ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
យុវជន ដា​រ៉ា​វីត យក​«​លូ​បឹងត្របែក​»​ជា​ចំណុច​ផ្តើម​ដើម្បី​ប្រែ​ភ្នំពេញ​ទៅជា​ទីក្រុង​គ្មាន​សំរាម​
08, Mar 2019 , 7:19 pm        
រូបភាព
ភ្នំពេញ៖ យុវជន​យុវនារី​មួយក្រុម​មានគ្នាប្រហែលជាង ២០​នាក់​បន្ត​នាំគ្នា​ប្រមូល​សំរាម​នៅតាម​លូទឹកស្អុយ​បឹងត្របែក​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ៨​ខែមីនា ហើយ​ចលនា​ស្ម័គ្រចិត្ត​នេះ​ទទួលបាន​ការគាំទ្រ​ជា​កម្លាំង ស្មារតី និង​សម្ភារៈ​ជា​បន្តបន្ទាប់​។ លោក សាន ដា​រ៉ា​វីត ដែល​បាន​ផ្តួចផ្តើម​ការប្រមូល​សំរាម​នេះ​បាន​អះអាងថា គោលដៅ​ចម្បង​របស់លោក គឺ កែប្រែ​ទីក្រុង​ភ្នំពេញ​គ្មាន​សំរាម​នៅពេល​អនាគត​។


 
យុវជន សាន ដា​រ៉ា​វីត បាន​រៀបរាប់​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) ថា ខ្លួន​បាន​ប្រមូល​សំរាម​លូ​បឹងត្របែក​នេះ​អស់​រយៈពេល ៥​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី ៨​ខែមីនា ដោយ​ចាប់ផ្តើម​សកម្មភាព​ជាមួយ​មិត្តភក្តិ​ខ្លួន​ប្រហែល​បួន​នាក់​។​


 ​
ពេល​សួរនាំ​ពី​ចំនួន​អ្នកស្ម័គ្រចិត្ត​ចូលរួម  ដា​រ៉ា​វីត បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ថា លោក​មិន​រំពឹង​ឡើយ​ថា មាន​អ្នកចូលរួម​ច្រើន​ជា​ហូរហែរ និង​មាន​អ្នក​បន្ត​ផ្តល់​ការលើកទឹកចិត្ត​តាមរយៈ​ការឧបត្ថម្ភ​ជា​លុយកាក់​និង​ភេសជ្ជៈ​បែបនេះ​។  



​ជុំវិញ​ហេតុផល​ការចាប់ផ្តើម​សកម្មភាព​សម្អាត​សំរាម​នៅ​លូទឹកស្អុយ​នេះ ដា​រ៉ា​វីត បាន​អះអាង​ប្រាប់​ថ្មីៗ​ថា លោក​មាន​អារម្មណ៍​មិនសូវ​ស្រួល​ពេល​ជិះ​កាត់​តាម​លូ​ម្តងៗ ហើយ​លោក​ក៏​យល់ឃើញថា វា​ជាការ​ចូលរួមចំណែករ​បស់​លោក​ជា​ពលរដ្ឋ​ម្នាក់​ផង​។ អ្វីដែល​សំខាន់បំផុត​នោះ  ដា​រ៉ា​វីត​ខ្លួនឯង​មាន​មហិច្ឆតា​មួយ​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ស្អាត​គ្មាន​សំរាម​។ ​ដា​រ៉ា​វីត និយាយ​បែបនេះ​៖ «​គោលដៅ​ខ្ញុំ​គឺ​ចង់​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​គ្មាន​សំរាម និង​គ្មាន​ដី​ហុយ​។ ខ្ញុំ​ធានាថា ខ្ញុំ​នឹងធ្វើ​វា​ឲ្យ​បាន ទោះជា​ប្រើពេល​យូរ​ប៉ុនណា​ក៏ដោយ​»​។ 



​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​ការប្រមូល​សំរាម​តាមរយៈ​សកម្មភាព​ស្ម័គ្រចិត្ត​នេះ​ធ្វើ​បានតែ​ពេលព្រឹក​ប៉ុណ្ណោះ ដ្បិតថា ពេល​ថ្ងៃ​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​កន្លងមក​មាន​អ្នកចូលរួម​ខ្លះ​ឈឺ​ផង​។ ដូច្នេះ​សំរាម​នៅសល់​ច្រើន ប៉ុន្តែ​វា​មិនមែនជា​ឧបសគ្គ​ធំ​រារាំង ដា​រ៉ា​វីត និង​អ្នកស្ម័គ្រចិត្ត​ផ្សេង​ទៀតឡើយ​។ ដា​រ៉ា​វីត ប្តេជ្ញាចិត្ត​ថា លោក​នឹង​ប្រមូល​សំរាម​ទាល់តែ​រួចរាល់ ទោះ​យូរ​ប៉ុណ្ណា​ក៏ដោយ​។ 


 
​ក្នុង​បទ​សម្ភាស​ដដែល ដា​រ៉ា​វីត បាន​ឆ្លៀតឱកាស​សំណូមពរ​ផងដែរ ដល់​ប្រជាជន​ទាំងអស់គ្នា​កុំ​ឲ្យ​ប្រើប្រាស់​ពាក្យសំដី​អសុរស ជេរ​ស្តី ឬ​តិះដៀល​អ្នក​បោះ​សំរាម​ចោល​ដោយសារ​គ្នា​មិនបាន​យល់ ឬ​គ្នា​មិនមាន​ចំណេះដឹង ដ្បិតថា វា​មិន​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​អ្វី​ឡើយ​។ ផ្ទុយទៅវិញ យុវជន​រូបនេះ​ចង់​ឲ្យ​មានការ​ចូលរួម​រើស​សំរាម​ទាំងនោះ​វិញ ដោយ​វា​អាច​ក្លាយជា​គំរូ​សម្រាប់​អ្នក​បោះ​សំរាម​ចោល​ផ្តេសផ្តាស និង​អាច​ឲ្យ​ពួក​គេរៀនសូត្រ​ហើយ​កែប្រែ​ទង្វើ​របស់ខ្លួន​បាន​នៅពេល​ណាមួយ​ខាងមុខ​ផង​។ 



«​កុំ​ប្រើប្រាស់​ពាក្យ​ដៀល​ត្មិះ និង​ពាក្យ​មើលងាយ​ដល់​អ្នក​បោះ​សំរាម​អី​។ ខ្ញុំ​គិតថា បរទេស​គេ​មើលងាយ​យើង​ឆ្អែត​ហើយ​។ យើង​ជា​ប្រជាជន​ខ្មែរ​ដូចគ្នា កុំ​ប្រើពាក្យ​ហ្នឹង ព្រោះ​វា​គ្មានអ្វី​ចម្រើន​ឡើយ​»៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com