អន្តរជាតិ
ចិន​ទិញ​យន្តហោះ​ពី Airbus តម្លៃ​៣៥​ពាន់​លាន​ដុល្លារ ខណៈ​យន្តហោះ Boeing មាន​បញ្ហា
26, Mar 2019 , 7:19 pm        
រូបភាព
​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង នៅ​បារាំង ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​យន្តហោះ​ដឹកនាំ​អ្នកដំណើរ​៣០០​គ្រឿង ដែល​ផលិត​ដោយ​ក្រុមហ៊ុន Airbus ។ ការសម្រេចចិត្ត​ទិញ​យន្តហោះ​របស់ Airbus ប្រៀបដូចជា​ការវាយប្រហា​រ​ដ៏​ធ្ងន់​មួយ​លើ​គូប្រជែង​របស់​ក្រុមហ៊ុន​នេះ គឺ Boeing ដែលជា​ក្រុមហ៊ុន​អាមេរិក ហើយ​កំពុង​ជួប​បញ្ហា​ធ្លាក់​យន្តហោះ​ផ្ទួនៗ​មក​នោះ​។

 
​ក្នុង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចិន​នឹង​ទិញ​យន្តហោះ​ធុន A320 ចំនួន​២៩០​គ្រឿង និង​យន្តហោះ​ធុន​ធំ A350 ចំនួន​១០​គ្រឿង​ទៀត​ដែលមាន​តម្លៃ​សរុប​ដល់​ទៅ​៣៥​ពាន់​លាន​ដុល្លារ​។ កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​របស់​ក្រុមហ៊ុន Airbus ស្ថិត​ក្នុងចំណោម​កិច្ចព្រមព្រៀង​ចំនួន​១៥ ដែល​ត្រូវបាន​ចុះហត្ថលេខា​នា​ជំនួប​រវាង​លោក ស៊ី និង​សម​ភាគី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ។​
 
​តាមពិតទៅ កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​នេះ ត្រូវបាន​ប្រកាស​តាំងពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក ម៉ា​ក្រុង នៅ​ចិន​កាលពី​ឆ្នាំ​២០១៨ ដែល​ពេលនោះ​ចិន​គ្រោង​ទិញ​យន្តហោះ​ធុន A320 តែ​១៨៤​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​បម្រើការ​ឲ្យ​អាកាសចរណ៍​ចំនួន​១៣​ក្រុមហ៊ុន​។ វា​ជា​ទម្លាប់​របស់​ចិន​ដែល​ទិញ​យន្តហោះ​ទ្រង់ទ្រាយ​ធំ មុននឹង​ចែកចាយ​ដល់​ក្រុមហ៊ុន​នានា​។ 
​យន្តហោះ​របស់ Airbus ធុន A320 នេះ គឺជា​គូប្រជែង​របស់​យន្តហោះ​ក្រុមហ៊ុន Boeing ធុន 737 MAX ដែល​កំពុង​ជួប​បញ្ហា​។ ករណី​ធ្លាក់​យន្តហោះ​ប្រភេទ​ដល់​ទៅ​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​មួយ​នេះ រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ ក្រោយ​ការធ្លាក់​ចុងក្រោយ​របស់​អាកាសចរ​ណ៍ Ethiopian Airline ដែល​សម្លាប់​មនុស្ស​គ្មាន​សល់​ម្នាក់ ប្រទេស​ជាច្រើន​រាប់ទាំង​ចិន​ផង​នោះ បាន​បញ្ឈប់​ការប្រើប្រាស់​យន្តហោះ​ស៊េរី 737 MAX នេះ​។​
 
​សូមបញ្ជាក់ថា ចិន គឺជា​ទីផ្សារ​យន្តហោះ​ដ៏​ធំ​មួយ​របស់​ពិភពលោក និង​ជា​អតិថិជន​ដ៏​សំខាន់​របស់ Airbus និង Boeing ។ កំណើន​នៃ​ការប្រើប្រាស់​យន្តហោះ​នៅ​ចិន បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ព្រោះ​ប្រជាជន​ចិន​វណ្ណៈ​កណ្ដាល​ពេញនិយម​ធ្វើដំណើរ​តាមផ្លូវ​អាកាស​នេះ​កាន់តែ​ច្រើនឡើង​ដែរ​។ ប៉ុន្តែ​ករណី​ធ្លាក់​បន្តបន្ទាប់​របស់ 737 MAX ធ្វើ​ឲ្យ​ទំនុកចិត្ត​លើ Boeing ធ្លាក់ចុះ ហើយ​ចិន​ងាក​ទៅរក Airbus របស់​អឺរ៉ុប​វិញ​។​
 
​ប្រធានាធិបតី​បារាំង ចាត់ទុក​កិច្ចព្រមព្រៀង​នេះ ជា​សញ្ញា​ដ៏​ល្អ​មួយ ស្របពេល​បារាំង និង​ចិន​អបអរ​ខួប​ទី​៥៥​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។ ប៉ុន្តែ​ទស្សនកិច្ច​របស់លោក ស៊ី នៅ​អឺរ៉ុប ធ្វើឡើង​ខណៈដែល​អឺរ៉ុប​មាន​ជំហរ​តឹងរ៉ឹង​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​។ ថ្មីៗ​នេះ លោក ម៉ា​ក្រុង ផ្ទាល់ ក៏​រិះគន់​ចិន​ចំៗ​ជុំវិញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​នៅ​អាហ្វ្រិក ក៏ដូចជា​របៀប​រកស៊ី​មិន​យុត្តិធម៌ ហើយ​មិនសូវ​គោរព​ម្ចាស់​ស្រុកទេស​ទៅទៀត​៕   

Tag:
 ចិន​
  បារាំង​
  ស៊ី ជិន​ភីង​
  Airbus
  Boeing
© រក្សាសិទ្ធិដោយ thmeythmey.com