កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Porto និង Ajax ត្រូវបាន​គេ​គិតថា​ក្រុម​ចាញ់​ប្រៀប​គេ​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​
16, Mar 2019 , 10:59 am        
រូបភាព
ដោយ: រួបរួម
​លទ្ធផល​នៃ​ការចាប់​ឆ្នោត​ពានរង្វាន់ Champions League វគ្គ​១/៤​ផ្តាច់ព្រ័ត្រ បានបង្ហាញ​ឲ្យ​ឃើញថា យ៉ាង​ណាស់​ក្រុម​មួយ​របស់​អង់គ្លេស​នឹង​ឈានទៅដល់​វគ្គ​បន្ត​។ Tottenham Hotspur ត្រូវ​ប៉ះ​ជាមួយ Manchester City ខណៈ Manchester United ត្រូវ​តទល់​ជាមួយ Barcelona​។ ជាមួយគ្នានេះ Liverpool ត្រូវបាន​គេ​គិតថា​សំណាង​ដោយ​ត្រូវ​ប៉ះ Porto រីឯ Ajax ត្រូវបាន​គេ​យល់ថា មិនអាច​រំលង​ផុត Juventus បាន​នោះឡើយ​។​

 
​តាម​ស្ថិត​ដែល​ស្ទង់​មតិ​ដោយ BBC សេះបង្កង់ Juventus មានឱកាស​ដល់​ទៅ​៨៥​ភាគរយ​ក្នុងការ​ទម្លាក់ Ajax ខណៈ Barcelona មាន​៧៨​ភាគរយ​ដើម្បី​ធ្វើ​ឲ្យ Manchester United ហាលអាវ​។ សម្រាប់​ជំនួប​រវាង​ក្រុម​អង់គ្លេស​ទាំងពីរ អ្នកវិភាគ​ថា Manchester City មានប្រៀប​ជាង Tottenham Hotspur រីឯ Liverpool មាន​អត្រា​ខ្ពស់ជាង FC Porto ៦៨​ភាគរយ​។​
 
​សម្រាប់​ឱកាស​ដែល​ឈ្នះ​ជើងឯក ក្រុមអ្នកវិភាគ​គិតថា Barcelona មាន​៣៨​ភាគរយ Juventus មាន​២៤​ភាគរយ Manchester City មាន​១៩​ភាគរយ និង Liverpool មាន​១០​ភាគរយ​។ ជាមួយគ្នានេះ គេ​គិត​ជារួម​ថា ឱកាស​ដែល​ក្រុម​ពី​អង់គ្លេស​ឈ្នះ​ជើងឯក មាន​៣៥​ភាគរយ​។​
 
Ajax ជួប Juventus៖

Ajax ជា​ក្រុម​ហូ​ឡង់​ដំបូង​ដែល​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Champions League បើ​គិត​ចាប់តាំងពី​វត្តមាន​របស់ PSV Eindhoven នៅ​ឆ្នាំ​២០០៦-០៧​។ ពួកគេ​បាន​ទម្លាក់​ជើងឯក​បី​សម័យកាល​ជាប់​គ្នា Real Madrid ក្នុង​លទ្ធផល​សរុប ៤-១​។​
 
​សម្រាប់ Juventus ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង​ចំនួន​៣​គ្រាប់ ដើម្បី​នាំ​ក្រុម​មកដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ដោយ​កាលពី​ជើង​ទីមួយ Atletico Madrid មានប្រៀប​ក្នុង​លទ្ធផល ២-០ ។​
​ជំនួប​តទល់​១២​លើក​កន្លងមក Juventus ឈ្នះ​៦​លើក Ajax ឈ្នះ​២​លើក និង​ស្មើគ្នា​៤​លើក​។​
 
Liverpool ជួប Porto

Liverpool ដែល​បាន​ចាញ់ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំមុន បាន​ទម្លាក់​ជើង​ខ្លាំង​អាល្លឺម៉ង់ Bayern Munich ខណៈដែល​ជើងឯក​ព័រ​ទុយ​ហ្គា​ល់ FC Porto ទម្លាក់ Roma របស់​អ៊ីតាលី​។​
 
Porto បាន​ចាញ់​ក្រុម​ពី​អង់គ្លេស​រហូតដល់​ទៅ​៥​លើក បើ​គិត​ចាប់តាំងពី​លោក Jose Mourinho ដឹកនាំ​ក្រុម​យកឈ្នះ Manchester United ក្នុង​ដំណើរ​ទៅលើ​កពាន កាលពី​រដូវ​កាល ២០០៣-០៤ ។​
 
​នា​ជំនួប​៦​លើក​រវាង​ក្រុម​ទាំងពីរ Liverpool ឈ្នះ​បី​លើក និង​ស្មើគ្នា​៣​លើក​។​
 
Tottenham ជួប Manchester City
 
Tottenham Hotspur ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១១​មក ក្រោយ​ជ័យជម្នះ​សរុប ៤-០ លើ Borussia Dortmund ខណៈ Manchester City ឈ្នះ ៧-០ នៅក្នុង​ដី លើ Schalke ដោយ​បង្កើត​លទ្ធផល​សរុប ១០-២ ។​
 
Manchester City មិនមាន​ប្រវត្តិ​ល្អ​ឡើយ ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​អង់គ្លេស​ដូចគ្នា​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ុប ដោយ​ចាញ់ Chealsea ពីរដង​នៅ​ឆ្នាំ​១៩៧១ និង​ចាញ់ Liverpool កាលពី​រដូវ​កាល​មុន​។​
 
​នេះ​ជា​ជំនួប​លើកដំបូង​បំផុត​របស់ Man City និង Spurs ក្នុង​ព្រឹត្តិការណ៍​អឺរ៉ុប​។​
 
Barcelona ជួប Manchester United

​ជើងឯក​អឺរ៉ុប​៥​សម័យកាល Barcelona បាន​ទម្លាក់ Lyon ៥-១ រីឯ Manchester United បានធ្វើ​ឲ្យ Paris St-Germain ខកចិត្ត​ក្នុង​លទ្ធផល ៣-១ បន្ទាប់ពី​ក្រុម​បារាំង​មួយ​នេះ មានប្រៀប ២-០ នៅ​ជើង​ទីមួយ​។​
 
​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ុប​ទាំង European Cup/Champions League ក្លិប Manchester United ឈ្នះ Barcelona តែមួយ​លើក​គត់​ក្នុងជំនួប​៨​លើកចុងក្រោយ​។ បិសាច​ក្រហម​ខកចិត្ត​ដល់​ទៅ​ពីរលើក​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Barcelona ក្នុង​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១១​។​
 
Lionel Messi ជា​កីឡាករ​ដំបូង​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២២​គ្រាប់​លើ​ក្លិប​នានា​នៅ​អង់គ្លេស​ក្នុងជំនួប Champions League​។​
 
​សម្រាប់​ជំនួប​១១​លើក​កន្លងមក Barcelona ឈ្នះ​៤​លើក Manchester United ឈ្នះ​៣​លើក និង​ស្មើគ្នា​៤​លើក​។​
 
​ជំនួប​ជើង​ទីមួយ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ និង​ទី​១០ ខែមេសា ខណៈ​ជើង​ទី​ពីរ​រៀបចំឡើង​នៅ​សប្តាហ៍​បន្ទាប់​។ រីឯ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ Tottenham/Manchester City v Ajax/Juventus​ ​និង Barcelona/Manchester United v Liverpool/Porto៕
 
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com