កីឡាជាតិ
ជាតិ
ហាប់គីដូដង្ហោយរកជំនួយគាំទ្រ ខណៈខ្លួនគ្មានទីលានហ្វឹកហាត់ និងស្នាក់ការត្រឹមត្រូវ រូបភាពពីសហព័ន្ធខ្មែរកីឡាហាប់គីដូ
× សហព័ន្ធខ្មែរកីឡាហាប់គីដូ ដង្ហោយរកការជួយគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន ខណៈបច្ចុប្បន្នសហព័ន្ធដែលដំណើរដោយសារការបរិច្ចាគថវិកាពីសមាជិកមួយនេះ ពុំទាន់មានទីលានហ្វឹកហាត់ និងទីស្នាក់ការសហព័ន្ធសម្រាប់ធ្វើការងារត្រឹមត្រូវ។ ការប្រកាសស្វែងរកជំនួយគាំទ្រនេះ បន្ទាប់ពីសហព័ន្ធមិនអូឡាំពិកមួយនេះ ពុំទាន់មានឈ្មោះក្នុងបញ្ជីរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីទទួលបានថវិកាក្នុងការទ្រទ្រង់ការហ្វឹកហាត់របស់កីឡាករ និងរៀបចំការប្រកួត។
សហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលបច្ចុប្បន្នមានដំណើរការដោយសារការជួយគាំទ្រពីសមាជិកប្រតិបត្តិ និងសប្បុរសជននានាបានដង្ហោយរកជំនួយពីស្ថាប័នរដ្ឋ ឬក្រសួង និងឯកជន ដើម្បីទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍវិស័យកីឡាហាប់គីដូនៅកម្ពុជា។ ខណៈបច្ចុប្បន្នសហព័ន្ធនេះ ពុំទាន់មានប្រភពចំណូលច្បាស់លាស់នៅឡើយ ហើយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ក៏ចោទជាបញ្ហាផងដែរ។
សហព័ន្ធខ្មែរកីឡាហាប់គីដូ ពុំទាន់ទទួលបានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡានៅឡើយទេ។ កត្តានេះ ជាហេតុនាំឲ្យសហព័ន្ធ ពុំទទួលបានថវិកាក្នុងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ក៏ដូចជាគោលការណ៍ប្រមូលផ្តុំហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិ។ បន្ថែមលើបញ្ហានេះ សហព័ន្ធក៏ពុំទាន់មានទីលានហ្វឹកហាត់ និងស្នាក់ការសម្រាប់ធ្វើការងារជាក់លាក់ផងដែរ ខណៈបច្ចុប្បន្នពួកគេកំពុងផ្ញើខ្លួនហ្វឹកហាត់នៅទីលានកីឡាវាយកូនបាល់ និងសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ។
បញ្ហាប្រឈម និងការដង្ហោយរកជំនួយគាំទ្រខាងលើ ធ្វើឡើងក្នុងសន្និបាតបូកសរុបការងារ ដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងដាក់ទិសដៅអនុវត្តសម្រាប់ឆ្នាំ២០១៩ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ ក្រៅពីបញ្ហាទាំងលើ ការខ្វះខាតលើការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ក៏ដូចជាយុវជនវ័យក្មេង ក៏នៅតែជាបញ្ហាចោទ ដែលសហព័ន្ធត្រូវដោះស្រាយផងដែរ។
លោក ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូបានប្តេជ្ញាថា លោកនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំកីឡានេះឲ្យឈានទៅរកភាពរីកចម្រើននាពេលអនាគត។ ហើយដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើ ប្រធានសហព័ន្ធរូបនេះ បានចំណាយធនធាន សាងសង់ទីលានហ្វឹកហាត់លំដាប់ស្តង់ដារមួយនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដែលនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
ដើម្បីពង្រីកវិសាលភាព និងអភិវឌ្ឍន៍កីឡាហាប់គីដូឲ្យកាន់តែរីកចម្រើន សហព័ន្ធ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៦ចំណុចរួមមាន បង្កើនការទំនាក់ទំនង និងបង្កើតក្លិបនៅតាមរាជធានី-ខេត្ត និងបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមកម្រិតជាតិឲ្យបានច្រើន, រៀបចំវគ្គបណ្តុះបណ្តាលថ្នាលបន្ថែម, បង្កើនការផ្សព្វផ្សាយឲ្យបានផ្សព្វផ្សាយ, ជួយពង្រីកបច្ចេកទេសដល់គ្រូបង្វឹកនៅតាមក្លិបសមាជិក, បង្កើនទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ ឯកជន អង្គការជាតិនិងអន្តរជាតិ និងសមាគមហាប់គីដូពិភពលោក និងខិតខំព្យាយាមបង្កើតឲ្យមានការប្រកួតជើងឯក និងពានរង្វាន់ណាមួយ៕
Tag:
ហាប់គីដូ
គង់ ចាន់ធីណា
© រក្សាសិទ្ធិដោយ thmeythmey.com