អន្តរជាតិ
អាមេរិក រង​ការរិះគន់​ជុំ​ទិស​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ព្រោះ​ចាត់ទុក​ខ្ពង់រាប​ហ្គោ​ឡង់​ជា​ទឹកដី​អ៊ីស្រាអែល​
28, Mar 2019 , 9:19 pm        
រូបភាព
ជនជាតិស៊ីរីកាន់ទង់ជាតិស៊ីរីនៅខ្ពង់រាបហ្គោឡង់ (រូបភាព AFP)
ជនជាតិស៊ីរីកាន់ទង់ជាតិស៊ីរីនៅខ្ពង់រាបហ្គោឡង់ (រូបភាព AFP)
​សហរដ្ឋអាមេរិក បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ក្នុង​កិច្ចប្រជុំ​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដោយសារតែ​ទទួលស្គាល់​ខ្ពង់រាប​ហ្គោ​ឡង់​ជា​កម្មសិទ្ធិ​អ៊ីស្រាអែល​។ នា​កិច្ចប្រជុំ​ថ្ងៃទី​២៧ ខែមីនា សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាច្រើន បាន​ពន្លះ​អាមេរិក​ដែល​ដើរ​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ពិសេស​ដំណោះស្រាយ​ក្រុមប្រឹក្សា​ដែល​ចាត់ទុក​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល​ជា​រឿង​ខុសច្បាប់​។ ប៉ុន្តែ​អាមេរិក​អះអាងថា ការសម្រេចចិត្ត​របស់​ខ្លួន​ជា​រឿង​ល្អ​សម្រាប់​សន្តិសុខ​តំបន់ និង​អ៊ីស្រាអែល​។​

 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី​២៧ ខែមីនា​តាម​សំណើ​របស់​ស៊ី​រី​ជុំវិញ​ការទទួលស្គាល់​ខ្ពង់រាប​ហ្គោ​ឡង់​ជា​កម្មសិទ្ធិ​អ៊ីស្រាអែល​ពី​សំណាក់​អាមេរិក​។ ស៊ី​រី​ដែលជា​ម្ចាស់​ទឹកដី​យុទ្ធសាស្ត្រ​មួយ​នេះ ហៅ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជាការ​បំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ផ្ទាល់​។​
 
​តំណាង​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១៤ រាប់ទាំង​សម្ព័ន្ធមិត្ត​ជិតដិត​ផង​នោះ បាន​រិះគន់​ជំហរ​របស់​អាមេរិក​។ តំណាង​អង់គ្លេស​ចាត់ទុក​ការទទួលស្គាល់​ខ្ពង់រាប​ហ្គោ​ឡង់​ជា​ទឹកដី​អ៊ីស្រាអែល ជាការ​បំពាន​ដំណោះស្រាយ​លេខ​៤៩៧ ដែល​ប្រកាសថា ការបញ្ចូល​ខ្ពង់រាប​នេះ​ជា​ទឹកដី​អ៊ីស្រាអែល គ្មាន​បានការ​ឡើយ​។ ឯ​បារាំង​វិញ បាន​ព្រមាន​ថា សកម្មភាព​ដែល​ដើរ​តាមច្បាប់​អន្តរជាតិ ប្រាកដជា​បរាជ័យ​មិន​ខាន​។​
 
​រុស្ស៊ី​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ បាន​អំពាវនាវ​ឲ្យ​មានការ​ជំទាស់​ការសម្រេច​ចិត្ត​របស់លោក ត្រាំ និង​បន្ត​ហៅ​ខ្ពង់រាប​នេះ​ជា «​ទឹកដី​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​» ។ ចិន​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ដែរនោះ ក៏​ប្រកាស​ជំហរ​ប្រឆាំង​រាល់​ការប៉ុនប៉ង​ទាំងឡាយណា​ដែល​ចង់​ផ្លាស់ប្ដូរ​ឋានៈ​របស់​ទឹកដី​មួយ​នេះ​។ តំណាង​របស់​ចិន​លើកឡើងថា ក្រុង​ប៉េកាំង​មិន​ចង់ឃើញ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​ឡើយ​។​
 
​តំណាង​ស៊ី​រី​វិញ ក៏​និយាយ​វាយប្រហារ​អាមេរិក​មិន​បង្អង់​មាត់​ដែរ​។ លោក  Bashar Jaafari អគ្គរដ្ឋទូត​ស៊ី​រី​ចោទ​អាមេរិក​ថា កាត់​ទឹកដី​ខ្ពង់រាប​ហ្គោ​ឡង់​ទៅ​ឲ្យ​អ៊ីស្រាអែល​ដើម្បី​បំពេញចិត្ត​ក្រុម​បញ្ចុះបញ្ចូល​អ៊ីស្រាអែល ដែលជា​អ្នកផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​អ្នកនយោបាយ​អាមេរិក​ប៉ុណ្ណោះ​។ តំណាង​ស៊ី​រី​រូបនេះ​ក៏​ស្នើ​ឲ្យ​អាមេរិក​កាត់​ទឹកដី​របស់ខ្លួន​ឲ្យ​អ៊ីស្រាអែល​វិញ​ទៅ​។ 
 
«​អ្នក​អាច​ឲ្យ​ទឹកដី​រដ្ឋ​ការ៉ូ​លី​ណា​ខាងត្បូង និង​ខាងជើង​ទៅ​អ៊ីស្រាអែល​។ រដ្ឋ​ការ៉ូ​លី​ណា​ខាងត្បូង ជា​ទឹកដី​ដ៏​ល្អ​។ ដូចនេះ​អាមេរិក​គួរ​ឲ្យ​រដ្ឋ​ខ្លះទៅ​អ៊ីស្រាអែល បើ​រដ្ឋបាល​លោក ត្រាំ ចង់បាន​គាំទ្រ​ពី​អ៊ីស្រាអែល​នោះ​? នេះ​ជាស​ម្ដី​ប្រតិកម្ម​របស់លោក Bashar Jaafari ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន RT ។   
 
​នា​កិច្ចប្រជុំ​ដែល​ខ្លួន​ក្លាយជា​មុខសញ្ញា​រង​ការរិះគន់ អាមេរិក​បាន​និយាយ​ជំហរ​របស់​យ៉ាង​ម៉ឺងម៉ាត់​វិញ​ដែរ​។ ជាមួយនឹង​ការទទួលស្គាល់​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល វា​នឹង​ជួយ​ពង្រឹង​សន្តិសុខ​អ៊ីស្រាអែល និង​បន្ត​រក្សា​ស្ថិរភាព​មជ្ឈិមបូព៌ា​តាមរយៈ​ការបិទផ្លូវ​អ៊ីរ៉ង់ ស៊ី​រី និង​ក្រុម Hezbollah មិន​ឲ្យ​ប្រើប្រាស់​ខ្ពង់រាប​នេះ​ជាទី​តាំង​វាយប្រហារ​អ៊ីស្រាអែល​៕

Tag:
 អាមេរិក​
  ស៊ី​រី​
  អ៊ីស្រាអែល​
  ខ្ពង់រាប​ហ្គោ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com