អន្តរជាតិ
វៀតណាម ជាប់​លេខ​ពីរ​ជា​ប្រទេស​នាំចេញ​ស្បែកជើង​ធំ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​ចិន​
22, Mar 2019 , 10:39 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ដោយ:
​បច្ចុប្បន្ននេះ វៀតណាម នាំចេញ​ស្បែកជើង​ចំនួន​១​ពាន់​លាន​គូ​ក្នុង​មួយឆ្នាំៗ​។ ជាមួយ​តួលេខ​នាំចេញ​នេះ ប្រទេស​ដែលមាន​ប្រជាជន​សរុប​ជាង​៩០​លាន​នាក់​នេះ ក្លាយជា​ប្រទេស​នាំចេញ​ស្បែកជើង​ធំ​បំផុត​លំដាប់​ពីរ​របស់​ពិភពលោក ដោយ​តាម​ពីក្រោយ​ប្រទេស​ចិន​។

 
​តួលេខ​នាំចេញ​ស្បែកជើង​ថ្មី​នេះ ត្រូវបាន​បញ្ជាក់​ឲ្យ​ដឹង​ដោយ​ប្រធាន​សមាគម​ផលិតផល​ស្បែកជើង​វៀតណាម លោក Diệp Thành Kiệt នៅក្នុង​វេទិកា​ធុរៈកិច្ច​មួយ ដែល​បាន​រៀបចំឡើង​ក្នុង​ទីក្រុង​ហូជីមិញ នៅ​ថ្ងៃ​ពុធ​ទី​២០ ខែមីនា​។ ថ្លែង​ក្នុង​វេទិកា​ដដែល​នេះ លោក Kiệt និយាយថា ចាប់ពីពេលនេះ​ដល់​ឆ្នាំ​២០២៥ ឧស្សាហកម្ម​ស្បែកជើង​របស់​វៀតណាម នៅតែ​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ​ក្នុង​ផ្នែក​សំខាន់ៗ​មួយចំនួន រួមមាន តម្លៃ​ពលកម្ម​, ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​ម្នាក់ៗ​, គោលនយោបាយ​សេដ្ឋកិច្ច និង​ទីផ្សារ​នាំចេញ​។ 
 
​បើតាម​លោក Kiệt កត្តា​ធំៗ​ចំនួន​ពីរ​ដែល​ជំរុញ​ការនាំចេញ​ផលិតផល​ស្បែកជើង​របស់​វៀតណាម​មាន​សម្ទុះ​ខ្លាំងក្លា​បែបនេះ​។ សម្រាប់​កត្តា​ទីមួយ ចិន​ដែលជា​ប្រទេស​នាំចេញ​ស្បែកជើង​ធំ​បំផុត​លំដាប់​ទីមួយ​របស់​ពិភពលោក ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ថ្មី ដោយ​កាត់បន្ថយ​ការវិនិយោគ​លើ​លើ​ឧស្សាហកម្ម​ផលិត​ស្បែកជើង និង​សំលៀកបំពាក់ ហើយ​ជំនួស​មកវិញ​ដោយ​ផ្តោត​សំខាន់​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើបៗ​។ ការណ៍​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នកវិនិយោគ​ងាក​ទៅរក​ប្រទេស​វៀតណាម​។ សម្រាប់​កត្តា​ទី​ពីរ វៀតណាម ទទួលបាន​ឱកាស​ទីផ្សារ​កាន់តែ​ធំ​ទូលាយ ក្រោយ​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង TPP ១១ ថ្មី​។​
 
​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តម្រូវការ​ជាស​កលស​ម្រា​ប់​ផលិតផល​ស្បែកជើង បាន​កើន​ឡើងដល់​២៣​ពាន់​លាន​គូ​ក្នុង​មួយឆ្នាំៗ​។ ប្រទេស​ដែល​ផលិត​ស្បែកជើង​ធំៗ​ក្នុង​ពិភពលោក មានដូចជា ចិន​, ឥណ្ឌា​,  វៀតណាម និង​ឥណ្ឌូណេស៊ី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News ដោយ​ដកស្រង់​ការលើកឡើង​របស់​អ្នកជំនាញ​ក្នុង​វេទិកា​ខាងលើនេះ​។ 
 
​ដោយសារ​តែមាន​តម្រូវការ​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ក្រុម​អ្នកជំនាញ​វៀតណាម ស្នើ​ឲ្យ​ឧស្សាហកម្ម​ផលិត​ស្បែកជើង​ខ្លួន​ពង្រីក​ទីផ្សារ​នាំ​ច​ញ​។ បន្ថែម​ពីនេះ ឧស្សាហកម្ម​ក៏ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ និង​វត្ថុធាតុដើម​ដែល​ពុំ​សូវ​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ តម្លៃ​នាំចេញ​សរុប​នៃ​ឧស្សាហកម្ម​ផលិត​ស្បែង​ជើង​វៀតណាម បាន​ឈានដល់​ជិត​២០​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ ៨,៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧​។ បើ​យោងតាម​សមាគម​ផលិតផល​ស្បែកជើង​វៀតណាម ឧស្សាហកម្ម​បានដាក់​គោលដៅ​ថ្មី ដោយ​ដំឡើង​កំណើន​នៃ​តម្លៃ​ការនាំចេញ​ប្រមាណ​១០​ភាគរយ ដែល​ស្មើនឹង ២១,៥ ទៅ ២២​ពាន់​លាន​ដុល្លារ​៕ 
 

Tag:
 ​វៀតណាម​
  ចិន​
  ការនាំចេញ​ស្បែកជើង
© រក្សាសិទ្ធិដោយ thmeythmey.com