ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ប្រាប់ចិនថា កម្ពុជាមិនដោះដូរអធិបតេយ្យភាពជាមួយEBAទេ
× ភ្នំពេញ៖ កម្ពុជា មិនយកអធិបតេយ្យភាពខ្លួន ទៅដោះដូរជាមួយការអនុគ្រោះពន្ធ(Everything but Arms) ឡើយ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីជំហររបស់កម្ពុជាបែបនេះ ប្រាប់ទៅលោក Chen Hao លេខាធិការបក្សនៃខេត្តយូណាន ប្រទេសចិន។
ក្នុងជំនួបពិភាក្សាគ្នានោះសម្ដេច ហ៊ុន សែន បាននិយាយថា ប្រព័ន្ធអនុគ្រោះពន្ធ គឺវាគង់តែនឹងដល់ទីបញ្ចប់ដូចប្រទេសផ្សេងៗទៀត នៅពេលណាមួយ ដូច្នេះវាគ្មានអ្វីដែលអាចឲ្យកម្ពុជាផ្លាស់ប្ដូរ ឬដោះដូរអធិបតេយ្យភាពរបស់ខ្លួន ជាមួយនឹងភាពអនុគ្រោះនោះទេ។
និយាយពីរឿងអនុគ្រោះពន្ធហើយ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បន្តនិយាយពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវិញម្ដង ដោយសម្ដេចស្នើសុំឲ្យលេខាធិការបក្សនៃខេត្តយូណាន ភ្ជាប់ទំនាក់ទំនងផ្លាស់ប្តូលើវិស័យវប្បធម៌ ទេសចរណ៍ និងវិនិយោគថ្មីៗឲ្យបានច្រើនថែមទៀត។ ត្រង់ចំណុចសម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដេចចង់ឃើញមិត្តចិនជួយកម្ពុជាឲ្យសមជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយពិតៗ។
លោក Chen Hao លេខាធិការបក្សនៃខេត្តយូណាន ប្រទេសចិន សន្យាជួយជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍ និងវិស័យភាពយន្តកម្ពុជា។
បើតាមលោក Chen Hao បច្ចុប្បន្ននេះខេត្តយូណានមាន ២៥ ក្រុមហ៊ុនដែលបានមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជិតដល់ ១,០០០ លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com