ជាតិ
USAID ផ្ដល់​ថវិកា​២១​លាន​ដុល្លារ សម្រាប់​សកម្មភាព​ការពារ​ព្រៃ​ឡង់
03, Apr 2019 , 6:19 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ ទីភ្នាក់ងារ​អាមេរិក​ស​ម្រា​ប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ផ្ដល់​ថវិកា​២១​លាន​ដុល្លារ ដើម្បី​ជួយ​ពង្រឹង​សកម្មភាព​គ្រប់គ្រង​ធនធាន​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើ​ឡើង ក្នុង​ពិធី​ប្រកាស​ការចាប់ផ្ដើម​គម្រោង​ព្រៃ​ឡង​បៃតង នៅ​ថ្ងៃទី​៣​មេ​លា ឆ្នាំ​២០១៩ ។ នេះ​បើតាម​ក្រសួង​ព័ត៌មាន​។

 
​លោកស្រី វី​ណា រ៉េត​ឌី នាយិកា​បេសកម្ម​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​និយាយថា ការគាំទ្រ​នេះ ដើម្បី​អភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌ និង​ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជនបទ​បាន​ប្រសើរ រួមទាំង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ 
 
​ក្រសួង​ព័ត៌មាន​ដែល​បាន​ស្រង់​សម្ដី​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​និយាយថា ការគាំទ្រ​នេះ គឺ​ផ្ដោត​សំខាន់​លើ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការគ្រប់គ្រង​ប្រកបដោយ​និរន្ត​ភាព​នៃ​តំបន់​ទេសភាព​ព្រៃ​ឡង់ ជា​ដែនជម្រកសត្វព្រៃ រួមទាំង​តំបន់​ដែល​នៅ​ជំវិញ​ព្រៃ​ឡង់ តាមរយៈ​ការពង្រឹង​សមត្ថភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​។ ការពង្រឹង​សមត្ថភាព​ក្នុង​កិច្ចការពារ​នេះ ក្រោម​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ប្រជា​សហគម​មូលដ្ឋាន​។  
 
​បើតាម​លោក សៅ សុភាព គម្រោង​ព្រៃ​ឡង​បៃតង​នេះ គឺជា​គម្រោង​ដំណាក់កាល​ទី​២ អនុវត្ត​រហូតដល់​ឆ្នាំ​២០២៣ ដើម្បី​អភិរក្ស​ជីវចម្រុះ និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​បង្កើត​ឲ្យ​មាន​និរន្តរភាព និង​សមធម៌​នៃ​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច ជីវភាព​សហគមន៍ និង​ទុន​ធម្មជាតិ សម្រាប់​ការវិនិយោគ​ឡើងវិញ​។​
 
​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងបរិស្ថាន និង​USAID បាន​អនុវត្ត​គម្រោង​ដំណាក់​ការ​ទី​១​រួចមកហើយ គឺ​ការគាំទ្រ​ធនធាន​ព្រៃឈើ និង​ជីវចម្រុះ នៅ​តំប់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ និង​ខ្ពង់រាប​ខាងកើត ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ឆ្នាំ​២០១២-២០១៧ ក្រោម​ជំនួយ​គាំទ្រ​ជា​ថវិកា​សរុប​ប្រមាណ​២០​លាន​ដុល្លារ​។​
 
​តំបន់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ មាន​ផ្ទៃដី​ទំហំ​ជាង​៤៣​ម៉ឺន​ហិកតា ដែល​គ្របដណ្តប់​លើ​ខេត្ត​ទាំង​៤​របស់​កម្ពុជា មាន​ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្តក្រចេះ​។ តំបន់​នេះ សម្បូរ​ទៅដោយ​ធនធាន​ជីវចម្រុះ និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​ទឹក និង​ច្រោះ​សម្អាត​ទឹក​ហូរ​ទៅកាន់​អាង​ទន្លេសាប និង​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ផ្តល់នូវ​សន្តិសុខ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​រាប់លាន​នាក់​៕
 

Tag:
 ព្រៃ​ឡង់​
  USAID
© រក្សាសិទ្ធិដោយ thmeythmey.com