កីឡាជាតិ
ជាតិ
Keisuke Honda ត្រឡប់ទៅមែលប៊នវិល ក្រោយចំណាយពេល៩ថ្ងៃជាមួយ U23 កម្ពុជា លោក Keisuke Honda អង្គយអានសៀវភៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(រូបក្នុងរង្វង់) និងពេលដឹកនាំក្រុម U23 កម្ពុជា
× អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ក្រោយបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា បានត្រឡប់ទៅជួយក្រុម Melbourne Victory ក្នុងក្របខណ្ឌកំពូលអូស្ត្រាលីវិញហើយ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្សែបម្រើប្រយុទ្ធរូបនេះ។
ក្រោយចប់បេសកកម្មដឹកនាក្រុម U23 កម្ពុជា សម្រាប់ជំនួបវគ្គជម្រុះ AFC U23 Championship 2020 អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានត្រឡប់ទៅប្រទេសអូស្ត្រាលី កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ Honda ត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីជាមួយអារម្មណ៍មិនសូវសប្បាយចិត្ត ក្រោយមិនអាចដឹកនាំក្រុម U23 កម្ពុជាឈានទៅវគ្គបន្តតាមមហិច្ឆតារបស់ខ្លួន ដែលចង់ឲ្យកម្ពុជាមានវត្តមានក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុន ឆ្នាំ២០២០។
ទោះបីយ៉ាងនេះក្តី ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ក្រោមការដឹកនាំរួមគ្នារវាង លោក Honda និងគ្រូបង្វឹកអាហ្សង់ទីន Felix Dalmas បានបង្ហាញសមត្ថភាព និងទម្រង់លេងគួរឲ្យចាប់អារម្មណ៍ តាមរយៈការបង្កើតឱកាស និងសម្រេចទីលើគូប្រកួត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ទោះបីកម្ពុជាទទួលបានលទ្ធផលមិនល្អ តែប្រជាពលរដ្ឋ និងអ្នកគាំទ្រមិនត្រឹមតែមិនស្តីបន្ទោសប៉ុណ្ណោះទេ ថែមទាំងសរសើរក្រុមកីឡាករកម្ពុជាទៀតផង។
U23 កម្ពុជា ស្ថិតក្នុងចំណោមក្រុមទាំង២៨ក្នុងតំបន់អាស៊ាន និងអាស៊ី ដែលបានបាត់បង់ឱកាសឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍នេះ ក្រោយពួកគេចាញ់អូស្ត្រាលី ៦-០ ចាញ់កូរ៉េខាងត្បូង ៦-១ និងស្មើ ១-១ ជាមួយឆាយនីសតៃប៉ិ។ U23 វៀតណាមជាក្រុម អាស៊ានតែមួយគត់ បានចាប់ដៃជាមួយថៃ ដែលទទួលបានកៅអីដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ ឡើងទៅវគ្គជម្រុះបន្ទាប់ជាមួយក្រុមក្នុងតំបន់អាស៊ី១៤ផ្សេងទៀត។ សម្រាប់វគ្គជម្រុះលើកទី២ធ្វើឡើងចន្លោះពីថ្ងៃទី៨-២៦ ខែមករា ឆ្នាំ២០២០ នៅថៃ។
ពីរថ្ងៃបន្ទាប់ក្រោយត្រឡប់ទៅដល់អូស្ត្រាលី ខ្សែបម្រើប្រយុទ្ធ Keisuke Honda ត្រូវជួយក្រុម Melbourne Victory ប្រកួតតទល់ជាមួយក្រុម Perth Gory ក្នុងពានរង្វាន់ក្របខណ្ឌកំពូលអូស្ត្រាលី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នាកីឡដ្ឋាន Nib Stadium។
គួររំលឹកថា លោក Keisuke Honda បានមកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដើម្បីដឹកនាំក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាប្រជែងជាមួយក្រុមអូស្ត្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ សម្រាប់ជំនួបវគ្គជម្រុះ AFC U23 Championship ចន្លោះពីថ្ងៃទី២២-២៦ ខែមីនា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពូល H៕
Tag:
បាល់ទាត់
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com