ជាតិ
សង្គមជាតិ
មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​របួសធ្ងន់ ដោយសារ​ជនល្មើស​កាប់​ពេល​ចុះ​ល្បាត​
19, Mar 2019 , 9:50 pm        
រូបភាព
ជនរងគ្រោះ(កណ្តាល) និងមន្ត្រីឧទ្យានុរក្សដទៃទៀតពេលចុះល្បាត (រូបភាព៖ហ្វេសប៊ុកក្រសួងបរិស្ថាន)
ជនរងគ្រោះ(កណ្តាល) និងមន្ត្រីឧទ្យានុរក្សដទៃទៀតពេលចុះល្បាត (រូបភាព៖ហ្វេសប៊ុកក្រសួងបរិស្ថាន)
​ភ្នំពេញ​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​ដែល​ប្រចាំការ​នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន ក្នុង​ខេត្តកំពង់ធំ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​ជនល្មើស​កាប់​ត្រូវ​ចំនួន​៥​កាំបិតផ្គាក់​។ ករណីនេះ កើតឡើង​នៅ​ថ្ងៃទី​១៩ មីនា នៅពេលដែល​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​។


 
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​ជនល្មើស​កាប់​នឹង​កាំបិតផ្គាក់ ក្នុងពេល​ចុះ​ល្បាត​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ថ្ងៃទី ១៩ មីនា នៅ​តំបន់​អូរ​ដើមថ្កូវ ស្ថិតនៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក ក្រសួងបរិស្ថាន ដែល​បន្ត​រៀបរាប់​ហេតុការណ៍​នេះ​ដូច្នេះ​៖«​បន្ទាប់ពី​ប្រទះឃើញ​ជនល្មើស​២​នាក់ កំពុង​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ  ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដេញចាប់​ជនល្មើស ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​(​បាន​ទាក់​ជើង​ដួល ក៏ត្រូវ​ជនល្មើស​តដៃ ដោយ​កាប់​ចំនួន ៥​កាំបិតផ្គាក់​ចំក្បាល​, កញ្ចឹងក និង​កដៃ​។ ចំណែកឯ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផ្សេងទៀត មិនមាន​របួស​ឡើយ​»​។ 
 
​តាមរយៈ​សំណេរ​នៅ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​ដដែល លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សោកស្តាយ​ចំពោះ​ហេតុការណ៍​នេះ និង​បញ្ជាក់ថា​សមត្ថកិច្ច កំពុង​ស៊ើបអង្កេត និង​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ ដើម្បី​រក​ជនល្មើស​ដែល​បានគេច​ខ្លួន មក​ផ្តន្ទាទោស​។ ​បើតាម​អ្នកនាំពាក្យ​រូបនេះ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។
 
​បើតាមក្រសួងបរិស្ថាន នេះ​ជា​ករណី​ទី​២​ហើយ ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​រងរបួស​ដោយ​ការ​តដៃ​របស់​ជនល្មើស ក្នុង​បទល្មើស​ធនធានធម្មជាតិ នៅ​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៩​នេះ​។ កាលពី​ចុងខែ​មករា ក៏មាន​មន្ត្រី​ឧទ្យាន​ម្នាក់​ដែរ ដែល​ត្រូវ​ជនល្មើស​បាញ់​ចំ​ភ្លៅ ក្នុងពេល​ចុះបង្ក្រាប​បទល្មើស​សត្វព្រៃ នា​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី​៕
 
 

Tag:
 បរិស្ថាន​
 មន្ត្រី​ឧ​ទ្យា​នុ​រក្ស​
 ​កំពង់ធំ​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com