កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េ​ទាំងពីរ​រួមគ្នា​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ World Cup 2023 នារី ជាមួយ​៨​ប្រទេស​ទៀត​
21, Mar 2019 , 8:59 am        
រូបភាព
​កូរ៉េខាងជើង​-​កូរ៉េខាងត្បូង ស្ថិតក្នុង​ចំណោម​ប្រទេស​ទាំង​៩ ដែល​បាន​ប្រាប់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) សុំ​សិទ្ធិ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក World Cup ផ្នែក​នារី ឆ្នាំ​២០២៣​។


 
​ក្រៅពី​កូរ៉េ​ទាំងពីរ​ដែល​រួមគ្នា​តែមួយ ប្រទេស​៨​ផ្សេងទៀត​ដែល​បាន​ប្រាប់​ទៅ FIFA ជា​ផ្លួ​វ​ការ​នោះ​មានដូចជា អា​ហ្ស​ង់​ទីន អូស្ត្រាលី បូ​លី​វី ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​អាហ្វ្រិក​ខាងត្បូង​។​
 
FIFA ដែលជា​ក្បាលម៉ាស៊ីន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​បាន​ប្រាប់​ទៅកាន់​សមាគម​កីឡាបាល់ទាត់​នីមួយៗ​ថា ពួកគេ​មាន​ពេល​រហូតដល់​ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ​២០១៩ ដើម្បី​ដាក់ពាក្យ​ដេញថ្លៃ​។​
 
«FIFA នឹង​អនុវត្ត​ដំណើរការ​ដេញថ្លៃ​នេះ​ដោយ​យុត្តិធម៌​និង​តម្លាភាព​បំផុត ហើយ​ក្នុងនោះ​ក៏មាន​ការវាយតម្លៃ​ច្បាស់លាស់​ទៅលើ​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​»​។ នេះ​ជាការ​បញ្ជាក់​របស់ FIFA អំពី​ជំហរ​អ​ព្យា​ក្រិត​របស់ខ្លួន​។​
 
​លើសពីនេះ​ទៀត​នោះ FIFA ក៏​នឹង​បង្ហាញ​លទ្ធផល​នៃ​សន្លឹកឆ្នោត​នីមួយៗ និង​សន្លឹកឆ្នោត​ដែល​ទាក់ទង​ដោយ​បើកចំហ​ជា​សាធារណៈ​តែម្តង​។​
 
​អង់គ្លេស​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជើងឯក​ក្របខណ្ឌ​អឺរ៉ុប​ផ្នែក​នារី European Women ឆ្នាំ​២០២១​។ រីឯ​ការប្រកួត World Cup 2019 នារី បារាំង​បាន​សិទ្ធិ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ ខែមិថុនា ដល់​ថ្ងៃទី​៧ ខែកក្កដា​ខាងមុខ​៕

Tag:
 FIFA World Cup
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com