ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យប្រទេសជាសមាជិក RCEP ពង្រឹងការចចារលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ឲ្យបាន ដើម្បីទប់ទល់នឹងនយោបាយជ្រុលនិយមរបស់មហាអំណាចធំៗដែលគិតតែផលប្រយោជន៏ផ្ទាល់ខ្លួន ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មសេរីនៃប្រទេសដែលជាសមាជិក RCEP។
ដើម្បីសម្រេចបានលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នេះ ប្រទេសសមាជិត RCEP ទាំងអស់ត្រូវគិតថាការចចារនេះ ជាដំណើរការនយោបាយឈ្នះៗ មានឆន្ទៈនយោបាយរួម និងប្រយោជន៍រួម។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលរំពឹងថា ចំណុចសេសសល់នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច នឹងអាចចរចាបញ្ចប់នៅត្រឹមឆ្នាំ២០១៩នេះ។
ថ្លែងក្នុងអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្នុងខេត្តសៀមរាប សម្តេច ហ៊ុន សែន បាននិយាយដូច្នេះថា៖« យើងត្រូវរួមគ្នាខិតខំប្រឹងប្រែងដើម្បីបញ្ចប់កិច្ចព្រមព្រាងរួមគ្នាដ៏មានសារៈសំខាន់ឲ្យបានទាន់ពេលវេលា។ ខ្ញុំសូមអំពាវនាវដល់ប្រទេសសជាមាជិក RCEP ទាំងអស់ត្រូវមានឆន្ទៈនយោបាយរួម និងផ្ដល់ការណែនាំដល់សមាជិកក្នុងការចរចាពាណិជ្ជកម្មនេះ ដោយភាពទន់ភ្លន និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមគោលការណ៍ណែនាំដែលបានឯកភាពគ្នា»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ប្រសិនកិច្ចព្រមព្រៀងនេះ សម្រេចបាននោះ ប្រទេសដែលជាសមាជិក RCEP ទាំងអស់នឹងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងនេះ ខណៈប្រទេសអភិវឌ្ឍជាច្រើនកំពុងសម្លឹងមកឥណ្ឌូប៉ាស៊ីហ្វិក ដែលមានទីផ្សារសេរី និងបើកចំហរ។ បើតាមសម្ដេច ហ៊ុន សែន កិច្ចព្រមព្រៀងនោះ មិនត្រឹមតែជួយដល់វិស័យសេដ្ឋកិច្ចទេ សូម្បីតែរឿងនយោបាយ និងសន្តិសុខនានា ក៏អាចដោះស្រាយរួមគ្នាបានដែរ។
ទន្ទឹមនឹងការជំរុញនេះ សម្តេច ហ៊ុន សែន ក៏បានបង្ហាញជំហរថា កម្ពុជានឹងកែប្រែច្បាប់គតិយុត្តនានាជាមួយបណ្ដាប្រទេសជាសមាជិក ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ និងទប់ទល់នយោបាយគាំពារនិយម ឯកត្តោភាពគី ដែលអាចបណ្ដាលឲ្យបាត់បង់សកលភាវូបនិយកម្ម។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្ត ក្នុងការគាំទ្រគោលនយោបាយពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិនេះ ដើម្បីលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានភាពបើកចំហ និងជាមូលដ្ឋានរក្សាកំណើន និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងសាកល។ ជាពិសេសវាក៏ជាចំណុចសំខាន់មួយ ក្នុងការការពារមិនឲ្យមានភាពច្របូកច្របល់ក្នុងពិភពលោក ដែលអាចបណ្តាលមកសង្គ្រាមសេដ្ឋកិច្ច ក្នុងកាលៈទេសៈណាមួយផងដែរ។
ប្រទេសជាសមាជិក RCEP មានប្រទេសអាស៊ានទាំង១០ និងប្រទេសជាដៃគូ៦ អូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង និងនូវែលសេឡង់ បានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នាកាលពីឆ្នាំ២០១២។ ប្រជាជនសរុបក្នុងប្រទេសសមាជិក RCEP មាន ៤៥ភាគរយ នៃប្រជាជនសរុប ក្នុងពភពលោក និងផលិតផលសរុបជាង ៣៨ ភាគរយនៃផលិតផលសរុបក្នុងពិភពលោក។ ចំណែកទំហំពាណិជ្ជកម្មមាន ២៨,៥ភាគរយ នៃពាណិជ្ចកម្មពិភពលោក និងផលិតកម្មមាន ៣១,៦ ភាគរយនៃផលិតកម្មពិភពលោក។ ហើយក្នុងដើមឆ្នាំ២០១៩នេះមានលំហូរវិនិយោគពីបរទេសមានទំហំ១,៥ភាគរយ នៃពិភពលោក៕