អន្តរជាតិ
អ្នកការទូត​ចិន​៖ សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មមាញឹក សុវត្ថិភាព និង​សេរី​បំផុត​
22, Mar 2019 , 4:46 pm        
រូបភាព
ដោយ:
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស បាន​រិះគន់​បណ្តា​ប្រទេស​ខាងក្រៅ​តំបន់ និង​អ្នកនយោបាយ​លោកខាងលិច​ដែលមាន​ច​រិ​ក​លក្ខណៈ​ជ្រៀតជ្រែក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ថែមទាំង​អនុវត្ត​គោលនយោបាយ​ការទូត​គំរាមកំហែង​ទៀតផង​។ អ្នកការទូត​ចិន​រូបនេះ អះអាងថា គោលនយោបាយ​បែបនេះ មិន​ជួយ​លើកកម្ពស់​សន្តិភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។


 
​លោក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស Liu Xiaoming តាមរយៈ​អត្ថបទ​អត្ថាធិប្បាយ​ជាមួយនឹង​ចំណងជើង «​កិច្ច​ការទូត​ដោយ​ប្រើ​កម្លាំង​គំរាមកំហែង​មិន​ជួយ​លើកតម្កើង​សន្តិភាព​នោះទេ​» ដែល​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន The Daily Telegraph នៅ​ថ្ងៃ​២០ មីនា បាន​មើលឃើញ​ពី​សក្តានុពល និង​ភាព​កាន់តែ​ល្អប្រសើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅពេល​អវត្តមាន​ការរំខាន និង​ជ្រៀតជ្រែក​ពី​ប្រទេស​ខាងក្រៅ​តំបន់​។ 
 
​លោក​អគ្គរដ្ឋទូត បាន​លើកឡើងថា​បណ្តា​អ្នកនយោបាយ​លោកខាងលិច​មួយក្រុម បានធ្វើ​សកម្មភាព​ដើម្បី​ធានា​ពី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដើម្បី​ជា​លេស​បង្ហាញ​សាច់ដុំ​យោធា​របស់ខ្លួន​តាមរយៈ​ការបញ្ជូន​នាវាចម្បាំង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ទាំង​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​រួចទៅហើយ​នោះ​។ 
 
​រៀងរាល់ឆ្នាំ មាន​នាវា​ពាណិជ្ជកម្ម​ជាង ១០ ម៉ឺន​គ្រឿង ស្មើនឹង​មួយ​ភាគបី​នៃ​ពាណិជ្ជកម្ម​ដែនសមុទ្រ​របស់​ពិភពលោក បាន​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង ហើយ​មិន​ដែលមាន​នាវា​ណាមួយ ត្រូវបាន​រំខាន​ឡើយ​។ សូម្បីតែ​ភាគច្រើន​នៃ​ទំនិញ​ក្នុង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​និង​ចិន​ដែលមាន​ទំហំ​រហូតដល់ ៨០ ពាន់​លាន​ដុល្លារ ក៏​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក Liu​។​
 
​ចំណុច​នេះហើយ ដែល​ធ្វើ​ឲ្យ​បេសកជន​ជាន់ខ្ពស់​របស់​ចិន​រូបនេះ ហ៊ាន​ពិពណ៌នា​សមុទ្រ​ចិន​ខាងត្បូង ថា ជា​ដែន​ពាណិជ្ជកម្ម​ដ៏​មមា​ញឹក សុវត្ថិភាព និង​សេរី​ផុត​បំផុត​របស់​ពិភពលោក​។ 
 
​យ៉ាងណាក្តី​ទន្ទឹមនឹង​ការមើលឃើញ​ពី​ចំណុច​ពិសេស​របស់​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​អត្ថបទ​ដដែល​នោះ លោក​អគ្គរដ្ឋទូត បាន​ថ្កោលទោស​ដល់​ឥរិយាបថ​បណ្តា​ប្រទេស​មួយចំនួន ដែល​ជ្រើស​រើសយក​ការបញ្ជូន​នាវាចម្បាំង​ដើម្បី​ជា​លេស​នៃ​ប្រតិបត្តិការ​សេរី​នៃ​ការធ្វើ​នាវាចរណ៍ ដោយ​ពេលខ្លះ​ថែមទាំង​ចូលទៅ​កៀក​នឹង​តំបន់​កោះ​របស់​ចិន​ដោយ​ខុសច្បាប់​ទៀតផង​។ 
 
​ខណៈ​អះអាងថា ចិន និង​អាស៊ាន អាចធ្វើ​ការរួម​គ្នា​បាន​តាមរយៈ​ការចរចា និង​ពិគ្រោះ​យោបល់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​អគ្គរដ្ឋទូត ក៏បាន​ផ្តាំផ្ញើ និង​ព្រមាន​ដល់​បណ្តា​ប្រទេស​ខាងក្រៅ​កុំ​ឲ្យ​យក​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ហើយ​ធ្វើ​សកម្មភាព​តាមតែ​ទំនើងចិត្ត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក សង្កត់ធ្ងន់ថា សកម្មភាព​នេះ បាន​បំពាន​ដល់​សិទ្ធិ និង​អធិបតេយ្យ​របស់​ចិន​ហើយ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​សមុទ្រ​មួយ​ដែលមាន​វិវាទ​អូសបន្លាយ​អស់​រយៈពេល​ច្រើន​ទសវត្សរ៍​មកហើយ​រវាង​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ភាគី​ទាំងសងខាង មាន​វិវាទ​ត្រង់​ការទាមទារ​សិទ្ធិ​គ្រប់គ្រង​លើ​តំបន់​ត្រួតស៊ីគ្នា​។ បច្ចុប្បន្ន ភាគី​ទាំងសងខាង កំពុងតែ​ចរចា​គ្នា​ក្នុង​ការកសាង​ក្រម​ប្រតិបត្តិ​មួយ​ដើម្បី​គ្រប់គ្រង​សកម្មភាព​នៅ​ទីនោះ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កន្លងមក អាមេរិក ត្រូវបាន​មើលឃើញថា​ជា​រដ្ឋ​ខាងក្រៅ​ដ៏​សកម្ម​មួយ ដែលជា​ញឹកញាប់​បាន​បញ្ជូន​ទាំង​នាវា​ល្បាត និង​យន្ត​ចម្បាំង​មកកាន់​តំបន់​នេះ ក្រោម​ហេតុផល​ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើ​នាវាចរណ៍ និង​ការហោះហើរ​៕  

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com