អន្តរជាតិ
លោក មូ​ន ទៅ​ជួប​លោក ត្រាំ នៅ​ខែមេសា​ដើម្បី​ជជែក​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
29, Mar 2019 , 9:19 pm        
រូបភាព
​ជំនួប​បរាជ័យ​នៅ​វៀតណាម​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប៉ះពាល់​ប្រជាប្រិយភាព​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង​យ៉ាងខ្លាំង​។ នេះ​ក៏​ព្រោះតែ​លោក មូ​ន ជា​តួអង្គ​សម្របសម្រួល​ភាគី​ទាំងពីរ ហើយ​តែង​អះអាងថា កូរ៉េខាងជើង​ពិតជា​មាន​ឆន្ទៈ​បោះបង់​នុយក្លេអ៊ែរ​មែន​។ លោក មូ​ន នឹង​ទៅ​អាមេរិក​នៅ​ពីរ​សប្ដាហ៍​ទៀត​ដើម្បី​ជាមួយ​លោក ត្រាំ ពី​រឿងនេះ​។ តើ​លោក មូ​ន អាចធ្វើ​ឲ្យ​អាមេរិក និង​កូរ៉េខាងជើង​វិល​ចូល​តុ​ចរចា​ឡើងវិញ​មែនឬ​?

 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែមេសា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​សេត​វិមាន​នៅ​ថ្ងៃទី​២៩ ខែមីនា​។ សេត​វិមាន​បន្តថា ជំនួប​មេដឹកនាំ​ទាំងពីរ នឹង​ផ្ដោតលើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​ទាក់ទង​សម្ព័ន្ធភាព​អាមេរិក​-​កូរ៉េខាងត្បូង​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន សេត​វិមាន​អាមេរិក​បញ្ជាក់ថា សម្ព័ន្ធភាព​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​នៅតែ​ជា​ចំណុច​សំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​តំបន់​ទាំងមូល​។ ជុំវិញ​ជំនួប​នេះ អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​និយាយ​ដែរ​ថា មេដឹកនាំ​ទាំងពីរ​នឹងមាន​ការជជែក​ស៊ីជម្រៅ​ដើម្បី​សម្របសម្រួល​ជំហរ​ភាគី​ទាំងពីរ សំដៅ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។​
 
​ជំនួប​រវាង​ប្រ​ធា​ធិបតី​អាមេរិក និង​កូរ៉េខាងត្បូង ធ្វើឡើង​ចំពេល​ដែល​លោក មូ​ន រង​ពាក្យរិះគន់​ខ្លាំង​ជុំវិញ​គោលនយោបាយ​របស់លោក ខណៈ​ជំនួប​នៅ​រដ្ឋធានី​ហាណូយ​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បញ្ចប់​ទៅដោយ​មិន​ទទួលបាន​លទ្ធផល​អ្វី​សោះ​។ មាន​ម្ដងនោះ សមាជិកសភា​បក្សប្រឆាំង​កូរ៉េខាងត្បូង​ថែមទាំង​ហៅ​លោក មូ​ន ជា​អ្នកនាំពាក្យ​របស់លោក គីម ទៀតផង​។ 
 
​ក្រៅពី​បញ្ហា​កូរ៉េខាងជើង អាមេរិក និង​កូរ៉េខាងត្បូង​ក៏​មិនសូវ​ត្រូវ​គ្នា​លើ​ការចំណាយ​ថ្លៃ​ពង្រាយ​កងទ័ព​អាមេរិក​នៅ​ទឹកដី​កូរ៉េខាងត្បូង​ដែរ​។ ទោះជា​ក្រុង​សេ​អ៊ូ​ល​បាន​យល់ព្រម​បង្កើន​ការចំណាយ​របស់ខ្លួន​ក្ដី ក្រុង​វ៉ាស៊ីនតោន​ហាក់​មិនទាន់​ពេញចិត្ត​នៅឡើយ​។ កិច្ចព្រមព្រៀង​ថ្មី​រវាង​ភាគី​ទាំងពីរ មាន​សុពលភាព​ត្រឹមតែ​មួយឆ្នាំ​២០១៩ នេះ​ប៉ុណ្ណោះ ដែល​វា​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​ត្រូវ​ជួបចរចា​គ្នា​ទៀត​សម្រាប់​គម្រោង​ចំណាយ​លើក​ក្រោយ​។​
 
​មុន​ជំនួប​រវាង​លោក មូ​ន និង​លោក ត្រាំ មន្ត្រី​កូរ៉េខាងត្បូង​អះអាងថា រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​ទៀត នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ជួប​ជាមួយ​ភាគី​អាមេរិក​។ គេ​រំពឹងថា ជំនួប​រវាង​មន្ត្រី​នេះ នឹង​ជួយ​ឲ្យ​ភាគី​ទាំងពីរ​ស្វែងយល់​កាន់តែ​ពី​ជំហរ​ភាគី​ម្ខាងៗ និង​បញ្ហា​កូរ៉េខាងជើង​ផង​៕

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com