ជាតិ
សង្គមជាតិ
កម្ពុជា ត្រូវការ​អគ្គិសនី​២០០​មេ​ហ្កា​វ៉ា​ត់ ពី​ឡាវ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​
17, Mar 2019 , 8:59 am        
រូបភាព
រូបភាពពី​អគ្គិសនី​កម្ពុជា ១
រូបភាពពី​អគ្គិសនី​កម្ពុជា ១
ដោយ:
​ភ្នំពេញ​៖ ខណៈ​កម្ពុជា​ជិត​បញ្ចប់​ការកសាង​រោងចក្រ​ដើរ​ដោយ​ធ្បូ​ង​ថ្ម និង​រោងចក្រ​ដើរ​ដោយ​ព្រះអាទិត្យ កម្ពុជា​ត្រូវការ​អគ្គិសនី​២០០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត​ពី​ឡាវ ដើម្បី​ផ្គត់ផ្គង់​ដល់​ការប្រើប្រាស់​អគ្គិសនី​ឲ្យ​បាន​គ្រប់​ទី​តំបន់​នៅ​ទូទាំងប្រទេស​កម្ពុជា​។ អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ បាន​ចុះហត្ថលេខា​ក្នុង​កិច្ចព្រមព្រៀង​ទិញ​អគ្គិសនី​បន្ថែមទៀត​ពី​ភាគី​ឡាវ នៅ​ថ្ងៃទី​១៤ ខែមីនា​នេះ​រួចហើយ សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​ឲ្យ​បាន​គ្រប់​តំបន់​រស់នៅ​របស់​ពល​រដ្ឋ​។​



​លោក កែវ រតនៈ កត់សម្គាល់ថា កម្ពុជា​កំពុង​តែមាន​កំណើន​អ្នកប្រើប្រាស់​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​យ៉ាង​ឆាប់រហ័ស​។ លោក កែវ រតនៈ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​ក្រុមការងារ​រាជរដ្ឋាភិបាល​កំពុង​ចរចា​គម្រោង​វា​រី​អគ្គិសនី និង​គម្រោង​ខ្សែ​បញ្ជូន​ថ្មី​បន្ថែមទៀត ខណៈដែល​អគ្គិសនី​កម្ពុជា បាន​ចរចា​បង្កើន​ការបំពេញបន្ថែម​ពី​ប្រទេស​ថៃ និង​វៀតណាម​ផងដែរ​»​។  
 
​ក្នុងជំនួប​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ឡាវ នៅ​ឆ្នាំ​២០១៨​កន្លងទៅ ឡាវ​បានសម្រេច​ឲ្យ​កម្ពុជា​ទិញ​អគ្គិសនី​មក​ផ្គត់ផ្គង់​តាម​ព្រំដែន និង​ត​ភ្ជាប់​ស្ពាន​រវាង​ប្រទេស​ទាំងពីរ​។ រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា  ប្រទេស​ទាំងពីរ នឹង​ត​ភ្ជាប់​ស្ពាន ពី​ភាគ​ខាងជើង​នៃ​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ រហូតដល់​ខេត្ត​ចំប៉ា​សាក់ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​ប្រទេស​ទាំងសងខាង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​
 
​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​មូលនិធិ​ឧបត្ថម្ភ​ធន​ដល់​វិស័យ​អគ្គិសនី​ជាង​១០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី សម្រាប់​ជួយ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​ទាប និង​មធ្យម​។ នេះ​បើតាម​ការចុះផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​។ 
 
​សូមបញ្ជាក់ថា តម្លៃ​អគ្គិសនី​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា បញ្ចុះ​ពី​៤៨០​រៀល​នៅ​ឆ្នាំ​២០១៨ មក​នៅត្រឹម​៣៨០ រៀល និង​ឆ្នាំ​២០១៩ សម្រាប់​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី​១ ដល់​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ និង​ការប្រើប្រាស់​ចាប់ពី​១១ ដល់​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ​៕  
 
 
 
 
 

Tag:
 អគ្គិសនី​
 ​កម្ពុជា​
 ​ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com