កីឡាជាតិ
ជាតិ
គ្រូ​ណាហ្គា​ថា បើ​អាច​បំបែក​តំបន់​កណ្តាល​នឹងមាន​ឱកាស​ឈ្នះ Tampines នៅថ្ងៃនេះ​
02, Apr 2019 , 3:05 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ហាក់​មាន​ជំនឿ​ចិត្ត​ថា បើ​កូនក្រុម​ខ្លួន​អាច​បំបែក​ទម្រង់​លេង​ក្នុង​តំបន់​កណ្តាល និង​រារាំង​កីឡាករ​សំខាន់ៗ​មួយចំនួន​របស់​ក្រុម Tampines Rovers FC បាន ណាហ្គា​វើ​ល​នឹង​អាចមាន​ឱកាស​ឈ្នះ​នៅថ្ងៃនេះ​។ ចំណែក​គ្រូបង្វឹក និង​ប្រធាន​ក្រុម​របស់​ក្រុម​សិង្ហ​បុរី​មួយ​នេះ សង្កេតឃើញថា ណាហ្គា​វើ​ល​ជា​ក្រុម​ខ្លាំង​នៅក្នុង​ទឹកដី​។ ក្រុម​ណាហ្គា​វើ​ល​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ភ្ញៀវ Tampines Rovers សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFC Cup 2019 នៅ​ម៉ោង​៥​រសៀល​នេះ​។

 
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​លើកសរសើរ​គូប្រកួត Tampines Rovers របស់​សិង្ហ​បុរី​ថា ជា​ក្រុម​មាន​ទម្រង់​លេង​ក្នុង​តំបន់​កណ្តាល និង​បម្រើ​ស្លាប​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ណាហ្គា​វើ​ល​។ លោក​ជឿជាក់ថា បើ​កូនក្រុម​អាច​បំបែក​ទម្រង់​លេង​ក្នុង​តំបន់​កណ្តាល ឬ​រារាំង​គ្រោះថ្នាក់​៣​រូប ណាហ្គា​វើ​ល​នឹង​អាចមាន​ឱកាស​ឈ្នះ​ក្រុម​សិង្ហ​បុរី​នៅថ្ងៃនេះ​។  
 
«​អ្វីដែល​យើង​សង្កេតឃើញ គឺ​តំបន់​កណ្តាល​ក្រុម Tampines Rovers ខ្លាំង​មែនទែន ជាពិសេស​បម្រើ​ស្លាប​។ ដូច្នេះ​បើ​ខ្ញុំ​អាច​កាត់ផ្តាច់ ឬ​បំបែក​តំបន់​កណ្តាល​បាន ពិសេស​រារាំង​កីឡាករ​៣​រូប​ដែល​អាច​ធ្វើការ​បានល្អ​ខ្លាំង គឺ​កីឡាករ Madhu Mohana,Shahdan Sulaiman និង Jordan Webb បាន ខ្ញុំ​នឹង​អាចមាន​ឱកាស​ឈ្នះ​»​។ ការលើកឡើង​បែបនេះ​របស់លោក មាស់ ចាន់ណា ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​។ 


 
​ជាមួយ​ការអះអាង​ពី​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ លោក មាស ចាន់ណា បញ្ជាក់ថា កីឡាករ​ណាហ្គា​វើ​ល​ពុំមាន​កីឡាករ​រូប​ណា​រងរបួស​នោះទេ ហើយ​ការ​ចាញ់​ក្រុម​ក្រសួងការពារជាតិ ៤-២ ក្នុង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​កាលពីពេល​ថ្មីៗ ក៏​ពុំបាន​ជះឥទ្ធិពល​អាក្រក់​ដល់​ក្រុម​លោក​ផងដែរ​។ ផ្ទុយទៅវិញ​ការផ្លាស់ប្តូរ​ម៉ោង​ប្រកួត​ពី​ម៉ោង​៣​ទៅ​រៀបចំ​នៅ​ម៉ោង​៥ និង​ការលេង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ វា​ជា​អំណោយផល​មួយ​ដ៏​ល្អ​សម្រាប់​ណាហ្គា​វើ​ល​ក្នុងការ​យកឈ្នះ​ក្រុម​ភ្ញៀវ​។ ព្រោះ​កីឡាករ​ណាហ្គា​វើ​ល​មាន​បទពិសោធ​ជោគជាំ​ជាមួយ​ទីលាន​នេះ​។ 
 
​គ្រូបង្វឹក​ក្រុម Tampiones Rover លោក Abdul Kadir Yahaya បាន​អះអាងថា កត្តា​ទីលាន​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​ក្រុម​លោក​នោះទេ ហើយ​បរិយាកាស​ក៏​ដូចគ្នា​។ ព្រោះ​ក្រុម​លោក​ធ្លាប់​លេង​លើ​ទីលាន​សិប្បនិម្មិត​នេះ ហើយ​ស្រុក​លោក​ក៏មាន​អាកាសធាតុ​ប្រហាក់ប្រហែល​កម្ពុជា​។ សម្រាប់​លោក Abdul ការបរាជ័យ​របស់​ណា​ហ្គា​វើ​ល​ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​មិន​ពាក់ព័ន្ធ​នឹង​ការប្រកួត​នៅថ្ងៃនេះ​ទេ ពោលគឺ​វា​ជាការ​ប្រកួត​ពីរ​ផ្សេងគ្នា​។ ហើយ​លោក​ក៏​មិន​ខ្វាយខ្វល់​នឹង​លទ្ធផល​មក​របស់​ណាហ្គា​កន្លងមក​ដែរ​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ណាហ្គា​វើ​ល​ជា​ក្រុម​ខ្លាំង​នៅក្នុង​ទឹកដី​។ 
 
​មិន​ខុសគ្នា​ពី​គ្រូបង្វឹក​នោះទេ កីឡាករ Syazwan Buhari ក៏បាន​ចាត់ទុក​ណាហ្គា​វើ​ល​ជា​ក្រុម​ខ្លាំង​ក្នុង​ដី​ដូចគ្នា​។ ការចាត់ទុក​បែបនេះ បន្ទាប់ពី​ណាហ្គា​វើ​ល​បាន​យកឈ្នះ Yangon United របស់​មី​យ៉ាន​ម៉ា ២-១ ពេល​ពួកគេ​ធ្វើ​ម្ចាស់ផ្ទះ​កាលពី​ពេ​ថ្មីៗ​។ កីឡាករ​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា​ណាហ្គា​វើ​ល​ជា​ក្រុម​ខ្លាំង​ពេល​លេង​ក្នុង​ដី ទោះបី​ពួកគេ​ចាញ់ Hanoi តែ​ពេល​លេង​ក្នុង​ដី​ជាមួយ Yagon United ពួកគេ​ឈ្នះ​។ ដូច្នេះ​ការប្រកួត​ថ្ងៃនេះ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង ហើយ​ពួកយើង ក៏បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​មួយ​នេះដែរ​»​។ 
 
​បើ​មើល​ប្រវត្តិ​ប្រកួត​ក្នុង​ពូ​ល F កន្លងមក​ក្រុម​ណាហ្គា​វើ​ល​បាន​ចាញ់​ក្រុម Hanoi FC ក្នុង​លទ្ធផល ១០-០ និង​ឈ្នះ Yangon United ២-១ ខណៈ​ក្រុម Tampines Rovers យកឈ្នះ​ក្រុម Yangon United ៣-១ និង​បញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ Hanoi FC​។ បច្ចុប្បន្ន Tampines Rovers ឈរ​លេខ​រៀង​ទី​២​មាន​៤​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​ឈរ​លេខ​៣​មាន​៣​ពិន្ទុ​។ 
 
​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ភ្ញៀវ Tampines Rovers សម្រាប់​ជំនួប​វគ្គ​ជម្រុះ​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup 2019 នៅ​ម៉ោង​៥​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕      

Tag:
 AFC Cup 2019
  Tampines Rovers
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com