ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ សមាជិក​RCEP ត្រូវ​រួមគ្នា​សម្រេច​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​មហាអំណាច​ជ្រុលនិយម​
02, Mar 2019 , 1:37 pm        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក RCEP ពង្រឹង​ការចចារ​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ឲ្យ​បាន ដើម្បី​ទប់ទល់​នឹង​នយោបាយ​ជ្រុលនិយម​របស់​មហាអំណាច​ធំៗ​ដែល​គិតតែ​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន ដែល​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​សេរី​នៃ​ប្រទេស​ដែលជា​សមាជិក RCEP​។

 
​ដើម្បី​សម្រេចបាន​លើ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​នេះ ប្រទេស​សមា​ជិត RCEP ទាំងអស់​ត្រូវ​គិតថា​ការចចារ​នេះ ជា​ដំណើរការ​នយោបាយ​ឈ្នះៗ មាន​ឆន្ទៈ​នយោបាយ​រួម និង​ប្រយោជន៍​រួម​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​រំពឹងថា ចំណុច​សេសសល់​នៅក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច នឹង​អាច​ចរចា​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០១៩​នេះ​។​
 
​ថ្លែង​ក្នុង​អន្តរ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (7th RCEP ISSL MM) នា​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​ខេត្តសៀមរាប សម្តេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖« យើង​ត្រូវ​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​កិច្ចព្រមព្រាង​រួមគ្នា​ដ៏​មាន​សារៈសំខាន់​ឲ្យ​បាន​ទាន់ពេលវេលា​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រទេស​ស​ជា​មា​ជិ​ក RCEP ទាំងអស់​ត្រូវមាន​ឆន្ទៈ​នយោបាយ​រួម និង​ផ្ដល់​ការណែនាំ​ដល់​សមាជិក​ក្នុង​ការចរចា​ពាណិជ្ជ​កម្មនេះ ដោយ​ភាព​ទន់​ភ្លន និង​ការផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក ស្របតាម​គោលការណ៍​ណែនាំ​ដែល​បាន​ឯកភាពគ្នា​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្ថែមថា ប្រសិន​កិច្ចព្រមព្រៀង​នេះ សម្រេចបាន​នោះ ប្រទេស​ដែលជា​សមាជិក RCEP ទាំងអស់​នឹង​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ខណៈ​ប្រទេស​អភិវឌ្ឍ​ជាច្រើន​កំពុង​សម្លឹង​មក​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែលមាន​ទីផ្សារសេរី និង​បើកចំហរ​។ បើតាម​សម្ដេច ហ៊ុន សែន កិច្ចព្រមព្រៀង​នោះ មិន​ត្រឹមតែ​ជួយ​ដល់​វិស័យសេដ្ឋកិច្ច​ទេ សូម្បីតែ​រឿង​នយោបាយ និង​សន្តិសុខ​នានា ក៏​អាច​ដោះស្រាយ​រួមគ្នា​បានដែរ​។​
 
​ទន្ទឹមនឹង​ការជំរុញ​នេះ សម្តេច ហ៊ុន សែន ក៏បាន​បង្ហាញ​ជំហរ​ថា កម្ពុជា​នឹង​កែប្រែ​ច្បាប់​គតិយុត្ត​នានា​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​នេះ និង​ទប់ទល់​នយោបាយ​គាំពារ​និយម ឯក​ត្តោ​ភាព​គី ដែល​អាច​បណ្ដាល​ឲ្យ​បាត់បង់​សកល​ភា​វូប​និ​យក​ម្ម​។ 
 
​លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ប្តេជ្ញាចិត្ត ក្នុងការ​គាំទ្រ​គោលនយោបាយ​ពហុភាគី និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នេះ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែលមាន​ភាព​បើកចំហ និង​ជា​មូលដ្ឋាន​រក្សា​កំណើន និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សាកល​។ ជាពិសេស​វា​ក៏​ជា​ចំណុច​សំខាន់​មួយ ក្នុងការ​ការពារ​មិន​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុង​ពិភពលោក ដែល​អាច​បណ្តាល​មក​ស​ង្គ្រា​ម​សេដ្ឋកិច្ច ក្នុង​កាលៈទេសៈ​ណាមួយ​ផងដែរ​។ 
 
​ប្រទេស​ជា​សមាជិក RCEP មាន​ប្រទេស​អាស៊ាន​ទាំង​១០ និង​ប្រទេស​ជា​ដៃគូ​៦ អូស្ត្រាលី​, ចិន​, ឥណ្ឌា​, ជប៉ុន​, កូរ៉េខាងត្បូង និង​នូ​វែ​ល​សេ​ឡង់ បាន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រួមគ្នា​កាលពី​ឆ្នាំ​២០១២​។ ប្រជាជន​សរុប​ក្នុងប្រទេស​សមាជិក RCEP មាន ៤៥​ភាគរយ នៃ​ប្រជាជន​សរុប ក្នុង​ព​ភព​លោក និង​ផលិតផល​សរុប​ជាង ៣៨ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ពិភពលោក​។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​មាន ២៨,៥​ភាគរយ នៃ​ពា​ណិ​ជ្ចក​ម្ម​ពិភពលោក និង​ផលិតកម្ម​មាន ៣១,៦ ភាគរយ​នៃ​ផលិតកម្ម​ពិភពលោក​។ ហើយ​ក្នុង​ដើមឆ្នាំ​២០១៩​នេះ​មាន​លំហូរ​វិនិយោគ​ពី​បរទេស​មាន​ទំហំ​១,៥​ភាគរយ នៃ​ពិភពលោក​៕

Tag:
 ​កម្ពុជា​
 RCEP
© រក្សាសិទ្ធិដោយ thmeythmey.com