ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សាកប្រើវិធីទាំងនេះសិនទៅព្រោះអាចបំបាត់ការវិលមុខលឿន
× ការវិលមុខអាចកើតឡើងដោយមិនមានការរំពឹងទុកមុនឡើយ។ វាប្រហែលជាកើតឡើងនៅពេលដែលអ្នកក្រោកឈរភ្លាមៗ ឬនៅក្រោមពន្លឺព្រះអាទិត្យក្តៅយូរពេក។ មិនខ្វល់ថាហេតុផលនៃការវិលមុខមានអ្វីខ្លះឡើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីងាយៗខ្លះៗដែលអាចជួយបំបាត់ការវិលមុខបានលឿន។
ស្ទីមស្រូបក្លិនផ្កាឡាវែនឌឺ
ចូរដាំទឹកខ្លះ ហើយបន្តក់ប្រេងផ្កាឡាវែនឌឺពីរបីដំណក់ចូល។ បន្ទាប់មក អ្នកអាចយកវាមកបង្ហុយមកលើមុខដើម្បីស្ទីមបាន។ ចូរធ្វើបែបនេះប្រហែល ៥ ទៅ ១០នាទី។ អ្នកក៏អាចប្រើប្រេងនេះទៅម៉ាស្សានៅត្រចៀក សៀតផ្កា និងកញ្ចឹងកបានដែរ។
ញ៉ាំតែខ្ញី
ខ្ញីអាចជួយបំបាត់ការចង្អោ និងវិលមុខបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសនៅពេលវាកើតឡើងដោយសារតែការពុលរលកតែម្តង។ បើសិនជាអ្នកមិនចូលចិត្តញ៉ាំខ្ញីទេ អ្នកក៏អាចប្រើវិធីធ្វើតែខ្ញីញ៉ាំបាន ជាមួយនិងទឹកក្តៅឧណ្ហៗ។ វាអាចមានប្រសិទ្ធភាពនៅរយៈពេល កន្លះម៉ោងក្រោយ និងអាចមានប្រសិទ្ធភាពយូររហូតដល់ ៤ម៉ោងឯណោះ។
ទឹកខ្មេះផ្លែប៉ោម
អ្នកគ្រាន់តែលាយទឹកមួយពែង ជាមួយនិងទឹកខ្មេះផ្លែប៉ោមមួយពែងដូចគ្នា ហើយលាយបន្ថែមទឹកឃ្មុំខ្លះដើម្បីផ្តល់ភាពផ្អែម ហើយញ៉ាំ។ ទឹកខ្មេះនេះផ្ទុកដោយជាតិអាស៊ីតអាមីណេ ព្រមទាំងអង់ស៊ីមជាច្រើនដែលអាចជួយរក្សាតុល្យភាពរបស់រាងកាយ ដូច្នេះវានឹងជួយបន្ថយឥទ្ធិពលនៃការវិលមុខបានយ៉ាងល្អ។
ម៉ាស្សា
ការម៉ាស្សាក៏អាចជួយបន្ថយអារម្មណ៍វិលមុខបាន តាមរយៈការជួយឲ្យលំហូរឈាម និងអុកស៊ីសែនរត់កាន់តែស្រួល។ វាមិនត្រឹមតែល្អចំពោះការវិលមុខទេ តែក៏ធ្វើឲ្យរាងកាយមានភាពធូរស្រាលច្រើន និងមានប្រយោជន៍ចំពោះសុខភាព៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com