ជាតិ
សេដ្ឋកិច្ច
ទោះ​មានការ​ជំរុញ​ឲ្យ​ប្រើ​ប្រាក់រៀល តែ​ការទូទាត់​ដុល្លារ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​មិន​ថយចុះ​ឡើយ​
21, Mar 2019 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ ទោះ​ធនាគារជាតិ​ជំរុញ​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល​ក្តី តែ​ប្រាក់​ដុល្លារ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅតែ​កើនឡើង​។ នោះ​ក៏​ព្រោះតែ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុងការ​វិនិយោគ ជា​ចរន្ត​សេដ្ឋកិច្ចពិភពលោក​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រាក់រៀល​កើនឡើង​នោះ លុះត្រាតែ​មានការ​ចូលរួម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​វិស័យ​ឯកជន ក្នុងការ​ចរាចរណ៍​ប្រាក់រៀល​នេះ ។

 
​អ្នកជំនាញ​មកពី​ធនាគារជាតិ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន បាន​រកឃើញថា ទីប្រជុំជន​មានការ​ប្រើប្រាស់​លុយ​ដុល្លារ​កម្រិត​ខ្ពស់ជាង​តំបន់​ជនបទ​។ ស្ថាប័ន​ទាំងពីរ​បាន​បញ្ជាក់ថា ការសិក្សា​ស្រាវជ្រាវ​លើ​វិស័យ​ឯកជន​ចំនួន ៨៥៦ ក្រុមហ៊ុន ដែល​រួមមាន​ទាំង​វិស័យ កសិកម្ម​, ផលិតកម្ម​,​ការលក់រ​ដុំ និង​រាយ​, ទេសចរណ៍​, និង​វិស័យ​ផ្សេងៗ​ទៀត បាន​រកឃើញថា ដុល្លារ​រូបនីយកម្ម​ទាំង​ចំណូល និង​ចំណាយ នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​តំបន់​ភាគ​ខាងជើង មាន​ទំហំ​ខ្ពស់ជាង​តំបន់​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា​។
 
​សំឡេង​លោក យុន សុ​វណ្ណា ដែល​បានផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នកសារព័ត៌មាន​៖




 
​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បាន​និយាយថា ការសិក្សារ​ស្រាវ​នេះ​ពិតជា​បាន​ជួយ​ដល់​រដ្ឋាភិបាល ក្នុងការ​ដាក់ចេញ​នៅ​គោលនយោបាយ ដើម្បី​ជំរុញ​ការលើកកម្ពស់​លុយ​រៀល​ប​ន្តែ​ម​ទៀត​។ លោកស្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​វិនិយោគិន និង​ម្ចាស់​អាជីវកម្ម​ក្នុងប្រទេស ចូលរួម​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល តាមរយៈ​ការបើក​ប្រាក់ខែ​ឲ្យ​កម្មករ​ជាដើម​។ បើតាម​លោកស្រី ច័ន្ទ​ថា​ណា វិស័យ​ឯកជន​គឺមាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​ប្រាក់រៀល ជាពិសេស​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គួរតែ​ផ្ដល់​ឥណទាន​ជា​លុយ​រៀល​ឲ្យ​បាន​ច្រើន​។  
 
​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« លទ្ធផល​នៃ​ការស៊ើបអង្កេត​ពិតជា​មាន​សារៈប្រយោជន៍​ណាស់​សម្រាប់​ការលើកកម្ពស់​នៃ​ការប្រើប្រាស់​ប្រាក់រៀល និង​ការដឹង​ពី​ស្ថានភាព​នៃ​ការប្រើប្រាស់​លុយ​ដុល្លារ​»​។  
 
​លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគមន៍​មីក្រូ​ហិរញ្ញ​វ​ត្តុ​កម្ពុជា បាន​និយាយថា ប្រាក់រៀល​មានការ​និយម​ប្រើប្រាស់​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ខណៈ​លុយ​ដុល្លារ​ក៏មាន​ការកើនឡើង​ដែរ ក្នុង​ទម្រង់​ពាណិជ្ជកម្ម និង​អាជីវកម្ម​។ 
 
​លោក យុន សុ​វណ្ណា បាន​និយាយថា​៖« ចំណុច​នេះ​គួរតែ​យកចិត្តទុកដាក់​ដែរ បើ​ទោះ​ការប្រើ​ប្រាក់រៀល​មានកា​កើនឡើង ប៉ុន្តែ​ការប្រើប្រាស់​ប្រាក់​ផ្សេងៗ​ទៀត​ក៏​កើនឡើង​ដែរ​ក្នុង​ពាណិជ្ជកម្ម ជាពិសេស​ប្រាក់​ដុល្លារ និង​ប្រាក់​បាត​ទៅតាម​ព្រំដែន​ថៃ​»​។​
 
​កន្លងមក​ធនាគារជាតិ បានប្រកាស​ឲ្យ​ធនាគារ និង​វិស័យ​គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ ត្រូវ​ផ្ដល់​កម្ចី​ជា​ប្រាក់រៀល​ប្រមាណ​១០​ភាគរយ ក្នុងការ​ដំណើរ​ការផ្ដល់សេវា​កម្ចី​របស់ខ្លួន​។ 
 
​ការសិក្សា​ស្រាវជ្រាវ​ដុល្លា​រូបនីយកម្ម​នៅតាម​តំបន់​នានា​ក្នុង​ឆ្នាំ​២០១៧​កន្លងមក បាន​រកឃើញថា ក្នុង​រាជធានី​ភ្នំពេញ​មានការ​ប្រើប្រាស​លុយ​ដុល្លា​ជាង​៦០ ភាគរយ​, ខេត្តសៀមរាប​ប្រើប្រាស់​លុយ​ដុល្លារ​មាន​ជាង ៦០ ភាគរយ ហើយ​តំបន់​ជនបទ​មាន​ត្រឹម​ជាង​២០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការធ្វើ​បទ​បង្ហាញ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី លទ្ធផល​អង្កេត​បឋម​នៃ​គម្រោង​អង្កេត​ដំណាក់កាល​ទី​២ លើ​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ១៩ ខែមីនា ៕ 
 

Tag:
 សេដ្ឋកិច្ច​
  ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com