កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​សុំទោស​ចំពោះ​ករណី​មិត្ត​រួម​ជាតិ​ជប៉ុន​សម្លាប់​អ្នករត់​តាក់ស៊ី​
19, Mar 2019 , 8:59 pm        
រូបភាព
ជនសង្ស័យជប៉ុនទាំងពីរនាក់ពីបទសម្លាប់អ្នក​បើកតាក់ស៊ី
ជនសង្ស័យជប៉ុនទាំងពីរនាក់ពីបទសម្លាប់អ្នក​បើកតាក់ស៊ី
ដោយ:
​ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ លោក Akihiro Kato បាន​សម្តែង​ការសុំ​ទោស​ជា​សាធារណៈ ក្រោយ​មាន​ករណី​ជនជាតិ​ជប៉ុន​ពីរ​នាក់​បានសម្លាប់​អ្នករត់​តាក់ស៊ី​ប្លន់​យក​រថយន្ត​កាលពីពេល​ថ្មីៗ​។ បន្ថែម​លើ​ការសុំ​ទោស ប្រធាន​ក្លិប​រូបនេះ បានផ្តល់​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​ដល់​គ្រួសារ​ជនរងគ្រោះ ដែលមាន​ប្រពន្ធ​និង​កូន​៤​នាក់​នៅ​កំពង់ធំ​។ លោក​បាន​អះអាង​បន្ថែមថា មិត្ត​រួម​ជាតិ​ជប៉ុន និង​កីឡាករ​ជប៉ុន​ជាច្រើន​នាក់​ក៏​នឹងចូលរួម​បរិច្ចាគ​ថវិកា​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ​។

 
​ក្រោយ​មាន​ករណី​ជនជាតិ​ជប៉ុន​ពីរ​នាក់​សម្លាប់​អ្នករត់​តាក់ស៊ី ប្លន់​យក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ដោយ​បន្សល់ទុក​ប្រពន្ធ​និង​កូន​៤​នាក់ លោក Akihiro Kato ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​បាន​ចេញមុខ​សុំទោស​ប្រជាពលរដ្ឋ​កម្ពុជា​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ករណី​ដ៏​គួរ​ឲ្យ​ស​ង្វែ​កមួយ​នេះ ក្នុងនាម​ជា​ជនរួមជាតិ​។ ដោយមាន​ចិត្តសប្បុរស​ធម៌​ប្រកបដោយ​ការ​ភាព​អាណិតអាសូរ ប្រធាន​ក្លិប​រូបនេះ បានផ្តល់​ថវិកា​ចំនួន​១​ពាន់​ដុល្លារ ដល់​គ្រួសារ​ជនរងគ្រោះ​។​
 
​ករណី​ឃាតកម្ម​ប្លន់​យក​រថយន្ត​ខាងលើ​បានកើត​ឡើង បន្ទាប់ពី​ជនដៃដល់​ជនជាតិ​ជប៉ុន​ទាំង​ពីររូប គឺ Ishida Reimon និង Naka Ryuji បាន​ម៉ៅ​ឡាន​ជនរងគ្រោះ​ខាងលើ​ក្នុងតម្លៃ​៣០​ដុល្លារ ក្នុង​គោលដៅ​ជិះ​ពី​ខេត្តបន្ទាយមានជ័យ​មក​ខេត្តសៀមរាប​។ ពេល​ជិះ​ដល់​កន្លែងកើតហេតុ ដែល​ស្ថិតនៅ​ក្នុងស្រុក​ពួក​ខេត្តសៀមរាប ជនដៃដល់​ទាំងពីរ​បាន​ប្រើល្បិច​សុំ​ចុះ​ជុះនោម បន្ទាប់មក​ពួកគេ​បាន​យក​កាំបិត​ចាក់​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​រថយន្ត រួច​បើក​រត់គេចខ្លួន​។ 
 
​ប៉ុន្តែ​ពួកគេ​ទាំងពីរ​ត្រូវបាន​កម្លាំង​ក្រោម​ការសហការ​គ្នា​រវាង​អធិការដ្ឋាន​ស្រុក​ពួក និង​ស្នងការ​ខេត្តសៀមរាប ចាប់ខ្លួនបាន​ទាំងពីរ​នៅ​វាលស្រែ​ក្រោយ​ពួកគេ​ព្យាយាម​រត់គេចខ្លួន បន្ទាប់ពី​បើករថយន្ត​បុក​គោយន្ត និង​សរសរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​។​
 
​បើតាម​ការផ្សាយ​របស់​កាសែត​ជប៉ុន ជនសង្ស័យ​ទាំងពីរ កំពុង​កុន​ខ្លួន​ដោយសារ​ជាប់បំណុល​ធនាគារ​នៅ​ជប៉ុន​៕      

Tag:
 បាល់ទាត់​
  Akihiro Kato
  អង្គ​រថា​យ​ហ្គឺ​រ
© រក្សាសិទ្ធិដោយ thmeythmey.com