កីឡាជាតិ
ជាតិ
ប៉េតង់​ជួយ សុរ៉ា​ឃីម រៀន​មហាវិទ្យាល័យ​មិនបាច់​បង់ថ្លៃ និង​មាន​ការងារ​នៅ​ក្រសួងការពារជាតិ​
09, Mar 2019 , 7:19 pm        
រូបភាព
ដោយ:
​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ ស្រ៊ាង សុរ៉ា​ឃីម បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​នៅ​ឆ្នាំ​២០១៤​។ តាមរយៈ​ស្នាដៃ និង​សាង​កេរ្តិ៍ឈ្មោះ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យនេះ បាន​ជួយ​ឲ្យ​កូនច្បង​ក្នុង​គ្រួសារ​មាន​បងប្អូន​ពីរ​នាក់​មកពី​ខេត្តតាកែវ​រូបនេះ ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​នៅ​សាកលវិទ្យាល័យ និង​ធ្វើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ កីឡាការិនី​វ័យ​២០​ឆ្នាំ​ដែល​យក​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ជា​គំរូ​រូបនេះ​ប្តេជ្ញា​ថា នាង​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​សាង​កេរ្តិ៍ឈ្មោះ​ជូន​ជាតិ​ក្នុង​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ស៊ី​ហ្គេម​នៅ​កម្ពុជា​ឆ្នាំ​២០២៣​។

 
​ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​អស់​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៤ កីឡាការិនី​ប៉េតង់​ជម្រើសជាតិ ស្រ៊ាង សុរ៉ា​ឃីម បាន​សាង​ស្នាដៃ​ជាច្រើន​ទាំង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។ តាមរយៈ​សមិទ្ធផល និង​ស្នាដៃ​ដ៏​ត្រចះត្រចង់​ទាំងនេះ​បាន​ជួយ​ឲ្យ សុរ៉ា​ឃីម មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​លើក​កិត្តិយស​ទាំង​ក្នុង​គ្រួសារ​និង​សង្គម ពិសេស​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​នៅ​សាកលវិទ្យាល័យ និង​ការងារ​ជា​មន្ត្រីរាជការ​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។         
 
«​តាំងពី​ប្រឡូក​ជាមួយ​កីឡា​ប៉េតង់ វា​ជួយ​ឲ្យ​ខ្ញុំ​មានកេរ្តិ៍ឈ្មោះ​ល្បី​ទាំង​ក្នុង​គ្រួសារ និង​សង្គម និង​មាន​ថវិកា​គ្រប់គ្រាន់​។ តាមរយៈ​កីឡា​នេះដែរ សម្តេច ហ៊ុន សែន បាន​ជួយ​ឲ្យ​ខ្ញុំ​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​រៀន​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​សាលា​ប៊ែ​ល​ធី​។ លើសពីនេះ ខ្ញុំ​បាន​ចូលធ្វើ​ការងារ​នៅ​អង្គភាព​បញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់​សម្តេច​នៃ​ក្របខណ្ឌ​ក្រសួងការពារជាតិ​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​។ 


 
​អនុ​សេនីយ៍​រូបនេះ​បាន​បន្ថែមថា អាហារូបករណ៍​១០០​ភាគរយ​ទាំងនេះ​ទទួលបាន ក្រោយ​នាង​ចាប់ដៃ​ជាមួយ​កីឡាករ ញ៉ែម បូរ៉ា​ដណ្តើមបាន​មេដាយប្រាក់​មួយ នា​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​បែលហ្ស៊ិក កាលពី​អំឡុង​ខែមេសា​ឆ្នាំ​២០១៧ ដែល​កាលណោះ​វីរៈ​កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​។ ចំណែក​ការងារ​ជា​មន្ត្រី​ទាហាន​ក្នុង​ក្រសួងការពារជាតិ បន្ទាប់ពី នាង ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ចិន​ក្នុង​ឆ្នាំ​២០១៧​។ 
 
​បន្ថែម​លើ​មេដាយ​ធំៗ​ខាងលើ និស្សិត​ឆ្នាំ​ទី​២​លើ​មុខជំនាញ​គ្រប់គ្រង​រូបនេះ ដណ្តើមបាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​ក្នុងនោះ​ដណ្តើមបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៣ នា​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​២០១៥ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នា​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៦ សុរ៉ា​ឃីម ដណ្តើមបាន​មេដាយមាស​លើ​វិញ្ញាសា​១​នាក់​ទល់​១​នាក់ មុន​នាង​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Asia Beach Games នៅ​វៀតណាម​ក្នុង​ឆ្នាំ​ដដែល​។ កីឡាការិនី​រូបនេះ​ទទួលបាន​មេដាយ​សំរឹទ្ធ​២​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១៧​។ កាលពី​ចុងឆ្នាំ​២០១៨ នាង​ដណ្តើមបាន​មេដាយមាស​១ និង​ប្រាក់​២ ពី​ការប្រកួត​ជើងឯក​និស្សិត​អាស៊ាន ដែល​រៀបចំ​នៅ​មី​យ៉ាន់​ម៉ា​។ 
 
​ការ​ក្លាយជា​កីឡាការិនី​ប៉េតង់​ឆ្នើម​មួយរូប​នៅ​កម្ពុជា វា​ជា​ក្តី​ស្រមៃ​តែមួយគត់​របស់​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ទៅ​ថ្ងៃ​អនាគត​ក្នុងអំឡុងពេល​នាង​នៅ​ជា​កីឡាករ​។ ទោះបី​បញ្ជី​ប្រមូលផ្តុំ​ហ្វឹកហាត់​ជម្រើសជាតិ​មិនទាន់​បង្ហាញ តែ សុរ៉ា​ឃីម នៅតែ​បន្ត​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ជាមួយ​គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី​ដទៃទៀត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជាមួយ​គោលដៅ​ច្បាស់លាស់​។ 
 
​កីឡាការិនី​រាងស្តើង​សម្បុរ​សរូប​នេះ​បានបង្ហាញ​មហិច្ឆតា​ថា នាង​ចង់​ក្លាយជា​កីឡាករ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ និង​សមត្ថ​ភាពខ្លាំង​ដូច​រៀប​ច្បង គឺ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែល​សុទ្ធសឹង​ជា​ម្ចាស់​មេដាយមាស​ពិភពលោក​។ កត្តា​នេះហើយ​ដែល​ជំរុញ​ឲ្យ សុរ៉ា​ឃីម យក​ម្ចាស់​មេដាយមាស​ទាំងពីរ​រូប​នេះ ធ្វើជា​គំរូ​ក្នុងការ​ហ្វឹកហាត់​ជាមួយ​ការដាក់​គោលដៅ​ឲ្យ​មាន​សមត្ថភាព​ប្រហាក់ប្រហែល ឬ​ស្មើ​កីឡាការិនី​ទាំងពីរ​។ ព្រោះ​នាង​ចង់​ស្នង​តំណែង​កីឡាការិនី ក្នុង​ការប្រកួត​អន្តរជាតិ​នានា​នៅលើ​ឆាក​អន្តរជាតិ​។​
 
«​សម្រាប់​ខ្ញុំ គឺ​ចង់​ក្លាយជា​កីឡាការិនី​ដ៏​ឆ្នើម​មួយរូប​សម្រាប់​ប្រទេស​។ បើ​អាច​ខ្ញុំ​នឹង​ខិតខំ​ហាត់​ឲ្យ​ខ្លាំង​ដូច​រៀមច្បង​ដូចជា​កីឡាការិនី កែ ឡេង និង​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ខ្ញុំ​យក​គាត់​ធ្វើជា​គំរូ​។ ខ្ញុំ​ដាក់​គោលដៅ​ក្នុងការ​ហ្វឹកហាត់​ថា បើ​មិនបាន​ស្មើ​ពួកគាត់ ក៏​ប្រហាក់ប្រហែល​ដែរ​»​។ នេះ​ជាការ​អះអាង​របស់​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​។ 
 
​ក្រៅពី​ប្តេជ្ញា​ខិតខំ​ហ្វឹកហាត់​សម្រួច​ឆ្ពោះទៅ​ប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ​នៅ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ចំពោះមុខ​ម្ចាស់​មេដាយប្រាក់​ពិភពលោក​រូបនេះ ត្រូវ​ជួយ​កម្ពុជា​ដណ្តើម​មេដាយ​ពិភពលោក ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​នេះ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​បឋម​វគ្គ​២ និង​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម​។ សុរ៉ា​ឃីម ក៏​ជា​សមាជិក​មួយរូប​ក្នុងចំណោម​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ផងដែរ​។     
 
​ជាមួយ​ការ​លើកឡើងថា ការហ្វឹកហាត់​កីឡា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា កីឡាការិនី​វ័យ​២០​ឆ្នាំ​រូបនេះ​ប្តេជ្ញា​បោះបង់​ជំនាញ​ណាមួយ​នោះទេ ពោលគឺ​នឹង​បន្ត​ទាំងពីរ​ព្រម​គ្នា​តែម្តង​។ ទោះបី​កីឡា​ប៉េតង់​បាន​ជួយ​ឲ្យ​មាន​អ្វីៗ​គ្រប់​យ៉ាងដូច​សព្វថ្ងៃ តែ​នាង​នៅ​មិនទាន់​ច្បាស់​ពី​អាជីព​នៅ​ថ្ងៃ​អនាគត​នៅឡើយ​ទេ ថា​តើ​ត្រូវ​បន្ត​ដើរ​លើ​វិថី​នេះ​ទៀត​ឬ​យ៉ាងណា​? 
 
​នៅពេល​សួរ​អាជីព​ទៅ​ថ្ងៃ​អនាគត​រវាង​កីឡា​និង​ការសិក្សា សុរ៉ា​ឃីម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​ឥឡូវ​មានការ​លំបាក​ខ្លះ​ដែរ ព្រោះ​ពេល​យើង​ហ្វឹកហាត់​និង​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ម្តងៗ​យើង​ត្រូវ​ផ្អាក​ការសិក្សា​នៅ​សាលា​យ៉ាងតិច​មួយអាទិត្យ​។ ទោះបី​មានការ​ផ្អៀង​ម្ខាង​យ៉ាងនេះ​ក្តី ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​បន្ត​ទៅមុខ​ទាំង​ការសិក្សា​និង​កីឡា​។ តែបើ​ទៅ​អនាគត​ខ្ញុំ​នឹង​ចាប់យក​ការងារ​ចេញពី​ការសិក្សា ព្រោះ​កីឡា​យើង​អាច​លេង​ពេល​យើង​មាន​កម្លាំង និង​សុខភាព​មាំមួន តែ​ដល់​សុខភាព​យើង​ខ្សោយ យើង​មិនអាច​លេង​បាន​នោះទេ​»​។   
 
​ស្រ៊ាង សុរ៉ា​ឃីម ដែល​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ពីរ​នាក់​នៃ​គ្រួសារ​មាន​ជីវភាព​ធូរធារ​មួយ​នៅក្នុង​ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។ នាង បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំងពី​រៀន​នៅ​សាលាបឋមសិក្សា​មកម្ល៉េះ​។ ប៉ុន្តែ​នាង​ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាការិនី​ថ្នាល​នៅ​ឆ្នាំ​២០១៤ ក្រោយ​នាង​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ដែល​រៀបចំ​ដោយ​សហព័ន្ធ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​មុន​មក​ចូលរួម​ជាមួយ​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា សុរ៉ា​ឃីម ជា​កីឡាការិនី​ឆ្នើម​មួយរូប​ប្រចាំ​វិទ្យាល័យ​អង្គរ​បូរី ខេត្តតាកែវ​។ នាង ធ្លាប់​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​មួយគ្រឿង ក្រោយ នាង​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ដណ្តើម​ជើងឯក​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា​ការប្រកួត​ជម្រើស​ថ្នាក់​ខេត្ត​។ រង្វាន់​លើកទឹកចិត្ត​នេះហើយ ដែល​ជំរុញ​ឲ្យ សុរ៉ា​ឃីម មាន​ទឹកចិត្ត​ខិតខំ​ហ្វឹកហាត់ និង​ស្រលាញ់​កីឡា​នេះ​កាន់តែខ្លាំង​៕ 
 

Tag:
 ប៉េតង់​
  ស្រ៊ាង សុរ៉ា​ឃីម
© រក្សាសិទ្ធិដោយ thmeythmey.com