ជាតិ
សង្គមជាតិ
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត តម្លៃជាង ២៦លានដុល្លារ ដាក់ដំណើរការជាផ្លូវការ
× ភ្នំពេញ៖ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ដែលចំណាយទឹកប្រាក់សាងសង់ជាង២៦លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន បានដាក់ដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ មេសា។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើជាង២ដងនៃសមត្ថភាពផលិតពីមុន។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ អាចជួយឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀល/ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបជាង ១៣,០០០គ្រួសារ។ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ មានបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ។នេះបើតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ថ្លែងក្នុងពិធីសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ សម្ដេច ហ៊ុន សែន អះអាងថា ខេត្តកំពត ជាខេត្តដែលសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍ និងកំពង់ផែសមុទ្រ នៅទិសនិរតី។ ជាពិសេសខេត្តនេះ ក៏កំពុងទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឱ្យកត់សម្គាល់ ៕
Tag:
ហ៊ុន សែន
ទឹកស្អាត
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com