​នៃ​ទីផ្សារ​មាន​ឥទ្ធិពល​ខ្លាំង លើ​ការទិញ​លក់​អចលនទ្រព្យ​។ កាលពី​មុនគេ​មិនឃើញ​មាន​គម្រោង​លំនៅដ្ឋាន​តម្លៃ​ទាប នៅតាម​ជាយក្រុង​នោះទេ ហើយ​គម្រោង​ដី​ឡូ​តិ៍ ក៏​មិនមាន​អ្នក​ចាប់​អា​ម្មណ៍​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​មនុស្ស​ភាគច្រើន ចាប់​អា​ម្មណ៍​ផ្ទះ ឬ​ដី​តាម​ជាយក្រុង​នោះ ជា​មូល​ហេតុដែល​គម្រោង​តម្លៃ​សមស​ម្យ​ជាច្រើន រីកដុះដាល​នៅតាម​តំបន់​ជាយក្រុង​។​
 
​ការវិភាគ​ការតាមដាន និង​សិក្សា​ស្វែងយល់ ពីរ​បត់​នៃ​ទីផ្សារ​អចលនទ្រព្យ​ពេលកន្លងមក និង​បច្ចុប្បន្ន​បាន​ល្អិតល្អន់ អាចជួយ​ឲ្យ​អ្នកទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​។ បន្ថែម​លើសពីនេះ​ទៀត អ្នក​ក៏ត្រូវ​អាច​រកឃើញ​ពី​ទំនោរ​របស់​អ្នកទិញ នៅក្នុង​រយៈ ២​ឆ្នាំ ៥​ឆ្នាំ ឬ ១០​ឆ្នាំ​ទៅមុខ ប្រសិនបើ​ចង់​ឈរជើង​ដោយ​ភាពរឹងមាំ​ក្នុង​ទីផ្សារ​មួយ​នេះ​។​
 
៥. ចេះ​បង្កើត​ឱកាស​វិនិយោគ​
​វិនិយោគ​ត្រូវ​ពឹង​ផ្នែក​លើក​ត្តា​គាំទ្រ​ពី​ខាងក្រៅ​ដូចជា​៖ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​ច្បាប់​ជាដើម​។  ប៉ុន្តែ​សូម​ចង់ចាំ​ថា អ្នកវិនិយោគ​ត្រូវតែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង និង​ផ្តល់ឱកាស​នេះ​ឲ្យ​អ្នកដទៃ​ជួយ​បង្ករ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​នានា នៅក្នុង​តំបន់​នៃ​គម្រោង​របស់​អ្នក​។​
 
​នេះ​មានន័យថា អ្នក​ត្រូវ​វិនិយោគ​នៅ​កន្លែង​ថ្មី ដែល​មិនទាន់មាន​គម្រោង​ផ្សេង ហើយ​ដើរតួ​ជា​អ្នក​ស្រូបយក​ទាំង​មនុស្ស និង​គម្រោង​ផ្សេងៗ​ឲ្យ​ចូលទៅ​តំបន់​នោះ​។  អភិវឌ្ឍ​គម្រោង​វិនិយោគ​បែបនេះ អ្នក​អាចបង្កើត​កេរ្តិ៍ឈ្មោះ​បាន​យ៉ាង​ឆាប់រហ័ស​។ អ្នកជំនាញ​ជាច្រើន​បាន​អះអាងថា តំបន់​ជាយក្រុង​ក្នុង​រង្វង់​៣០​គីឡូម៉ែត្រ ពី​តំបន់​កណ្តាល​ក្រុង មាន​សក្តានុពល​បំផុត​នៅពេល​អនាគត​។ ជាការ​ពិតណាស់ គម្រោង​បែបនេះ ត្រូវតែ​ត្រូវការ​ដើមទុន​ធំ ដើម្បី​វិនិយោគ​។ តែ​ទោះយ៉ាងណា អ្នក​អាចធ្វើ​ក្នុង​កម្រិត​ណាមួយ តាម​លទ្ធភាព​ជាក់ស្តែង​របស់​អ្នក​។​
 
៦. ដើមទុន​
​រាល់​ការវិនិយោគ​ត្រូវតែមាន​ដើមទុន​។  ដើមទុន​ច្រើន​វិ​និ​យោ​បាន​កាន់តែ​ធំ ហើយ​អាច​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកទិញ​បាន​កាន់តែខ្លាំង​។ សម្រាប់​ពេលបច្ចុប្បន្ន មាន​វិ​យោគិន​មួយចំនួន​បាន​វិនិយោគ​ដោយ​ប្រើប្រាស់​ដើមទុន​តិចតួច ដោយ​រំពឹង​លើ​ការលក់​មុន​គម្រោង​(​ធ្វើ​នំ​អត់​ម្សៅ​)​។ ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ទាំង​អ្នកជំនាញ រដ្ឋាភិបាល និង​ភាគី​ធនាគារ បាន​ព្រមាន​ពី​ហានិភ័យ​ខ្ពស់ ដោយសារតែ​គម្រោង​នឹង​ជាប់គាំង នៅពេល​គម្រោង​មិនមាន​ទុន​បង្វិល​គ្រប់គ្រាន់ ដើម្បី​ដំណើរការ​សាងសង់​ឲ្យ​ចប់​ទាំងស្រុង​។​
 
​សរុបទៅ​ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ គឺ​ពិតជា​ត្រូវ​ទាមទារ​ឲ្យ​វិនិយោគិន​ខ្លួនឯង ថ្លឹងថ្លែង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ សម្រាប់​វិនិយោគ​ថ្មីថ្មោង អ្នក​ពិតជា​មិនអាច​ធ្វើ​សម្រេចចិត្ត​ដោយ​ខ្វះ​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​បានទេ​៕
 
​ប្រភព​៖ realestate.com.kh!
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com