ជាតិ
ប្រទេសរីករាយជាងគេលើលោក៖ ហ្វាំងឡង់លេខ១ សិង្ហបុរីលេខ៣៤ កម្ពុជាលេខ១០៩
× ហ្វាំងឡង់រក្សាចំណាត់ថ្នាក់លេខមួយក្នុងនាមជាប្រជាជាតិដែលមានសុភមង្គលជាងគេបំផុតលើលោក។ នេះបើតាមសន្ទស្សន៍សុភមង្គលពិភពលោក (World Happiness Index) ដែលត្រូវបានសិក្សាចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ តៃវ៉ាន់មានកម្រិតសុមង្គលខ្ពស់ជាងគេនៅអាស៊ី សិង្ហបុរីនាំមុខគេនៅអាស៊ាន ខណៈកម្ពុជាស្ថិតនៅចំណាត់លេខ១០៩ក្នុងចំណោម១៥៦ប្រទេស។
សន្ទស្សន៍ World Happiness Index ដែលត្រូវបានផ្សព្វផ្សាយនាឱកាសនៃទិវាសុភមង្គលអន្តរជាតិ (International Day of Happiness) ដឹកនាំសិក្សា និងស្រាវជ្រាវដោយអ្នកជំនាញស្រាវជ្រាវល្បីៗ រួមមានសាស្ត្រាចារ្យកាណាដា លោក John F. Helliwell សាស្ត្រាចារ្យអង់គ្លេស លោក Richard Layard និងអ្នកសាស្ត្រាអាមេរិក លោក Jeffrey D. Sachs។ ការសិក្សាវាយតម្លៃទៅលើផលិតផលក្នុងស្រុកសរុប (GDP) ការគាំពារសង្គម អាយុកាលមធ្យម សេរីភាពក្នុងការជ្រើសរើសផ្លូវជីវិត សប្បុរសធម៌ សន្ទស្សន៍នៃអំពើពុករលួយ និងជំនឿចិត្តផ្សេងៗ។
សន្ទស្សន៍ប្រចាំឆ្នាំលើកទី៧ ដែលគាំទ្រដោយអង្គការសហប្រជាជាតិផងដែរនោះ បង្ហាញថា ហ្វាំងឡង់រក្សាចំណាត់ថ្នាក់លេខ១ពីរឆ្នាំជាប់។ ប្រជាជាតិដែលស្ថិតក្នុងចំណោម Top 10 មានដាណឺម៉ាក ន័រវេស អ៊ីស្លង់ ហូឡង់ ស្វីស ស៊ុយអែត នូវែលសេឡង់ កាណាដា និងអូទ្រីស។ អូស្ត្រាលីស្ថិតនៅចំណាត់ថ្នាក់លេខ១១ អង់គ្លេស (១៥) អាល្លឺម៉ង់ (១៧) សហរដ្ឋអាមេរិក (១៩) និងបារាំង (២៤)។
កោះតៃវ៉ាន់ដែលជាតំបន់ស្វ័យតរបស់ចិន ស្ថិតនៅលេខរៀងទី២៥លើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់ជាងបើប្រៀបធៀបទៅនឹងប្រជាជាតិផ្សេងទៀតនៅអាស៊ី ខណៈអារ៉ាប៊ីសាអូឌីត ស្ថិតនៅលេខ២៨ និងកាតាស្ថិតនៅលេខ២៩។ ខណៈកូរ៉េខាងត្បូងស្ថិតនៅលេខ៥៤ និងជប៉ុនលេខ៥៨ កោះហុងកុងនៅលេខ៧៦ រីឯចិនទាំងមូលស្ថិតនៅលេខ៩៣។
នៅតំបន់អាស៊ាន សិង្ហបុរី ស្ថិតនៅលេខ៣៤ ដោយនាំមុខ ថៃ (៥២), ហ្វីលីពីន (៦៩), ម៉ាឡេស៊ី (៨០), ឥណ្ឌូណេស៊ី (៩២), វៀតណាម (៩៤), ឡាវ (១០៥), កម្ពុជា (១០៩) និងមីយ៉ាន់ម៉ា (១៣១)។ ព្រុយណេ មិនស្ថិតក្នុងចំណោម១៥២ប្រទេសដែលត្រូវបានលើកយកមកសិក្សានោះឡើយ។
ប្រទេសដែលមានកម្រិតសុភមង្គល ឬរីករាយតិចជាងគេ ភាគច្រើនជាប្រទេសដែលដុនដាបដោយសារសង្គ្រាម។ ប្រទេសទាំងនោះរួមមាន ហៃទី បុតស្វាណា ស៊ីរី ម៉ាឡាវី យ៉េមែន រវ្វាន់ដា តង់ហ្សានី អាហ្វហ្គានីស្ថាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង៕
Tag:
World Happiness Index
© រក្សាសិទ្ធិដោយ thmeythmey.com