ជាតិ
សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
សហគ្រិន​ស្ត្រី នឹង​ទទួលបាន​កញ្ចប់​ហិរញ្ញវត្ថុ​ពិសេស​ពី​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា​
03, Apr 2019 , 9:30 am        
រូបភាព
​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បានដាក់​ឲ្យ​ដំណើរការ​គម្រោង​មួយ​ដែលមាន​ឈ្មោះថា គំនិត​ផ្ដួចផ្ដើម​សម្រាប់​ស្ត្រី (Women Initiative) ដើម្បី​ជួយ​លើកកម្ពស់​សហគ្រិន​ស្ត្រី​តាមរយៈ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ផ្សេងៗ​ទៀត ក្នុង​ការជួយ​ជំរុញ​ឲ្យ​មុខ​ជំនួញ​របស់​ស្ត្រី​កម្ពុជា​កាន់តែ​រីកចម្រើន​។​
 
​លោកស្រី មាស គ​ន្ធា នាយិកា​គ្រប់គ្រង​បណ្ដាញ​សាខា​ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល​នៃ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បាន​លើកឡើងថា សហគ្រិន​ស្ត្រី​មាន​ប្រមាណ ៦២​ភាគរយ​នៃ​អាជីវកម្ម​សរុប​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ដើរតួរ​នាទី​ចម្បង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ខណៈ​បច្ចុប្បន្ននេះ ពុំទាន់​មាន​ធនាគារ​ណាមួយ​បានគិត​គូរ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​តម្រូវការ​ជាក់លាក់​ដល់​ស្ត្រី​នៅឡើយ​។ ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា មាន​មហិច្ឆតា​ចង់​ក្លាយជា​ធនាគារ​ជម្រើស​សម្រាប់​ស្ត្រី នៅ​កម្ពុជា​។​


 
​លោក​ស្ត្រី​បាន​មានប្រសាសន៍​បន្តទៀតថា​៖«​កម្មវិធី Women Initiative ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ ជាពិសេស​ស្ត្រី​ជា​សហគ្រិន​។ គម្រោង​ថ្មី​នេះ​នឹង​ផ្តល់​ដល់​សហគ្រិន​ស្ត្រី​នូវ​ចំណុច​សំខាន់​៤ ដូចជា លទ្ធភាព​ទទួលបាន​ព័ត៌មាន​ផ្សេងៗ​, លទ្ធភាព​ទទួល​បានកា​រ​បណ្ដុះបណ្ដាល​, លទ្ធភាព​ចូលរួម​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​, និង លទ្ធភាព​ទទួលបាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​»​។ 
 
​លោកស្រី​បាន​បន្ថែមថា កម្មវិធី Women Initiative ផ្តោត​សំខាន់​លើ​សសរស្តម្ភ​ចម្បង​ចំនួន ៤ គឺ​ទី​១ ផ្តល់ព័ត៌មាន តាមរយៈ​វីដេអូ​ក្លី​ប «​តើ​ត្រូវធ្វើ​ដូចម្តេច​» ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​វាគ្មិន លើ​ប្រធានបទ​នានា ដែល​ទាក់ទង​នឹង​អាជីវកម្ម ហើយនឹង​ត្រូវ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Grow your business នាពេល​ឆាប់ៗ​នេះ​។ ទី​២ ការផ្តល់អំណាច ដល់​ស្ត្រី​តាមរយៈ​ការបង្កើត​សាលា​បណ្តុះបណ្ដាល​មួយ​ដែល​ផ្តល់​កម្មវិធីសិក្សា​ពិសេស​ដល់​ស្ត្រី លើ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​ជា​ចម្បង ហើយ​ថ្នាក់រៀន​នឹង​បើក​នា​ខែឧសភា​។ ទី​៣ ការ​បំផុសគំនិត​ធនាគារ ប្រេដ ប៊ែ​ង​ខេ​ម​បូ​ឌា នឹង​រៀបចំ​ពានរង្វាន់​អាជីវកម្ម​ជា​លើកដំបូង​របស់ខ្លួន ក្នុងការ​ទទួលស្គាល់​ស្ត្រី​ពូកែ​ក្នុង​អាជីវកម្ម រួមទាំង​ផ្តល់់រ​ង្វាន់​ផងដែរ​។ ទី​៤ ការ​គា​ទ្រ ផ្នែក​ហិរញ្ញវត្ថុ ការផ្តល់សេវា​មិនមែន​ហិរញ្ញ​វ​ត្តុ​នេះ​នឹង​ភ្ជាប់​ជាមួយនឹង​សេវា​ហិរញ្ញ​វ​ត្តុ​របស់​យើង​។ ត្រង់ចំនុច​នេះ​អ្នកស្រី​បាន​ពន្យល់ថា​៖«​ស្ត្រី​ជា​សហគ្រិន​ដែល​ស្នើសុំ​កម្ចី​របស់​យើង យើង​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ឈប់​សង​កម្ចី​របស់គាត់ ក្នុងកំឡុងពេល​មានគភ៌ ៣ ខែ​។ ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ​មានលទ្ធភាព​ទទួលបាន​កម្ចី​សង្គ្រោះបន្ទាន់ ក្នុងករណី​ពួកគេ​ជួប​បញ្ហា​គ្រួសារ​ឥត​ព្រាងទុក​»​។​


 
​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​កោត​ស​សើ​រធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ដែល​បាន​ដាក់ចេញ​នូវ​គម្រោង​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ស្ត្រី មិន​ត្រឹមតែ​ជួយ​ដល់​ផ្នែក​ឯកជន ជាពិសេស​សហគ្រិន​ស្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បានប្រែក្លាយ​គោលបំណង​អភិវឌ្ឍ​មួយចំនួន​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៤​នេះ​ទៀតផង​។ ការបង្កើត​ឱកាស​អំណោយផល និង​បរិ​យា​ការអនុគ្រោះ ដែល​ពង្រឹង និង​លើកកម្ពស់​សកម្មភាព​ស​ហ​គ្រិន​អាចជួយ​ឲ្យ​សេដ្ឋកិច្ចជាតិ​ចំណេញ​បាន​២៥​ពាន់​លាន​ដុល្លារ ដូច្នេះ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា កំពុង​ដើរ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ផ្នែក​សហគ្រាស​ធុន​តូច​និង​មធ្យម​។ 
 
​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា​៖«​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា នឹង​លេច​ឡើងជា​គំរូ និង​ក្តីសង្ឃឹម​សម្រាប់​ផ្នែក​ឯកជន​ក្នុង​ការបង្កើន​ប្តេជ្ញាចិត្ត និង​ការទទួលខុសត្រូវ ក្នុងនាម​ក្រសួង​កិច្ចការនារី សូម​ជូនពរ​ឲ្យ​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា ទទួលបាន​ជោគជ័យ និង​សូម​កោត​ស​សើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ធនា​គារ​នេះ​»​។​
 
​ធនាគារ ប្រេដ ប៊ែ​ង ខេ​ម​បូ​ឌា បានរៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ពី​គម្រោង Women Initiative កាលពី​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៩ នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ដែលមាន​ការចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល និង​សហគ្រិន​ជា​ស្ត្រី​ប្រមាណ​១០០​នាក់​៕








 

© រក្សាសិទ្ធិដោយ thmeythmey.com